ពលរដ្ឋខេត្តកែប៥០គ្រួសារបានផ្អាកការផលិតអំបិល

ពលរដ្ឋខេត្តកែប៥០គ្រួសារបានផ្អាកការផលិតអំបិល ខណៈមន្ត្រីជំនាញរំពឹងរដ្ឋមានការឧបត្ថម្ភធន


ថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្មខេត្តកែបអះអាងថា មានអ្នកផលិតអំបិលជាច្រើនគ្រួសារនៅខេត្តកែបបានបោះបង់ការផលិតអំបិលនៅឆ្នាំនេះ ក្រោយការផលិតអំបិលនៅប៉ុន្មានឆ្នាំចុងក្រោយទទួលបានទិន្នផលទាប ប្រាក់ឈ្នួលពលកម្មឡើងថ្លៃ និងកង្វះដើមទុនជាដើម។ ការបោះបង់របស់ក្រុមអ្នកផលិតនេះ កំពុងក្លាយជាក្តីកង្វល់ដល់ការផលិតអំបិលនៅកម្ពុជា ដ្បិតវាអាចធ្វើឲ្យកម្ពុជាប្រឈមនឹងខ្វះអំបិល ដែលផលិតផលយុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់។
ពលរដ្ឋខេត្តកែប៥០គ្រួសារបានផ្អាកការផលិតអំបិល ខណៈមន្ត្រីជំនាញរំពឹងរដ្ឋមានការឧបត្ថម្ភធន

ទោះយ៉ាងណា ថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្មខេត្តកែបរំពឹងថា ការផលិតអំបិលឆ្នាំនេះនឹងទទួលបានទិន្នផលអាចឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ពលរដ្ឋ។ ឆ្លើយតបនឹងការបោះបង់ការផលិតអំបិលរបស់ពលរដ្ឋនេះដែរ មន្ត្រីជាន់ខ្ពស់នាយកដ្ឋានឧស្សាហកម្មរំពឹងថា រាជរដ្ឋាភិបាលនឹងមានការឧបត្ថម្ភធនដល់ពលរដ្ឋក៏ដូចជាកម្មករក្នុងផលិតកម្មអំបិល ដើម្បីលើកទឹកចិត្តឲ្យពួកគេបន្តអាជីពហាលក្រោមពន្លឺថ្ងៃមួយនេះ។

លោក ប៊ុន យោង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែបបានគូសបញ្ជាក់ថា ការផលិតអំបិលនៅខេត្តកែបបានចាប់ដំណើរការហើយ ដោយបច្ចុប្បន្នមានពលរដ្ឋតែ៤០គ្រួសារស្មើនឹង៧ក្រុមប៉ុណ្ណោះបានបន្តអាជីពមួយនេះ ខណៈពលរដ្ឋ៥០គ្រួសារស្មើនឹង១៤ក្រុមបានបោះបង់ការផលិត។ ប្រធានមន្ទីររូបនេះអះអាងថា កត្តាដែលជំរុញឲ្យពលរដ្ឋទាំងនោះបោះបង់អាជីពហាលក្រោមកម្តៅថ្ងៃមួយនេះ គឺដោយសារពួកគេបារម្ភពីបញ្ហាអាកាសធាតុ គួបផ្សំតម្លៃពលកម្មឡើងថ្លៃ ក្រុមអ្នកផលិតមានវ័យចាស់ជរាមិនមានអ្នកចង់ស្នងតំណែង និងខ្វះខាតទុនសម្រាប់ផលិតជាដើម។ បច្ចុប្បន្នខេត្តកែបមានផ្ទៃដីផលិតអំបិលចំនួន៥៥៩ហិកតា។

តែយ៉ាងណាប្រធានមន្ទីរឧស្សាហកម្មខេត្តកែបរូបនេះរំពឹងថា ការផលិតអំបិលនៅខេត្តកែបនឹងទទួលបានទិន្នផលអាចឆ្លើយតបនឹងអាចឆ្លើយតម្រូវការប្រើប្រាស់របស់ពលរដ្ឋក្នុងខេត្តកែប ក៏ដូចជានាំចេញទៅលក់នៅខេត្តផ្សេងៗ ប្រសិនបើអាកាសធាតុអំណោយផលសម្រាប់ការផលិតនៅឆ្នាំនេះ។ កាលពីឆ្នាំ២០២២ កន្លងទៅខេត្តនេះផលិតអំបិលបានចំនួនតែជិត៣ពាន់តោនប៉ុណ្ណោះធ្លាក់ចុះជាង៧០%បើធៀបនឹងឆ្នាំមុនដែលមានជិត១ម៉ឺនតោន ដោយចំនួននេះបានរួមចំណែកតែ១០% ប៉ុណ្ណោះនៃតម្រូវការអំបិលទូទាំងប្រទេស។

ជាមួយគ្នានេះលោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រំពឹងថា រាជរដ្ឋាភិបាលនឹងមានគោលនយោបាយលើកទឹកចិត្ត និងឧបត្ថម្ភធនដល់កម្មករ ដែលបម្រើការងារក្នុងវិស័យផលិតអំបិលដែលរាជរដ្ឋាភិបាលចាត់ទុកជាផលិតផលយុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មក្នុងវិស័យមួយនេះ។

បើតាមការវាយតម្លៃរបស់លោក ហួន សុរង្សី បញ្ហាកង្វះកម្លាំងពលកម្មក្នុងផលិតកម្មអំបិលរបស់កម្ពុជា អាចបណ្តាមកពីប្រជាពលរដ្ឋ ដែលបម្រើការងារក្នុងវិស័យនេះបានផ្លាស់ទៅបម្រើការងារក្នុងវិស័យផ្សេងៗ ដែលក្នុងនាមកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍អាចជម្រើសការងារច្រើនសម្រាប់ពួកគេ។ កត្តានេះហើយ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលក្នុងការរក្សា និងគាំពារកម្លាំងពលកម្មក្នុងវិស័យផលិតអំបិលនៅកម្ពុជា។

បើតាមការគូសបញ្ជាក់របស់លោក ហួន សុរង្សី នៅឆ្នាំ២០២២ កម្ពុជាផលិតអំបិលបានប្រមាណ៤ម៉ឺនតោនប៉ុណ្ណោះ ខណៈកម្ពុជាមានតម្រូវការអំបិលសម្រាប់ប្រើប្រាស់ក្នុងរង្វង់១០ម៉ឺនតោនក្នុង១ឆ្នាំ។ តែយ៉ាងណាប្រធាននាយកដ្ឋានកិច្ចសិប្បកម្មរូបនេះអះអាងថា កម្ពុជានឹងមិនជួបបញ្ហាខ្វះអំបិលសម្រាប់ប្រើប្រាស់នោះទេ ខណៈបច្ចុប្បន្នកម្ពុជានៅសល់អំបិលដែលនាំចូលពីក្រៅប្រទេសជាង១ម៉ឺនតោនក្នុងស្តុក។

បើតាមការគូសបញ្ជាក់របស់លោក ប៊ុន យោង ដីស្រែអំបិលមាន៣ប្រភេទ ដោយប្រភេទទី១ជាដីកម្មសិទ្ធិរបស់រដ្ឋ រីឯប្រភេទទីពីរជារបស់រដ្ឋប្រគល់ឲ្យប្រជាពលរដ្ឋធ្វើ និងប្រភេទទី៣ជាដីកម្មសិទ្ធរបស់ឯកជន ដែលដីប្រភេទនេះប្រជាពលរដ្ឋអាចកែប្រែទៅធ្វើអ្វីផ្សេងបាន។ សូមរំលឹកថា កាលពីពេលកន្លងទៅថ្មីៗ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់ចេញបទបញ្ជាមិនឲ្យមានការកែប្រែដីស្រែអំបិលសម្រាប់ការអភិវឌ្ឍន៍ផ្សេងៗ ក្រៅតែពីការផលិតអំបិលនោះទេ។

គួរបញ្ជាក់ថា បច្ចុប្បន្ននៅខេត្តកំពត និងកែបមានផ្ទៃដីផលិតអំបិលប្រមាណ៤.៥០០ហិកតា ដោយ១ហិកតាអាចផលិតអំបិលបានជាង២០តោនក្នុង១ឆ្នាំ ប្រសិនបើអាកាសធាតុអំណោយផល។ កាលពីឆ្នាំ២០១៨ កន្លងកម្ពុជាបាននាំចូលអំបិលពីចិន១ម៉ឺនតោន និងនៅឆ្នាំ២០១៩ បាននាំចូលអំបិលពីឥណ្ឌា និងចិនក្នុងរង្វង់៣ម៉ឺនតោន៕




អត្ថបទបន្ទាប់


តើទំហំពាណិជ្ជកម្មរវាង កម្ពុជា-ថៃ សម្រេចបានប៉ុន្មានលានដុល្លារនៅជិតពេញមួយឆ្នាំ២០២២?

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ប្រមាណជាង ៩ពាន់លានដុល្លារ នៅរយៈពេល១១ខែ ក្នុងឆ្នាំ២០២២ ដែលមានការកើនឡើងជាង ២៦% បើប្រៀបនឹ…

សហព័ន្ធស្រូវអង្ករកម្ពុជារំពឹងទីផ្សារនាំចេញអង្ករឆ្នាំ២០២៣កាន់តែប្រសើរ

សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមខ្ពស់ចំពោះទីផ្សារនាំចេញអង្ករនៅឆ្នាំ២០២៣នេះ នឹងកាន់តែប្រសើរឡើង ជាពិសេសក្រោយកម្ពុជាបា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ