ទាំងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងអ្នកដាំស្វាយចន្ទីនៅកម្ពុជា សុទ្ធតែបានលើកឡើងថា គោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យស្វាយចន្ទីនៅកម្ពុជា ជាពិសេសគឺការទាក់ទាញការវិនិយោគបន្ថែមកាន់តែច្រើន ទាក់ទងនឹងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដើម្បីជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចដោយផ្ទាល់ទៅកាន់ទីផ្សារក្រៅប្រទេស ខណៈដែលកន្លងមក កម្ពុជាយើងភាគច្រើនបំផុតគឺលក់គ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃទៅឲ្យវៀតណាម ហើយវៀតណាមយកទៅកែច្នៃបន្ដដើម្បីនាំចេញ។
ឯកឧត្តម
ប៉ែន សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងពាណិជ្ជកម្ម
បានប្រាប់ខេមបូណូមីសថា គោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ រំពឹងថា
នឹងអនុម័តនៅចុងឆ្នាំ២០២១នេះ។ ដោយថ្មីៗនេះ ក្រសួងបានបើកកិច្ចប្រជុំផ្ទៃក្នុងមួយ ដើមី្បពិនិត្យ
និងពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី
ដោយសារតែសេចក្តីព្រាងគោលនយោបាយនេះ ត្រូវការធាតុចូលជាច្រើន ពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ
ពីផ្នែកឯកជន ពិសេសអ្នកដាំដុះ អ្នកកែច្នៃ អ្នកនាំចេញ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
ឯកឧត្តម ប៉ែន សុជាតិ បានបន្ថែមថា ក្រសួងគ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ប្រមូលធាតុចូលបន្ថែម បន្ទាប់ពីស្ថានភាពជម្ងឺកូវីង១៩ បានធូស្រាល និងជាក់ស្តែង។
បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ គោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យស្វាយចន្ទីនៅកម្ពុជាដោយក្នុងនោះរួមមាន ទី១ ធ្វើឱ្យកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយនៅក្នុងតំបន់សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ ទី២ ធ្វើឱ្យផលិតកម្ម និងផលិតភាព មានសមត្ថភាពប្រកួតប្រជែង ទាំងទិន្នផល និងគុណភាព។ ទី៣ ធ្វើឱ្យកម្ពុជា ទទួលបាននូវតម្លៃបន្ថែមពេញលេញពីស្វាយចន្ទី ចំពោះអ្នកដាំដុះ និងអ្នកកែច្នៃ លើការអនុវត្តខ្សែច្រវ៉ាកតម្លៃ និងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី និងទី៤បង្កើតឧត្តមភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សារ និងក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗមួយចំនួនទៀត។
លោក វ៉ា រុតសាន ម្ចាស់ចំការស្វាយចន្ទីនៅភូមិស្គន់ ឃុំសូទិព ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានឲ្យខេមបូណូមីសដឹងដែរថា នៅពេលដែលគោលនយោបាយជាតិស្តីពីស្វាយចន្ទី អនុម័តហើយ អ្នកដាំដុះដំណាំនេះ នឹងទទួលបានផលប្រយោជន៍ច្រើន ដោយសារគោលនយោបាយនឹងទាក់ទាញវិនិយោគិនកាន់ច្រើន ក្នុងការរៀបចំរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នឹងមិនចាំពឹងផ្អែកក្នុងការ តែលើទីផ្សារវៀតណាមទៀតទេ ។
សូមបញ្ជាក់ថា
បើទោះបីជា នៅឆ្នាំនេះ ទិន្នផលគ្រាប់ស្វាយចន្ទីមិនសូវទទួលបានផលសច្រើនដូចឆ្នាំមុន
ដោយសារតែបញ្ហាអាកាសធាតុក៏ដោយ
បរិមាណនាំចេញគ្រាប់ស្វាយចន្ទីនៅតែមានកំណើខ្ពស់យ៉ាងគំហុក។ កំណើនខ្ពស់
ក៏ដោយសារថា ផ្ទៃដីដាំដុះស្វាយចន្ទីមានការកើនឡើងច្រើនជាងមុន
ហើយចម្ការចន្ទីអាចប្រមូលផលបានក៏ច្រើនជាងមុនដែរ។
តួយ៉ាង នៅ៥ខែដំបូងដើមឆ្នាំ២០២១ ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាមានជាង៨០ម៉ឺនតោន មានការកើនឡើងដល់ទៅជាង៣២០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយវៀតណាមគឺជាទីផ្សារនាំចេញធំជាងគេបំផុតរបស់កម្ពុជា។ នេះបើតាមតួលេខពីក្រសួងកសិកម្ម៕