នេះបើយោងតាមរបាយការណ៍ពីគណៈកម្មការវិនិយោគតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃ CDC ដែលបានផ្តល់ឲ្យ គេហទំព័រ ខេមបូណូមីស។
របាយការណ៍ដដែលបានបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៥ រហូតមកដល់ខែមករា ឆ្នាំ២០១៧នេះ កម្ពុជាទទួលបានរោងចក្រសហគ្រាសចំនួន ២៨០ រោងចក្រ ដែលបានបោះទីតាំងប្រតិបត្តិការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤ ហើយភាគច្រើនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តព្រះសីហនុ។
ហើយជាបន្តបន្ទាប់ មាននៅក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនកម្ពុជា-វៀតណាម និងខេត្តកោះកុង តំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ស្ថិតនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ។
បច្ចុប្បន្ន មានតែតំបន់សេដ្ឋកិច្ចពិសេស ១៤ប៉ុណ្ណោះ ដែលបាននិងកំពុងប្រតិបត្តិការអភិវឌ្ឍន៍ និងមានសកម្មភាពអាជីវកម្មខ្លាំងក្លា ដែលសរុបជាទឹកប្រាក់នៃការបោះទុនវិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសទាំង១៤នេះ មានទឹកប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក និង បានបង្កើតការងារដល់ប្រជាជនចំនួនជាង ៨ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍ពី CDC។
តើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបានផ្តល់ផលប្រយោជន៍អ្វីខ្លះ?
ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺជាទីតាំងវិនិយោគដែលបង្កើតឡើងសម្រាប់ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ដែលជាទូទៅ រដ្ឋាភិបាលបានផ្តល់លក្ខខណ្ឌលើកទឹកចិត្តផ្សេងៗ ដូចជា ការអនុគ្រោះពន្ធ ការបម្រើជូនសេវាច្រកចេញចូលតែមួយ ការសម្រួលបែបបទនាំចេញ នាំចូលទំនិញ ការសម្រួលបែបបទរដ្ឋបាលនានា និងលក្ខខណ្ឌផ្សេងៗទៀតជាច្រើន ដើម្បីជំរុញសកម្មភាពវិនិយោគ។
លោកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group និងជាម្ចាស់គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស Kerry World Bridge មានប្រសាសន៍ថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺចាំបាច់ណាស់ដើម្បីក្លាយខ្លួនជាតួអង្គដ៏សំខាន់ក្នុងតំបន់ សម្រាប់តភ្ជាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាក្នុងក្របខ័ណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកឧកញ៉ាបន្ថែមថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស នឹងជួយជំរុញការពង្រីកការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់កាន់តែមានភាពមមាញឹកនិងទាក់ទាញខ្លាំងសម្រាប់ការវិនិយោគ។
តំបន់សេដ្ឋកិច្ចពិសេស Kerry World Bridge គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក World Bridge International និង ក្រុមហ៊ុន Kerry Logistics ដែលជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំនៅអាស៊ី ដែលបានបោះទុនវិនិយោគ ១០០លានដុល្លារ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ២ ចម្ងាយ២គីឡូម៉ែត្រពីស្ពានព្រែកហូរ ក្រុងតាខ្មៅ។
លោកឧកញ៉ា សៀ ឫទ្ធី បញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស Kerry World Bridge នឹងផ្តល់ការងារជូនពលរដ្ឋកម្ពុជាប្រមាណជិត ៣ម៉ឺននាក់ ហើយទាក់ទាញវិនិយោគិនបរទេសឲ្យចូលមកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះដោយផ្ទាល់ ដែលមានសាច់ប្រាក់មិនតិចជាង៣០០លានដុល្លារអាមេរិកឡើយ៕