ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចូលរួមកម្មវិធីអបអរសាទរ «ពិធីចម្រើនព្រះជន្ម៦៥ព្រះវស្សា របស់ព្រះករុណាព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ»


(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរ «ពិធីចម្រើនព្រះជន្ម៦៥ព្រះវស្សា របស់ព្រះករុណា ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (NARUHITO)» ដែលជាពិធីបុណ្យជាតិជប៉ុន រៀបចំឡើងនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចូលរួមកម្មវិធីអបអរសាទរ «ពិធីចម្រើនព្រះជន្ម៦៥ព្រះវស្សា របស់ព្រះករុណាព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ»
ដោយ

កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី អគ្គទេសាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នជាតិកម្ពុជា តំណាងការទូត និងអង្គការអន្តរជាតិជាច្រើនរូប។

ថ្លែងក្នុងកម្មវិធីនេះ ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានសម្តែងការអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនក្នុងឱកាសដ៏មហានក្ខត្តឫក្សននៃការចម្រើនព្រះជន្ម៦៥ព្រះវស្សា របស់ព្រះករុណា ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ។ ឯកឧត្តមបានគូសបញ្ជាក់អំពីចំណងមិត្តភាពដ៏រឹងមាំរវាងព្រះរាជវង្សកម្ពុជា និងព្រះរាជវង្សព្រះចៅអធិរាជជប៉ុន ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងស៊ីជម្រៅនិងយូរអង្វែងរវាងប្រទេសទាំងពីរ ហើយ ឆ្នាំ២០២៥ នេះ គឺជាខួបទី៧២ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន និងជាខួប២ឆ្នាំ នៃ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងកម្ពុជា-ជប៉ុន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចអំពីការចូលរួមយ៉ាងសកម្មរបស់ជប៉ុនក្នុងដំណើការអភិវឌ្ឍប្រទេសកម្ពុជា ចាប់តាំងពីទស្សវត្សទី៩០ ដែលជប៉ុនបានដើរតួយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព ការរក្សាសន្តិភាព ការស្ដារ​ឡើងវិញនីតិសម្បទា និងការអភិវឌ្ឍ ហើយមកទល់ពេលនេះ ជប៉ុននៅតែបន្តផ្ដល់នូវជំនួយមកកម្ពុជាក្នុងវិស័យជាច្រើន សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ចនិងការវិវត្តសង្គម តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាស្ពាន ផ្លូវ កំពង់ផែ ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល ការពង្រឹងស្ថាប័នសាធារណៈ និងការកែទម្រង់ច្បាប់ ជាដើម។

ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការ​ដឹកនាំរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកប្រទេសជប៉ុនគឺជាដៃគូដ៏សំខាន់បំផុតមួយ និងប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត។ កម្ពុជានិងជប៉ុនបានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងល្អ ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ ដូចជា ការរក្សាសន្តិភាពអន្តរជាតិក្រោមឆ័ត្រអង្គការសហប្រជាជាតិ, ការប្រែប្រួលអាកាសធាតុ, ការប្រយុទ្ធប្រឆាំង​អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព និងសុវត្ថិភាពពិភពលោក។ទន្ទឹមនេះ ជប៉ុនបាននិង​កំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា ដែលឆ្លុះ​បញ្ចាំងតាមរយៈ​ការបន្តកើនឡើងនៃទំហំពាណិជ្ជកម្ម​ទ្វេភាគីសរុប ពី១,៤ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៧ ដល់ ២,២ពាន់​លាន​ដុល្លារអាម៉េរិក នៅឆ្នាំ២០២៤។ លើសពីនេះ ជប៉ុនបានវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានចូលរួមជាវិជ្ជមានដល់ដំណើរអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈ​ការបង្កើតការងារ​​រាប់ពាន់កន្លែង ការបណ្ដុះបណ្ដាល​ជំនាញនិងផ្ទេរបច្ចេកវិទ្យា ដែលជាការរួមចំណែកជួយពង្រឹង​ភាពប្រកួតប្រជែង​ឧស្សាហកម្ម និងផលិតភាពការងារ​របស់កម្ពុជា។ ជាក់ស្តែង មានក្រុមហ៊ុនជប៉ុនល្បីៗដូចជា Minebea, AEON និង Toyota បាននិងកំពុងដំណើរការយ៉ាងល្អប្រសើរនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងការកើនឡើងនូវភាពមិនប្រកដប្រជា និងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃភូមិសាស្ត្រនយោបាយ កម្ពុជានិងជប៉ុនបានបង្ហាញនូវការប្ដេជ្ញាចិត្តឥតងាករេ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃ សន្តិភាព, ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរក្សាសណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ សំខាន់ជាងនេះទៅទៀត ប្រទេសទាំងពីរក៏បង្ហាញនូវគុណតម្លៃរួមគ្នា និងចក្ខុវិស័យរួម សម្រាប់ស្ថិរភាពក្នុងតំបន់និងពិភពលោក​ ហើយយើងនឹងបន្តធ្វើការរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នៃសេដ្ឋកិច្ច។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្វាយព្រះពរ ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ និងព្រះមហាក្សត្រី ម៉ាសាកូ, ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមមានព្រះរាជសុខភាពល្អ និងព្រះជន្មយឺនយូរ និងជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលមាន​វត្តមានក្នុងពិធីនេះសូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់កិច្ចការងារ ជាពិសេសប្រជាជាតិទាំងពីរ សូមប្រកបដោយសុភមង្គល និងវិបុលភាព។




អត្ថបទបន្ទាប់


រដ្ឋាភិបាល ជំរុញឱ្យក្រសួងពាណិជ្ជកម្មបង្កើនសមត្ថភាពពិសោធន៍រកមេរោគលើទុរេននាំចូលពីប្រទេសជិតខាង

បន្ទាប់ពីប្រទេសចិន បានហាមឃាត់ និងរឹតត្បិតលើការនាំចូលផ្លែទុរេនស្រស់ពីប្រទេសវៀតណាម និងថៃ ក្រោយរកឃើញមានផ្ទុកសារធាតុគីមី ដែលអាចប៉ះពាល់ដល…

គម្រោងលំនៅឋានធំៗ៤ ត្រូវបានបើកការដ្ឋានសាងសង់ និងលក់នៅដើមឆ្នាំ២០២៥ តើវាបានបង្ហាញសញ្ញាយ៉ាងណាពីវិស័យអចលនទ្រព្យ?

វិស័យអចលនទ្រព្យកម្ពុជា ស្ថិតក្នុងចំណោមវិស័យមួយដែលរងផលប៉ះពាល់ខ្លាំងដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ និងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់ពិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ