សេដ្ឋកិច្ច​កម្ពុជា

ក្រុមហ៊ុន​​«​គ្រាក់ៗ​»​ទាំង​១០​ដែល​​ក្ដោបក្ដាប់​​សេដ្ឋកិច្ច​កម្ពុជា (ភាគ១)


សេដ្ឋកិច្ច​កម្ពុជា​បាន​ងើប​ឡើង​ដោយ​វិវឌ្ឍ​ខ្លួន​បន្តិច​ម្ដងៗ ពី​កម្រិត​ក្រោម​សូន្យ​នៅ​ក្រោយ​សង្គ្រាម​រ៉ាំរ៉ៃ​ជា​ច្រើន​ទសវត្សរ៍ ត្រឡប់​មក​រក​សន្តិភាព​និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ទីផ្សារ​សេរី។ គិត​រហូត​មក​ទល់​បច្ចុប្បន្ន មានក្រុមហ៊ុន​ជា​ច្រើន​បាន​រីក​ដុះដាល​កាន់​តែ​ច្រើន​ឡើងៗ ទាំង​ក្រុមហ៊ុន​ក្នុង​ស្រុក​និង​ក្រៅស្រុក។
ក្រុមហ៊ុន​«គ្រាក់ៗ»​ដែល​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​កម្ពុជា
ដោយ

ដ្បិត​តែ​ឱកាស​សម្រាប់​ចាប់​ផ្ដើម​មាន​ដូចគ្នា ប៉ុន្ដែ កម្រិត​នៃ​ការ​លូតលាស់​និង​សក្ដានុពល​របស់​ក្រុមហ៊ុន​នីមួយៗ គឺ​មាន​មិន​ដូច​គ្នា​នោះ​ទេ។ ខេមបូណូមីស សូម​លើក​យក​ក្រុមហ៊ុន​ក្នុង​ស្រុក​ធំៗ​ចំនួន​១០ ដែល​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ហើយ​នេះ​ក៏​មិន​មែន​ជា​ការ​វាយ​តម្លៃ ឬ​ឲ្យ​ចំណាត់​ថ្នាក់​ផ្លូវ​ការ​នោះ​ទេ ប៉ុន្ដែ វា​គ្រាន់​តែ​ជា​ការ​កត់​សម្គាល់​របស់ ខេមបូណូមីស ប៉ុណ្ណោះ។ 

ក្រុមហ៊ុន​ទាំង​នោះ រួមមាន​ដូច​ខាង​ក្រោម៖

១. ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group)

ចំពោះ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អាច​និយាយ​បាន​ថា គឺ​ជា​ម្ចាស់​អាណាចក្រ​នៃ​វិស័យ​ជំនួញ​នៅ​កម្ពុជា ខណៈ​ដែល​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​នេះ គឺ​ជា​បណ្ដុំ​នូវ​ការ​វិនិយោគ​ធំៗ​រវាង​ក្រុមហ៊ុន​ជា​ដៃគូ​ជា​ច្រើន​មក​ពី​បរទេស។ 

អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា។

មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​មួយ​នេះ​មាន​វិសាល​ភាព​គ្រប​ដណ្ដប់​លើ​វិស័យ​សំខាន់ៗ​ជា​ច្រើន​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​​ថា គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ការ​វិនិយោគ​ច្រើន​មុខ​ជំនួញ​ជាង​គេ​នៅ​កម្ពុជា តួយ៉ាង ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​លើ​វិស័យ​ទូរគមនាគមន៍ ការ​ដឹក​ជញ្ជូន ថាមពល ប្រព័ន្ធ​ផ្សព្វផ្សាយ ធនាគារ​និង​ហិរញ្ញវត្ថុ ធានា​រ៉ាប់រង សណ្ឋាគារ និង​រមណីយ​ដ្ឋាន ការ​អប់រំ អភិវឌ្ឍន៍​អចលន​ទ្រព្យ ការជួញ​ដូរ​ទំនិញ និង​កសិកម្ម​ជា​ដើម។ 

គួរ​រំលេច​ថា ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​បានគេ​​ដឹង​ថា មាន​ការ​គ្រប់គ្រង​ដោយ​មហា​សេដ្ឋី​ល្បី​ឈ្មោះ និង​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ក្នុង​សមរភូមិ​មុខ​ជំនួញ គឺ​អ្នក​ឧកញ៉ា គិត ម៉េង ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ផង និង​ជា​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា ផង។

ខាង​ក្រោម​នេះ​ជា​ឈ្មោះ​ក្រុមហ៊ុន ដែល​ស្ថិត​ក្រោម​​ក្រុមហ៊ុន​មេ រ៉ូយ៉ាល់ គ្រុប៖

បញ្ជី​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ រ៉ូយ៉ាល់ គ្រុប​ យោងតាម​គេហ​ទំព័រ​ផ្លូវ​ការរបស់​ក្រុមហ៊ុន។

២. ធនាគារ កាណាឌីយ៉ា និង​ក្រុមហ៊ុន​វិនិយោគទុន​អាណិក​ជន​កម្ពុជា (OCIC)

ធនាគារ​កាណាឌីយ៉ា និង​ក្រុមហ៊ុន OCIC គឺ​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដែល​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​សកម្ម​លើ​ការ​វិនិយោគ​គម្រោង​ជា​ច្រើន ដោយ​មាន​អ្នក​ឧកញ៉ា ពុង ឃាវសែ ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល និង​ជា​អគ្គនាយក​គ្រប់គ្រង។ 

OCIC អាច​និយាយ​បាន​ថា គឺ​ជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​មួយ ដែល​បាន​និង​កំពុង​វិនិយោគ​លើ​គម្រោង​អចលន​ទ្រព្យ​ធំៗ​ជា​ច្រើន​នៅ​កម្ពុជា ហើយ​ក្រោម​ការ​គ្រប់គ្រង​របស់​តារា​ជំនួញ​អាត់កឺ ពុង ឃាវសែ ក្រុមហ៊ុន​នេះ បាន​វិនិយោគ​លើ​ការ​សាងសង់​បង្កើត​ទីក្រុង​រណប​ធំៗ​ចំនួន​២ គឺ​ទីក្រុង​រណប​កោះ​ពេជ្រ និង​ទីក្រុង​រណប​ជ្រោយ​ចង្វារ ដែល​គម្រោង​នីមួយៗ​មាន​ការ​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ។ 

អ្នក​ឧកញ៉ា ពុង ឃាវសែ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល និង​ជា​អគ្គនាយក​គ្រប់គ្រង​ធនាគារ​កាណាឌីយ៉ា។

ក្រៅ​ពី​ទី​ក្រុង​រណប ក្រុមហ៊ុន​នេះ​ក៏​មាន​វិនិយោគ​លើ​គម្រោង​លំនៅឋាន​និង​អគារ​ពាណិជ្ជ​កម្ម​ជា​ច្រើន​កន្លែង​ផង​ដែរ ដូចជា បុរី​ទន្លេ​បាសាក់ បុរី​ចម្ការមន បុរី​វីរជន សាន់វ៉េ ស៊ីធី គម្រោង​អូឡាំព្យា ស៊ីធី ផ្សារ​ទំនើប រតនាផ្លាហ្សា សូរិយា សុវណ្ណា អគារ​ខុនដូរ សណ្ឋាគារ ហើយ​ថ្មីៗ​នេះ​ក៏​កំពុង​សាង​សង់​លើ​គម្រោង​បុរី​សង្ឃឹម​ថ្មី (New Hope) ដែល​ជា​លំនៅដ្ឋាន​សម្រាប់​អ្នក​ចំណូល​ទាប​-មធ្យម និង​បាន​សាងសង់​បុរី​លំនៅ​ឋាន​នៅ​តាមបណ្ដា​ខេត្ត​ជា​ច្រើន​ទៀត​ផង​ដែរ ។ល។

ងាក​មក​ជំនួញ​ធនាគារ​និង​ហិរញ្ញ​វត្ថុ​​វិញ លោក​អ្នក​ប្រហែល​ស្គាល់​ច្បាស់​ហើយ​ពី​កេរ្តិ៍​ឈ្មោះ​ដ៏​ល្បី​របស់​ធនាគារ​កាណាឌីយ៉ា ដែល​មាន​សាខា​រាប់​សិប​កន្លែង​នៅ​ទូទាំង​ប្រទេស និង​១​សាខា​នៅ​ប្រទេស​ឡាវ។ លើស​ពី​នេះ ក្រោម​សហវិនិយោគ​ជាមួយ​នឹង​ដៃគូ​ពី​ក្រៅ​ប្រទេស ធនាគារ​កាណាឌីយ៉ា ក៏​មាន​បង្កើត​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណភូមិ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង កម្ពុជា​-វៀតណាម ផង​ដែរ។ 

មិន​តែ​ប៉ុណ្ណោះ ក្រោម​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​របស់​កាណាឌីយ៉ា ក៏​មាន​ការវិនិយោគ​លើ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ដែល​មាន​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ ផ្សារ និង​ឃ្លាំង​ស្ដុក​ទំនិញ​ជា​ច្រើន​ផ្សេង​ទៀត។ល។

៣. ក្រុមហ៊ុន ជីបម៉ុង គ្រុប (Chip Mong Group)

ក្រុមហ៊ុន​ជីបម៉ុង គ្រុប នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​និង​កំពុង​ពង្រីក​វិសាល​ភាព​របស់​ខ្លួន​កាន់​តែ​ធំ​ឡើងៗ ខណៈ​ថ្មីៗ​នេះ ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​នេះ​បាន​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​លើ​ការ​សាងសង់​គម្រោង​លំនៅ​ឋាន​លំដាប់​ខ្ពស់​ជា​ច្រើន​កន្លែង។ 

លោក​ជំទាវ ឧកញ៉ា ភាព ហៀក (រូប​ទីពីរ រាប់​ពីខាងឆ្វេង) ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ ក្រុមហ៊ុន ជីបម៉ុង គ្រុប ចូល​ក្រាបបង្គំ​គាល់ព្រះករុណា​ព្រះ​មហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។ (រូបភាព៖ Fresh News)

ថ្មីៗ​នេះ​ផង​ដែរ ក្រុមហ៊ុន​ ជីបម៉ុង ក៏​បាន​បង្កើត​រោងចក្រ​ដ៏​ធំ​ចំនួន​ពីរ​ទៀត សម្រាប់​ការ​ផលិត​ចំណី​សត្វ និង​ស៊ីម៉ងត៍។ ក្រៅពី​ការ​វិនិយោគ​លើ​គម្រោង​ថ្មី​នេះ ជីបម៉ុង ក៏​មាន​មុខ​ជំនួញ​ជា​ច្រើន​ទៀត ដូចជា រោងចក្រ​ផលិត​ស្រាបៀរ​កម្ពុជា និង​ភេសជ្ជៈ​ជា​ច្រើន​មុខ នាំ​ចូល​ផលិត​ផល​គ្រឿង​សំណង់ គ្រឿង​សម្រាប់​តុបតែង​លំនៅ​ដ្ឋាន និង​នាំ​ចូល​ផលិតផល​ចំណី​អាហារ​ច្រើន​ទៀត​ផង​ដែរ។ 

ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​លើ​វិថី​ជំនួញ​មួយ​នេះ ត្រូវ​បាន​គេ​ដឹង​ថា មាន​ការ​គ្រប់គ្រង​ផ្ទាល់​ពី​សំណាក់​លោក​ជំទាវ​ ឧកញ៉ា ភាព ហៀក ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន និង​ដោយ​មាន​ជំនួយ​ការងារ​ពី​កូនប្រុស​ដ៏​ល្បី​ឈ្មោះ​ទាំង​ពីរ​របស់​លោក​ជំទាវ គឺ​លោក​ឧកញ៉ា លាង ម៉េង និង​លោក​ឧកញ៉ា លាង ឃុន។ 

៤. ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ (Attwood Import Export)

ក្រោមការ​ដឹកនាំ​របស់​លោក​ជំទាវ ឧកញ៉ា លឹម ឈីវហូ តាំង​ពី​ទសវត្សរ៍​ទី​៩០​មក ក្រុមហ៊ុន អ៊ែតវូត បាន​បន្ត​នូវ​កិត្យានុភាព និង​បាន​កសាង​អាណាចក្រ​អាជីវកម្ម​របស់​ខ្លួន​មិន​ចាញ់​ក្រុមហ៊ុន​ក្នុង​ស្រុក​គ្រាក់ៗ​ដទៃ​ទៀត​នោះ​ឡើយ។ 

ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់ តាមរយៈ​ការ​រក​ស៊ី​នាំ​ចូល​នូវ​ផលិតផល​ស្រា​ម៉ាក​ល្បីៗ ដែល​មាន​តម្លៃ​ខ្ពស់​មក​លក់​នៅ​កម្ពុជា ដូចជា Johnnie Walker, Hennessy, Kickapoo Joy Juice និង Corona ជាដើម។

លោក​ជំទាវ ឧកញ៉ា លឹម ឈីវហូ ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អ៊ែតវូត។

ក្រៅពី​នេះ ក្រុមហ៊ុន​ អ៊ែតវូត ក៏មាន​វិនិយោគ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​ច្រើន​កន្លែង តួយ៉ាង​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ប៉ោយប៉ែត ដែល​បាន​និង​កំពុង​ផ្ដល់​នូវ​ឱកាស​វិនិយោគ ក៏ដូចជា​ការបង្កើត​ការងារ​ជា​ច្រើន​សម្រាប់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ។ 

មិន​តែ​ប៉ុណ្ណោះ ថ្មីៗ​នេះ ក្រុមហ៊ុន​មួយ​នេះ​ក៏​បាន​វិនិយោគ​សាងសង់​សាលារៀន​អន្តរជាតិ​ដ៏​ធំ​មួយ​ទៀត និង​គ្រោង​វិនិយោគ​សាងសង់​មជ្ឈ​មណ្ឌល​សម្រាប់​ទទួលមនុស្ស​ចាស់​ជរា​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ផង​ដែរ។ សូម​បញ្ជាក់​ថា ក្រៅ​ពី​ឈរ​ជើង​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ក្រុមហ៊ុន អ៊ែត​វូត ក៏​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ប្រទេស​ឡាវ​ផង​ដែរ។

៥. ក្រុមហ៊ុន អិល​.វ៉ាយ​.ភី គ្រុប (L.Y.P Group)

L.Y.P Group ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​មេ​ដ៏​ធំ​មួយ ដែល​មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​មិន​តិច​ជាង​១០​នោះ​ទេ។ ក្រុមហ៊ុន​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​អំឡុង​ទសវត្សរ៍​ទី​៩០ ដោយ​មាន​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ជា​ស្ថាបនិក និង​ត្រូវ​បាន​មហាជន​ឲ្យ​រហ័ស​នាម​ថា ជា​«ស្តេច​កោះកុង» ព្រោះ​គាត់​មាន​ដើម​កំណើត និង​បាន​កសាង​អាជីវកម្ម​ឡើង​ចេញ​ពី​ខេត្ត​ជាប់​ទល់ដែន​ថៃ​មួយ​នេះ និង​បាន​ចាក់​ឫស​យ៉ាង​រឹង​មាំ និង​ពង្រីក​ខ្លួន​ជា​បន្ត​បន្ទាប់។

អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុម​ប្រឹក្សាភិបាល ក្រុមហ៊ុន LYP Group។

មុខ​ជំនួញ ក្រោម​កិត្តនាម​ក្រុមហ៊ុន អិល.វ៉ាយ.គ្រុប មាន​គ្រប់​ដណ្ដប់​លើ​វិស័យ​ជា​ច្រើន​នៅ​កម្ពុជា ដូចជា សណ្ឋាគារ និង​កម្សាន្ដ ក្រុមហ៊ុន​នេះ​មាន​កាន់កាប់​រហូត​ដល់​៦​កន្លែង​ក្នុង​នោះ៖

  1. រមណីយដ្ឋាន​កោះកុង ដែល​ជា​សណ្ឋាគារ​ផ្កាយ ៥ និង​កាស៊ីណូ ស្ថិត​នៅ​លើ​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ ក្បែរ​ច្រក​ព្រំដែន​អន្តរ​ជាតិ ចាំយាម។
  2. សណ្ឋាគារ​ភ្នំពេញ លំដាប់​ផ្កាយ​៤ ស្ថិត​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។ 
  3. សណ្ឋាគារ និង​កាស៊ីណូ អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា ជាប់​នឹង​ព្រំដែន​ថៃ។ 
  4. សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel) នៅ​ភ្នំពញ ចន្លោះ​ផ្លូវ​ជាតិ​លេខ​៥ និង​លេខ​៦។
  5. ក្លិប​វាយ​កូន​ហ្គោល ហ្គាឌិន ស៊ីធី ដែល​ស្ថិត​នៅ​ក្បែរ​គ្នា​នឹង​សណ្ឋាគារ ហ្គាឌិន ស៊ីធី។
  6. សួនសត្វ សាហ្វារី វើល ភ្នំពេញ ដែល​រើ​យក​មក​ពី​ខេត្ត​កោះកុង ដែល​គ្រោង​នឹង​បើក​សម្ពោធ​ឲ្យ​សាធារណ​ជន​ចូល​ទស្សនា​នា​ចុង​ឆ្នាំ​២០១៧​នេះ។

ក្រៅ​ពី​វិស័យ​សណ្ឋាគារ​និង​រមណីយ​ដ្ឋាន ក្រុមហ៊ុន អិល.វ៉ាយ.ភី គ្រុប ក៏​មាន​វិនិយោគ​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេវា​ទឹក​ភ្លើង​សម្រាប់​ផ្គត់ផ្គង់​នៅ​ទូទាំង​ខេត្ត​កោះកុង និង​ខេត្ត​ឧត្តរ​មាន​ជ័យ​ផង​ដែរ។ ជា​មួយ​គ្នានេះ ក្រុមហ៊ុន​នេះ​ក៏​មាន​វិនិយោគ​លើ​វិស័យ​កសិកម្ម​ដែរ តួយ៉ាង រោងចក្រ​ផលិត​ស្ករ​ស ភ្នំពេញ ស៊ូហ្គើរ ត្រូវ​បាន​វិនិយោគ​ក្រោម​ទឹក​ប្រាក់​ប្រមាណ ២០០​លាន​ដុល្លារ​នៅ​ខេត្ត​កំពង់ស្ពឺ និង​មាន​ការ​វិនិយោគ​លើ​ចម្ការ​កៅស៊ូ នៅ​ខេត្ត​ត្បូង​ឃ្មុំ​ផង​ដែរ។ 

ងាក​ទៅ​មើល​វិស័យ​ជួញ​ដូរ​ទំនិញ​វិញ ក្រុមហ៊ុន​នេះ​ក៏​ជា​តំណាង​ចែក​ចាយ​ផ្ដាច់​មុខ​ដ៏​ធំ​នូវ​ផលិត​ផល​ជា​ច្រើន​សម្រាប់​ទីផ្សារ​កម្ពុជា រួម​មាន បារី ភេសជ្ជៈ ជា​ច្រើន​មុខ និង​ការ​នាំចូល​រថយន្ដ​ជាដើម ហើយ​កាល​ពី​ពេល​​ថ្មី​នេះៗ ក្រុមហ៊ុន​មួយ​នេះ​ក៏​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ថៃ វិនិយោគ​លើ​ផ្សារ​លក់​ទំនិញ​បោះដុំ​និង​លក់​រាយ​ដ៏​ធំ​ពី​ប្រទេស​ថៃ Makro ដែល​នឹង​បើក​ដំណើរការ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ 

នៅ​មិន​ទាន់​អស់​នោះ​ទេ ក្រុមហ៊ុន​របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ក៏​មាន​វិនិយោគ​ទីក្រុង​រណប​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​ច្រើន​កន្លែង​ផង​ដែរ ព្រម​ជាមួយ​នឹង​ការ​វិនិយោគ​លើ​ស្ថានីយ​ទូរទស្សន៍​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា គឺ​ស្ថានីយ​ទូរទស្សន៍ PNN ដែល​កំពុង​ឈរ​លំដាប់​នាំមុខ​គេ​មួយ​លើ​ទីផ្សារ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។

ដោយសារ​តែ​ការ​រៀបរាប់​នៅ​មាន​វែង​អន្លាយ​ត​ទៀត ខេមបូណូមីស សូម​​ស្លេះ​ខ្លឹមសារ​ត្រឹម ៥​ក្រុមហ៊ុន​នេះ​សិន ហើយ​យើង​នឹង​បក​ស្រាយ​ក្រុមហ៊ុន​មួយ​ចំនួន​​ទៀត​នៅ​វគ្គ​បន្ត។ ដូច្នេះ សូម​រង់ចាំ​តាមដាន​អាន​ និង​ចែក​រំលែក​ទាំង​អស់​គ្នា...!!!

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចង់​ធ្វើ​ជា​ភ្នាក់ងារ​អចលនទ្រព្យ តើ​អ្នក​ត្រូវ​មាន​លក្ខណសម្បត្តិ​អ្វី​ខ្លះ?

ព័ត៌មាន
បច្ចុប្បន្ន នៅ​កម្ពុជា​ វិស័យ​អចលនទ្រព្យ​និង​សំណង់​រីកចម្រើន​យ៉ាង​លឿន និង​ជា​វិស័យ​ដ៏​សំខាន់​ដែល​ចូលរួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​​​…

ទម្លាប់​១៥​យ៉ាង​របស់​មហា​សេដ្ឋី​ដែល​​អ្នក​​គួរ​តែ​អាន!

ព័ត៌មាន
ជោគជ័យ​មិន​មែន​ប្រើ​រយៈពេលខ្លី​​ដើម្បី​សម្រេច​បាន​នោះ​ទេ។ មហា​សេដ្ឋី​ដែល​ជោគជ័យ​ទាំង​អស់​តែង​តែ​ប្រឹង​ប្រែង និង​ចាប់​ផ្តើម​ពី​​ទម្លាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ