វិបត្តិហិរញ្ញវត្ថុ

ធនាគារពិភពលោកព្រមានថា ប្រទេសក្រីក្របំផុតទាំង២៦ កំពុងធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុដ៏ក្រក់បំផុតមិនធ្លាប់មាន


ធនាគារពិភពលោកបានបញ្ចេញរបាយការណ៍ថ្មីមួយគួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី១៣ ខែតុលា ថា ប្រទេសក្រីក្របំផុតទាំង២៦ ដែលមានរហូតដល់ទៅ៤០% នៃប្រជាជនក្រីក្របំផុតទូទាំងពិភពលោក កំពុងជំពាក់បំណុលច្រើនជាងពេលណាទាំងអស់ចាប់តាំងពីឆ្នាំ២០០៦ មក ហើយពេលនេះកាន់តែងាយរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ និងព្រឹត្តិការណ៍នឹកស្មានមិនដល់ផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិបត្តិហិរញ្ញវត្ថុ
ដោយ

របាយការណ៍របស់ធនាគារពិភពលោក បានបង្ហាញថា បច្ចុប្បន្នប្រទេសក្រីក្រទាំង២៦ កាន់តែក្រីក្រជាងសម័យកូវីដ-១៩ ទៅទៀត ខណៈដែលប្រទេសភាគច្រើនក្នុងពិភពលោកបានធូរស្បើយ និងត្រលប់ទៅរកប្រក្រតីឡើងវិញ។

របាយការណ៍ដែលចេញផ្សាយមួយសប្តាហ៍មុនពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉រិក បានគូសបញ្ជាក់ពីការដើរថយក្រោយយ៉ាងខ្លាំងនៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងភាពក្រីក្រតោកយ៉ាក ហើយបានសង្កត់ធ្ងន់ពីគោលដៅរបស់ធនាគារពិភពលោកក្នុងការកៀរគរមូលនិធិឱ្យបាន១០០ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំនេះ សម្រាប់មូលនិធិរបស់ខ្លួនមានឈ្មោះថា សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ជួយគាំទ្រដល់បណ្ដាប្រទេសក្រីក្របំផុតរបស់ពិភពលោក។

ប្រទេសក្រីក្របំផុតទាំង២៦ ដែលមានប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំសម្រាប់ពលរដ្ឋម្នាក់ៗក្រោម១,១៤៥ដុល្លារអាម៉េរិក គឺពឹងផ្អែកកាន់តែខ្លាំងឡើងលើជំនួយឥតសំណងរបស់មូលនិធិសមាគមអភិវឌ្ឍន៍អន្តរជាតិ និងប្រាក់កម្ចីដែលមានការប្រាក់ទាបក្បែរ០% ខណៈដែលការផ្ដល់ហិរញ្ញប្បទានក្នុងទីផ្សារបានរីងស្ងួត។

ធនាគារពិភពលោកបានគូសបញ្ជាក់ថា បំណុលជាមធ្យមនៃប្រទេសក្រីក្របំផុតទាំងនោះ គឺស្មើនឹង៧២% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១៨ឆ្នាំមកនេះ ហើយពាក់កណ្តាលនៃប្រទេសក្រីក្របំផុតទាំងនោះកំពុងស្ថិតក្នុងស្ថានភាពខកខាន ឬប្រឈមហានិភ័យខ្ពស់ក្នុងការខកខានទូទាត់បំណុលតាមពេលវេលាកំណត់។

ប្រទេសភាគច្រើននៅក្នុងការសិក្សាស្រាវជ្រាវនេះ គឺស្ថិតនៅក្នុងអនុតំបន់សាហារ៉ាអាហ្រ្វិក រាប់ចាប់ពីប្រទេសអេត្យូពី រហូតដល់ប្រទេសឆាដ និងសាធារណរដ្ឋកុងហ្គោ ប៉ុន្តែបញ្ជីឈ្មោះប្រទេសក្រីក្រនេះ ក៏រួមបញ្ចូលទាំងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសយេម៉ែន ផងដែរ។

របាយការណ៍ដដែលនេះក៏បានបង្ហាញដែរថា បច្ចុប្បន្ន២ភាគ៣នៃបណ្តាប្រទេសក្រីក្របំផុតទាំង២៦ បើមិនស្ថិតក្នុងជម្លោះប្រដាប់អាវុធ ក៏ពិបាករក្សាសណ្តាប់ធ្នាប់សង្គមដែរដោយសារតែភាពកម្សោយរបស់ស្ថាប័ន និងបញ្ហាសង្គមដែលរារាំងការវិនិយោគពីបរទេស ហើយស្ទើរតែទាំងអស់នៃប្រទេសក្រីក្រទាំងនេះពឹងផ្អែកលើការនាំចេញទំនិញ ដែលធ្វើឱ្យប្រទេសទាំងនោះងាយរងគ្រោះដោយសារតែសេដ្ឋកិច្ចប្រែប្រួលឡើងចុះមិនទៀង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យធនាគារវិនិយោគ Goldman Sachs បង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ចិន នៅឆ្នាំនេះ?

ធនាគារវិនិយោគដ៏ធំរបស់អាម៉េរិក Goldman Sachs បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់មហាយក្សចិន ក្នុងរង្វង់០,២% សម្រាប់ឆ្នាំ២០២៤ និង ២០២៥…

វៀតណាម និងចិន ចុះកិច្ចព្រមព្រៀងរួមគ្នាចំនួន១០ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី

ប្រទេសវៀតណាម និងមហាយក្សចិន បានចុះកិច្ចព្រមព្រៀងចំនួន១០រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរហូតដល់ការទូទាត់ឆ្លងដែនតាម QR កូដ ក្នុងអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ