តាមរយៈកាតជូនពរដែលមានទង់ជាតិចម្រុះពណ៌ និងឃ្លាប្រយោគជាភាសាខុសៗគ្នា ដែលមានខ្លឹមសារ «សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២១» បានឆ្លុះបង្ហាញពីចំណងមិត្តភាពជិតស្និទ្ធជាប្រពៃណី និងការគាំទ្រគ្នាទៅវិញទៅមករវាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងស្ថានទូតនៃបណ្តាប្រទេសជាមិត្តចំនួន ៣២ ទាំងពេលបច្ចុប្បន្ន និងអនាគត ។ ម្យ៉ាងទៀត ក៏ជាសារប្រាប់ពិភពលោក អំពីការគាំទ្ររបស់ប្រទេសទាំងអស់ មកលើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា «កម្ពុជាតូចពិត ចិត្តទូលាយ និងមានមិត្តច្រើន» ហើយបានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ ដែលជាអង្គទូតនៃប្រទេសទាំង៣២ ដែលបានគាំទ្រ ផ្តល់ពាក្យពេជន៍ជាភាសាជាតិរបស់ខ្លួន និងចូលរួមចុះហត្ថលេខាលើកាតជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
សូមជម្រាបថា កាតជូនពរឆ្នាំថ្មីចម្រុះភាសានេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការជាមួយក្រុមការងារការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដែលជាផ្នែកមួយនៃគោលនយោបាយទូតសេដ្ឋកិច្ចកម្ពុជា ដល់ពិភពលោក។
គំនិតផ្តួចផ្តើមនេះ ទទួលបានការគាំទ្រពេញទំហឹងពីស្ថានទូតនៃប្រទេសជាមិត្តទាំង៣២ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។ ដូច្នេះ កម្ពុជាមិនឯកាឡើយ! ទោះបីជាពេលនេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានកំពុងសស្រាក់សស្រាំប្រយុទ្ធតតាំងជំងឺកូវីដ១៩ ដែលបានធ្វើទុក្ខបុកម្នេញម្តងហើយម្តងទៀត និងបានកំពុងបន្តរាតត្បាតជុំវិញពិភពលោក ៕