ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាម៉េរិក ជឿជាក់យ៉ាងមុតមាំថា លោក ជេនសេន ហ៊ង នាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានក្លាយជាគោលដៅវាយប្រហារផ្នែកចារកម្មពីសំណាក់ដៃគូជំនួញដ៏ជិតស្និទ្ធម្នាក់។ ស្ត្រីសង្ស័យដែលបានកំណត់អត្តសញ្ញាណនោះមានឈ្មោះ អាលីស ហ៊ង ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យ Mega speed មានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
ប្រភពពីកាសែត The New York Times បានលាតត្រដាងថា ស្ត្រីពាណិជ្ជកររូបនេះធ្លាប់ស្ថិតក្នុងបញ្ជីខ្មៅនៃការតាមដានរបស់អាជ្ញាធរអាម៉េរិករួចទៅហើយជុំវិញការសង្ស័យពីបទរត់ពន្ធបន្ទះឈីបជឿនលឿនរបស់ Nvidia ចូលទៅកាន់ប្រទេសចិន។ មន្ត្រីស៊ើបការណ៍សម្ងាត់អាម៉េរិកបានសន្និដ្ឋានថា លោកស្រី អាលីស ហ៊ង មិនមែនជាពាណិជ្ជករធម្មតានោះទេ ប៉ុន្តែគឺជាភ្នាក់ងារចារកម្មសម្ងាត់ឱ្យទីក្រុងប៉េកាំង ដែលមានបេសកកម្មលួចយកព័ត៌មានបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងពាណិជ្ជកម្មបញ្ជូនទៅឱ្យរដ្ឋាភិបាលចិន។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺក្នុងអំឡុងពេលប្រកៀកស្មាធ្វើអាជីវកម្មជាមួយក្រុមហ៊ុន Nvidia លោកស្រី អាលីស ហ៊ង បានព្យាយាមបង្កើតទំនាក់ទំនងជិតស្និទ្ធខុសពីធម្មតាជាមួយលោក ជេនសេន ហ៊ង ដែលជាមេនៃអាណាចក្របន្ទះឈីប AI ដ៏មានឥទ្ធិពលបំផុតលើពិភពលោក ដើម្បីស្វែងរកផ្លូវចូលទៅកៀក និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាស្នូលរបស់អាម៉េរិក។
ទោះជាយ៉ាងណា ឆ្លើយតបនឹងការចោទប្រកាន់នេះ ក្រុមហ៊ុន Nvidia បានចេញមុខបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ផ្ញើទៅកាន់កាសែត The New York Times ថា គ្មានអ្វីខុសប្លែក ឬគួរឱ្យសង្ស័យនៅក្នុងទំនាក់ទំនងរវាងនាយកប្រតិបត្តិរបស់ខ្លួន និងស្ត្រីពាណិជ្ជកររូបនោះឡើយ។ អ្នកនាំពាក្យក្រុមហ៊ុន Nvidia បានអះអាងថា ការជួបពិភាក្សាជាមួយអតិថិជន គឺជាកាតព្វកិច្ចធម្មតារបស់នាយកប្រតិបត្តិ។ ក្នុងមួយឆ្នាំៗ លោក ជេនសេន ហ៊ង បានជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនអតិថិជនរាប់ពាន់នាក់ ហើយក្រុមហ៊ុន Mega speed គ្រាន់តែជាអតិថិជនម្នាក់ក្នុងចំណោមនោះតែប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ