ការធ្វើដំណើរកម្សាន្ដអំឡុងភ្ជុំបិណ្ឌ

ទេសចរ ៦៦ម៉ឺននាក់បានដើរកម្សាន្តទូទាំងប្រទេសអំឡុងឈប់សម្រាកភ្ជុំបិណ្ឌ ជាវិញ្ញាសាសាកល្បងដ៏ធំក្នុងការឈានទៅបើកប្រទេសឡើងវិញ


ក្នុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌបីថ្ងៃកាលពីសប្ដាហ៍មុននេះមានទេសចរប្រមាណ ៦៦ម៉ឺននាក់បានធ្វើដំណើរកម្សាន្ដតាមរមណីដ្ឋាននានានៅទូទាំងប្រទេស ខណៈដែលអ្នកជំនាញទេសចរចាត់ទុកថា ការបើកឲ្យភ្ញៀវទេសចរដើរកម្សាន្ដក្នុងអំឡុងពេលភ្ជុំបិណ្ឌកាលពីសប្ដាហ៍មុននេះ គឺជាវិញ្ញាសាសាកល្បងដ៏ធំមួយរបស់កម្ពុជា ក្នុងការឈានទៅបើកប្រទេសឡើងវិញ ក៏ដូចជាស្ដារវិស័យទេសចរណ៍ឡើងវិញផងដែរ។
ទេសចរ ៦៦ម៉ឺននាក់បានដើរកម្សាន្តទូទាំងប្រទេសអំឡុងឈប់សម្រាកភ្ជុំបិណ្ឌ ជាវិញ្ញាសារសាកល្បងដ៏ធំក្នុងការឈានទៅបើកប្រទេសឡើងវិញ
ដោយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា អំឡុងឈប់សម្រាក់បុណ្យភ្ជុំបិណ្ឌកន្លងមក តែត្រូវគោរពតាមវិធានសុខាភិបាល យ៉ាងមុតមាំ។ ខណៈការអនុញ្ញាតឱ្យពលរដ្ឋអាចដើរកម្សាន្តអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ជាការសាកល្បងដ៏ធំមួយ ក្នុងការឈានទៅបើកប្រទេសពេញលេញឡើងវិញ នារយៈពេលដ៏ខ្លីខាងមុខនេះ។ យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ បានបង្ហាញថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ កន្លងមកនេះ មានភ្ញៀវទេសចរ ប្រមាណ ៦៦ម៉ឺននាក់ បានធ្វើដំណើរកម្សាន្ត នៅតាមតំបន់រមណីយដ្ឋាននានា ទូទាំងប្រទេស ដែលភាគច្រើនជាទេសចរផ្ទៃក្នុង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ថ្មីៗនេះថា  បើសិនរយៈពេល ១០ថ្ងៃ ទៅ១៥ថ្ងៃ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ កម្ពុជា មិនមានករណីផ្ទុះការឆ្លងជំងឺកូវីដ-១៩ ឡើងវិញ នោះទេ កម្ពុជា នឹងបើកសេដ្ឋកិច្ច និងសង្គមឡើងវិញ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជាការសាកល្បងដ៏ធំមួយ ដើម្បីឈានទៅបើកប្រទេសឡើងវិញ លើគ្រប់វិស័យ នាចុងឆ្នាំនេះ ប៉ុន្តែត្រូវរស់ជាមួយគន្លងថ្មី ដោយប្រកាន់ភ្ជាប់នូវវិធានការនានារបស់ក្រសួងសុខាភិបាល។

ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា ការសាកល្បងបើកប្រទេសឡើងវិញ នាពេលខាងមុខ ជាផ្នែកមួយនឹងជួយជ្រោមជ្រែងផ្នែកសេដ្ឋកិច្ចកម្ពុជា ឱ្យប្រសើរឡើងវិញ។

ជុំវិញការសាកល្បង ក្នុងការបើកឱ្យអ្នកទេសចរផ្ទៃក្នុងអាចដើរហើរឡើងវិញនេះដែរ ត្រូវបានក្រុមអ្នកជំនាញ ក្នុងវិស័យទេសចរណ៍ មើលឃើញពីភាពវិជ្ជមាន បន្ថែមនៃការវិវត្តរបស់វិស័យទេសចរណ៍ ដែលកំពុងត្រៀមខ្លួនក្នុងការបើកទទួលទេសចរអន្តរជាតិ នៅចុងឆ្នាំនេះ។

លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា និង ជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ក៏បានមើលឃើញថា ការងើបឡើងវិញនៃទេសចរផ្ទៃក្នុង បានបង្ហាញពីភាពវិជ្ជមានមួយ ដែលជាកត្តាជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា ងើបឡើងវិញ ពិសេសនឹងជួយជំរុញឱ្យកម្ពុជា អាចសម្រេចផែនការបើកប្រទេសឡើងវិញ។ អ្នកជំនាញទាំងពីរនាក់នេះ មើលឃើញថា ដ្បិតនៅតាមតំបន់រមណីយដ្ឋាននានា សុទ្ធតែមានមនុស្សម្នារដើរកម្សាន្តពេញៗ តែក៏សង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើន បានអនុវត្តនូវវិធានការសុខាភិបាល បានត្រឹមត្រូវ ដោយមានពាក់ម៉ាស និង យកអាល់កុលជាប់ខ្លួនជានិច្ច។

ជំទាវ ឆាយ ស៊ីវលីន នៅតែមានក្ដីរំពឹងថា ក្រោយទេសចរផ្ទៃក្នុង បានងើបឡើងជាបន្តបន្ទាប់ ផែនការនៃការបើកប្រទេសពេញលេញឡើងវិញ នឹងសម្រេចបាន១០០%។ ខណៈ រយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ ក្រសួងសុខាភិបាល កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ត្រឹមប្រមាណ ២០០នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។

ទន្ទឹមនឹងក្ដីរំពឹងខ្ពស់ក្នុងការឈានទៅបើកទទួលទេសចរ និងបើកប្រទេសឡើងវិញ អ្នកជំនាញក៏មានក្ដីព្រួយបារម្ភខ្លះៗដែរ ដោយសារតែអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ មានទេសចរជាច្រើនបានដើរកម្សាន្ត ស្ទើរគ្រប់តំបន់ទេសចរណ៍ ដែលពេលខ្លះអ្នកទេសចរទាំងនោះ មានការធ្វេសប្រហែស ក្នុងការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ 

លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរអាស៊ីប៉ាស៊ីហ្វិក បានបង្ហាញ ពីបង្ហាញពីការព្រួយបារម្ភថា អំឡុងពិធីបុណ្យភ្ជុំ កន្លងទៅថ្មីៗនេះ លោកសង្កេតឃើញថា មានប្រជាជនមួយចំនួន បានដើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា ទាំងមានការព្រួយបារម្ភ។ ដោយឡែក ក្នុងនោះមានទេសចរខ្លះ ក៏មិនសូវបានយកចិត្តទុកដាក់ ជាមួយនឹងវិធានការរបស់ក្រសួងសុខាភិបាល ដែលធ្វើឱ្យលោកមានការព្រួយបារម្ភ ពីការផ្ទុះករណីឆ្លងកូវីដ-១៩ ជាថ្មីម្ដងទៀត។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ កន្លងមកនេះ មានភ្ញៀវទេសចរប្រមាណ ៦៦ម៉ឺននាក់ បានធ្វើដំណើរកម្សាន្ត នៅតាមតំបន់រមណីយដ្ឋាននានាទូទាំងប្រទេស។ ក្នុងនោះខេត្ត ខេត្តកំពត មានអ្នកទេសចរទៅកម្សាន្តច្រើនជាងគេ រហូតជាង១០ម៉ឺន បន្ទាប់មកគឺខេត្តកែប មានជាង៩ម៉ឺននាក់ និងខេត្តព្រះសីហនុ មានប្រមាណ៨ម៉ឺននាក់៕

None



អត្ថបទបន្ទាប់


តើកម្ពុជាអាចឈានទៅបើកប្រទេសទាំងស្រុងតាមផែនការកំណត់របស់រដ្ឋាភិបាលដែរ ឬយ៉ាងណា?

យើងសង្កេតឃើញថានៅមួយរយៈពេលចុងក្រោយនេះចំនួនអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជាបានរក្សាក្នុងរង្វង់ជាង២០០នាក់ក្នុងមួយថ្ងៃ ខណៈដែលយុទ្ធនាការចាក់វ៉ាក់ស…

កម្ពុជានាំចេញអង្ករកើនឡើងជិត ៤៣% នៅត្រីមាសទី៣ ឆ្នាំ២០២១ តើមកពីកត្តាអ្វីខ្លះ?

ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ បានហក់ឡើងជិត៤៣% នៅត្រីមាសទី៣ ក្នុងឆ្នាំ២០២១ បើធៀបនឹងឆមាសទី៣កាលពីឆ្នាំ២០២០។ ការហក់ឡើងនេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ