បើយោងតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ប្រព្រឹត្តទៅប្រកបដោយជោគជ័យ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ការណែនាំមួយចំនួន ដល់ភាគីពាក់ព័ន្ធផងដែរ ដោយក្នុងនោះ ក្រសួងទេសចរណ៍ ត្រូវសហការជាមួយនឹងបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរដែនដី បណ្តាអង្គការជាតិអន្តរជាតិ សមាគម ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដែលកំពុងប្រតិបត្តិនៅលើវិស័យទេសចរណ៍រួមគ្នាផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដោយផ្សារភ្ជាប់នឹងយុទ្ធនាការ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្ដៅ» ដោយរំលេចអំពីអត្តសញ្ញាណនៃប្រទេសកម្ពុជាដែលជាគោលដៅទេសចរណ៍ប្រមូលផ្តុំដោយភាពទាក់ទាញទេសចរណ៍ដ៍អស្ចារ្យ និងការទទួលស្វាគមន៍ដ៍កក់ក្តៅ ឈរលើសសរស្តម្ភ សក្តានុពលទាំង ៤ នៃទេសចរណ៍កម្ពុជា រួមមាន បេតិកភណ្ឌវប្បធម៌ អេក្ខរទេសចរណ៍ ទេសចរណ៍ឆ្នេរ និង ភាពជាខ្មែរ ដែលអាចផ្ដល់ជូនភ្ញៀវទេសចរនូវបទពិសោធ និងភាពប្លែកៗគ្នាជារៀងរាល់ថ្ងៃប្រកបដោយក្តីសប្បាយរីករាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
ជាងនេះទៅទៀត ក្រសួងទេសចរណ៍ត្រូវសហការជាមួយនឹងគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជាដើម្បីជំរុញការផ្សព្វផ្សាយ និងការប្រើខ្លឹមសារ និងនិមិត្តសញ្ញាផ្សព្វផ្សាយ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដោយផ្សារភ្ជាប់ជាមួយនឹងនិមិត្តសញ្ញា «ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣» ជាមួយរូបតំណាង «បូរីនិងរំដួល» ព្រមទាំងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឱ្យបានទូលំទូលាយ នៅតាមក្រុមហ៊ុនអាកាសចរណ៍ ច្រកទ្វារអន្តរជាតិ តាមទីតាំងសាធារណៈសំខាន់ៗ មូលដ្ឋានអាជីវកម្មទេសចរណ៍ ស្ថាប័នរដ្ឋ ឯកជន ដៃគ្នពាក់ព័ន្ធនានា ប្រព័ន្ធផ្សព្វផ្សាយក្នុង និងក្រៅប្រទេស និងតាមស្ថានទូតកម្ពុជានៅក្រៅប្រទេស។
ទន្ទឹមនេះ ក្រសួងទេសចរណ៍ ត្រូវសហការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍រាជធានី ខេត្ត និងវិស័យឯកជន ដើម្បីរៀបចំបង្កើតឱ្យមានជាព្រឹត្តិការណ៍កម្រិតអន្តរជាតិ ជាតិ និងកម្រិតមូលដ្ឋាន ស្របតាមចក្ខុវិស័យ «មួយខែ យ៉ាងតិចមួយព្រឹត្តិការណ៍» និង «មួយរាជធានី ខេត្តក្រុង យ៉ាងតិចមួយព្រឹត្តិការណ៍»។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ត្រូវសហការជាមួយនឹងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីខិតខំជំរុញបង្កើនភាពជាដៃគូ និងជំរុញការផ្លាស់ប្តូរបទពិសោធទេសចរណ៍ជាមួយប្រទេសជិតខាងរួមមានប្រទេសថៃ វៀតណាម និងឡាវ ជាពិសេសតាមរយៈការរៀបចំកញ្ចប់ទស្សនកិច្ច និងផ្សព្វផ្សាយរួមគ្នា ក្រោមប្រធានបទ «ប្រទេសពីរ គោលដៅមួយ» និង «ប្រទេសបី គោលដៅមួយ» ក៏ដូចជាសហការរៀបចំកញ្ចប់ទស្សនកិច្ចមុន និងក្រោយផ្សារភ្ជាប់នឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ និងព្រឹត្តិការណ៍ទេសចរណ៍ធំៗផ្សេងទៀតរបស់កម្ពុជាផងដែរ៕