ប្រពៃណី

កូនខ្មែរគួរ​ដឹង​និង​ចងចាំ​អំពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ


ប្រជាជាតិ​ខ្មែរ​ដែល​ល្បី​មាន​វប្បធម៌​រុង​រឿង​ខ្ពង់​ខ្ពស់​ពី​បុរាណ ចូល​ដល់​ខែ​មេសា នៃ​សូរ្យគតិ​នេះ គឺ​ជា​ពេល​ដែល​ខ្មែរ​គ្រប់​ក្រុម​គ្រួសារ មិន​ថា កូន​កាត់​ឬ​ខ្មែរ​សុទ្ធ​ទេ គឺ​ត្រូវ​ត្រៀម​និង​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី តាម​ទម្លាប់​តាំង​ពី​បុរាណ​របស់​ខ្លួន មិន​អាច​ខាន​បាន​ឡើយ។
របាំ​ត្រុដិ​គេ​ច្រើន​សម្ដែង​នៅ​តាម​ផ្ទះ កន្លែង​ធ្វើការ ទីស្នាក់ការ​ក្រុមហ៊ុន​នៅមុន​ថ្ងៃ​ចូល​ឆ្នាំ ដើម្បី​បណ្ដេញ​ឧបទ្រព​ចង្រៃ​ឆ្នាំ​ចាស់​និង​សូម​សុខ​សិរី​សួស្ដី​ឆ្នាំ​ថ្មី។
ដោយ

សម្រាប់​ឆ្នាំ​នេះ ពិធី​ចូល​ឆ្នាំ​ខ្មែរ​នឹង​ប្រព្រឹត្ត​ទៅ ចាប់​ពី​ថ្ងៃ​ទី​១៣ មេសា រហូត​ដល់​ថ្ងៃ​ទី​១៦ មេសា គឺ​មាន​រយៈពេល ៤​ថ្ងៃ ដែល​រដ្ឋ​​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជការ​និង​បុគ្គលិក កម្មករ និយោជិត ឈប់​សម្រាក​ពី​ការងារ ​ដើម្បី​ជួបជុំ​គ្រួសារ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។

ពិធី​ឆ្លង​ឆ្នាំ​បែប​ខ្មែរ ដែល​ខ្មែរ​យើង​ប្រកាន់​យក​តាម​ចន្ទ​គតិ ដោយ​កំណត់​ពេល​ទេវតា​ថ្មី​ចុះ​នោះ ឆ្នាំ​រកា​នេះ​ទេវតា​ចុះ​នៅ​ម៉ោង ៣ និង​១២​នាទី​ទៀប​ភ្លឺ ឆ្លង​ចូល​ដល់​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៧។ 

គួរ​បញ្ជាក់​ដែរ​ថា បើ​តាម​មហាសង្ក្រាន្ត​ឆ្នាំ​រកា ទេវតា​ឆ្នាំ​រកា នព្វស័ក្ត​នេះ នាម កិមិរាទេវី ជា​បុត្រី​ទី​៦ កបិល​មហាព្រហ្ម ទ្រង់​អម្ពរ​ពណ៌​ស កាន់​ព្រះ​ខ័ន​និង​ពិណ គង់​លើ​សត្វ​ក្របី​ជា​ជំនិះ និង​សោយ​ចេក​ទឹក​និង​ចេក​ណាំវ៉ា ជា​ភក្សា​ហារ ក្នុង​ឥរិយា​បិទ​ព្រះ​នេត្រ ដែល​បង្ហាញ​ពី​ភាព​ស្ងប់​សុខ។ ឥរិយាបថ​បែប​នេះ​តាម​ទំនាយ​ថា ឆ្នាំ​ថ្មី​នេះ​ស្រុក​ទេស​យើង នឹង​មាន​សុខ​សប្បាយ ក្នុង​សន្តិភាព មាន​ទឹក​គ្រប់គ្រាន់ សម្រាប់​ប្រជា​កសិករ​ធ្វើ​កសិកម្ម ហើយ​ផល​ដំណាំ​នឹង​មាន​ផ្លែផ្កា​ល្អ​បាន​ផល​ច្រើន​ទៀត​ផង។

ការ​កំណត់​កាល​បរិច្ឆេទ 

ចាប់​ពី​ត្រឹម​សម័យ​ក្រុង​នគរធំ​រៀង​មក​ ខ្មែរ​យើង​ប្រើ​ចន្ទ​គតិ (ដំណើរ​ព្រះ​ចន្ទ) ក្នុង​ការ​កំណត់​យក​ខែ​មិគសិរ ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែ​ទី១ ឯ​ខែ​កត្តិក ជា​ខែ​ទី​១២ ចុង​ឆ្នាំ។ លុះ​ចំណេរ​ក្រោយ​មក ទើប​អ្នក​ប្រាជ្ញ​ខ្មែរ​ជំនុំ​កំណត់​ប្រើ​សុរិយ​គតិ (ដំណើរ​ព្រះ​អាទិត្យ) ជា​សំខាន់​វិញ ហើយ​កំណត់​យក​ខែ​ចែត្រ (ខែ​ទី​៥) សម្រាប់​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​នេះ ហើយ​ថ្ងៃ​ចូល​ឆ្នាំ ត្រូវ​ចំ​ថ្ងៃ​ទី​១៣ ឬ ១៤  នៃ​ខែ​មេសា (ចេត្រ) ជា​រៀង​រាល់​ឆ្នាំ។ 

តាមទំនៀម​បុរាណ ពិធី​ចូល​ឆ្នាំ​ប្រព្រឹត្ត​ទៅ​ចំនួន ៣​ថ្ងៃ។ ថ្ងៃ​ដំបូង​ហៅ​ថា ថ្ងៃ​មហា​សង្ក្រាន្ត ថ្ងៃទី​២ ជា​ថ្ងៃ​វ័នបត និង​ថ្ងៃ​ទី​៣ ជា​ថ្ងៃ​ឡើង​ស័ក។

តើ​ប្រជាជន​ខ្មែរ​គប្បី​ប្រណិប័តន៍​ដូច​ម្តេច​ខ្លះ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ទាំង​បី​ថ្ងៃ​នេះ? 

នៅ​មុន​ចូល​ឆ្នាំ​មក​ដល់ គ្រប់ផ្ទះ​តែង​ការ​រៀបចំ​សម្អាត និង​តុបតែង​ផ្ទះ​សម្បែង តាំង​លម្អ​ភ្លើង និង​ត្រៀម​ទុក​នូវ​គ្រឿង​ឧបភោគ បរិភោគ ម្ហូប​អាហារ និង​គ្រឿង​តង្វាយ​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី។

​ពេល​ល្ងាច គេ​នាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង វា​លុក​ចេតិយ​ឬ​ពូន​ភ្នំ​ខ្សាច់ នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ នៅ​ក្នុង​វត្ត​ណា​មួយ។ នៅ​ពេល​ព្រលប់ ចាស់​ទុំ​មក​ជុំគ្នា​នៅ​វត្ត ប្រគេន​ភេសជ្ជៈ ដល់​ព្រះភិក្ខុ​សង្ឃ និមន្ត​ព្រះសង្ឃ​សូត្រ​ចម្រើន​ព្រះបរិត្ត និង​សំដែង​ធម្ម​ទេសនា។

ថ្ងៃ​ចូល​ឆ្នាំទី​១ ឬ​ហៅ​ថា​ថ្ងៃ​សង្ក្រាន្ត 

»​ភ្លឺ​ឡើង​ភ្លាម គ្រប់​គ្រួសារ​ខ្មែរ​តែង​រៀបចំ​ទីសក្ការៈ​ដើម្បី​រៀប​តង្វាយ​ថ្វាយ​ទេវតា​ឆ្នាំ​ថ្មី ជា​អាទិ៍​មាន៖ ស្លាធម៌ បាសី ផ្កាភ្ញី ទឹកអប់ ប្រេងម្សៅ  ផ្លែឈើ នំនែក និងគ្រឿង​ភេសជ្ជៈ ត្រៀម​ចាំ​ពេល​កំណត់ ដើម្បី​ដុត​ទៀន​ធូប​បួង​សួង​សុំ​ពរ​ជ័យ​ក្នុង​ឆ្នាំ​ថ្មី។

»ពេល​ព្រឹក​ឡើង​ ចាស់​ទុំ​នាំ​កូន​ចៅ​យក​ចង្ហាន់​ទៅ​រាប់​បាត្រ វេរ​ប្រគេន​ព្រះសង្ឃ ឧទ្ទិស​កុសល ជូន​បុព្វការី​ជន​ដែល​ចែក​ឋាន​ទៅ និង​ជូន​នំ​ចំណី សម្លៀក​បំពាក់ ប្រាក់​កាស​ដល់​មាតា បិតា គ្រូ​បា​អាចារ្យ និង​ចាស់​ទុំ​ព្រឹទ្ធាចារ្យ ជា​ញាតិ​មិត្ត ដើម្បី​ទទួល​បាន​ពរជ័យ​ក្នុង​ឆ្នាំ​ថ្មី។

»​នៅ​វត្ត​ខ្លះ មាន​អាចារ្យ​និង​ព្រះសង្ឃ ដឹកនាំ​ប្រារព្ធ​ពិធី​ពូន​ភ្នំ​ខ្សាច់ តែ​វត្ត​ខ្លះ​មិន​មាន​អាចារ្យ​លោក​ដឹកនាំ​ទេ មាន​តែ​ទីលាន​សម្រាប់​បរិស័ទ​នាំ​គ្នា​ពូន​និង​ឧទ្ទិស​រៀងៗ​ខ្លួន​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន ក៏​មាន​វត្ត​ខ្លះ បែក​ទៅ​រៀប​ពូន​ជា​ភ្នំ​អង្ករ ភ្នំ​ស្រូវ​ខ្លះ​ផង​ក៏​មាន តែ​ការ​ប្រារព្ធ​បែប​នេះ​មិន​មាន​ពី​បុរាណ​មក​ទេ។

ពេល​រសៀល ចាស់ទុំ​បន្ត​ស្តាប់​លោក​ទេសនា នៅ​វត្ត​ខ្លះ ចំណែក​ក្មេងៗ កម្លោះ ក្រមុំ​នាំ​គ្នា​លេង​ល្បែង​របាំ ប្រជាប្រិយ និង​រាំ​កំសាន្ត ក្នុងវត្ត និង​តាម​សហមន៍​តែ​រៀងៗ​ខ្លួន។

ពេល​ព្រលប់ នៅ​វត្ត​មាន​ពិធី​សូត្រមន្ត​ចំរើន​ព្រះបរិត្ត និង​ស្តាប់​ធម៌​ទេសនា ដូច​ថ្ងៃ​ដំបូង​ដែរ។ ក្មេងៗ យប់​ឡើង​ច្រៀង​រាំ​លេង​កំសាន្ត នូវ​របាំ​និង​ល្បែង​ប្រពៃណី មាន​រាំ​វង់​រាំ​ក្បាច់ សារ៉ាវ៉ាន់ និង​ឡាំ​លាវ  ឬ​លេង​បោះ​ឈូង លាក់​កន្សែង ច្រៀង​ប្រប់​កៃ ជាដើម។ 

ថ្ងៃទី២ ឬ ថ្ងៃវារៈវ័នបត 

កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី​លុយ​កាក់ ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជីដូន​ជីតា ជាដើម។ ជួនកាល គេធ្វើទាន ដល់​មនុស្ស​បម្រើ ឬ​អ្នក​ក្រីក្រ​ទៀត​ផង។ ពេល​រសៀល គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រ​ធម៌​អធិដ្ឋាន​ភ្នំ​ខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ភិក្ខុ​ទាំង​ឡាយ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង​ប្អូន ដែល​បាន​ស្លាប់​ទៅ។

ថ្ងៃទី​៣ ឬ​ថ្ងៃ​ឡើង​សក្តិ

ពេលព្រឹក និមន្ត​ភិក្ខុ​ទាំង​ឡាយ​សូត្រ​ឆ្លង​ភ្នំ​ខ្សាច់។ ពេល​ល្ងាច និមន្ត​ភិក្ខុ​ស្រង់​ទឹក និង​ស្រង់​ព្រះ​ពុទ្ធរូប (តាម​ការ​និយម​នៃ​ស្រុក​ខ្លះ)។ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ក្មេងៗ​ពួកគេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ ដូចជា​លេង​បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង ជាដើម និង​មាន​របាំ​ត្រុដិ ជា​ពិសេស គឺ​រាំ​កំសាន្ត ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​និគមជន​នីមួយៗ។ 

បច្ចុប្បន្ន ការ​រាំ​កំសាន្ត គេ​ប្រើ​ឧបករណ៍​បំពង​សំឡេង​ទំនើបៗ​មាន ធុងបាស់ អ័រកាដង់ ឬ ក្រុមតន្ត្រី ក៏មាន ហើយល្បែងរបាំប្រពៃណី ពីបុរាណ​បាន​ថមថយ​អស់​ច្រើន។

»ពេល​ល្ងាច មានប្រារព្ធពិធីស្រង់ព្រះ និងស្រង់ទឹក(ងូតទឹក)ជូនមាតា.បិតា និងអ្នកមានគុណ ដើម្បីបង្ហាញ​ពី​ការ​តប​ស្នង​សង​គុណ បន្ទាប់​មក ក៏​មាន​ពិធី​វេរ​ឆ្លង និង​និមន្ត​ព្រះសង្ឃ​សូត្រ​ស្វាធ្យាយ ជាកិច្ច​បញ្ចប់​បុណ្យ​នៅ​តាម​វត្ត​អារាម។

ក្នុងពិធីទាំងបីថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរនេះ បណ្តាជនខ្មែរ រហូតនៅតាមស្ថាប័ន ក្រសួង មន្ទីរនានានិងតាមក្រុមហ៊ុនខ្លះផង ក៏មានប្រារព្ធពិធីសូត្រមន្តឆ្លងឆ្នាំនិងលើករាសី ផងដែរ ហើយបច្ចុប្បន្ន ពិធីនេះកាន់តែពេញនិយម នឹងមិនសូវមានគ្រួសារខ្មែរ កាន់ពុទ្ធសាសនាណា ហ៊ានខកខានទេ គ្រាន់តែធ្វើទៅ តាមកាលវេលានិងឱកាសខុសគ្នាតែប៉ុណ្ណោះ។ 

សូមរំឭកថា  ពីកន្លងមកពិធីបុណ្យចូលឆ្នាំ ក្មេងៗនាំគ្នា លេងល្បែងប្រជាប្រិយ និងរាំកំសាន្ត មុននិងក្រោយថ្ងៃបុណ្យកន្លះខែក៏មាន ហើយវត្តខ្លះ ក៏ប្រារព្ធពីធីនេះ មាន៥ថ្ងៃ ឬ មួយសប្តាហ៍ផងក៏មាន ទើបបានឆ្លងបញ្ចប់។ 

ប៉ុន្តែ ក្នុងសម័យអ៊ិនថឹណិតនេះ ពិធីបុណ្យនៅតាមវត្ត មិនសូវអធិកអធមដូចពីបុរាណទេ ហើយអាស្រ័យដោយជីវភាពពលរដ្ឋធូរធារ ពិធីកំសាន្តសប្បាយនានា គេច្រើនលើកយកទៅធ្វើតាមផ្ទះ ឬសហគមន៍ តាមលទ្ធភាព បែបប្រមូលផ្តុំគ្នា តាមវង់ត្រកូលនីមួយៗ ជំនួសវិញ៕

(រូបថត៖ ផលិតកម្មថោន)



អត្ថបទបន្ទាប់


ទស្សនាវដ្ដី​«ប្រជាប្រិយ»ឈប់​​បោះពុម្ព ដោយ​ងាក​មក​ផ្សាយតាម​ហ្វេសប៊ុក​និង​គេហ​ទំព័រ​វិញ

ព័ត៌មាន
សម្រាប់​អ្នក​នៅ​ក្នុង​ស្រុក​ខ្មែរ និង​សូម្បី​នៅ​ក្រៅ​ស្រុក លោក​អ្នក​ប្រហែល​ជា​ស្គាល់​ទស្សនាវដ្ដី ប្រជាប្រិយ ជា​មិន​ខាន។ ទស្សនាវដ្ដី​ដ៏​ល្បីល្បា…

ឆ្នាំ​ថ្មី សូមរកស៊ីមានបានទាំងអស់គ្នា!

ព័ត៌មាន
រីករាយ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ !!! ក្រុមការងារ Cambonomist សូម​គោរព​ជូន​ពរ​ប្រិយមិត្ត​ សូមប្រកបតែ​សេចក្ដី​សុខ​គ្រប់ប្រការ និង​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ