គ្រោះធម្មជាតិ

ព្យុះណូរុបោកបក់ខ្លាំង បង្ខំឲ្យវៀតណាមត្រូវបិទសាលារៀន ព្រលានយន្តហោះ និងដាក់បម្រាមគោចរ


ចាប់តាំងពីថ្ងៃទី២៧កញ្ញាមកអាជ្ញាធរវៀតណាមបានផ្តើមដាក់ចេញបំរាមគោចរលើការធ្វើដំណើរក្នុងតំបន់មួយចំនួន បិទសាលារៀន និងប្រកាសបិទព្រលានយន្តហោះស្ទើរនៅពាក់កណ្តាលប្រទេស ដែលធ្វើឱ្យជើងហោះហើររាប់រយជើងត្រូវលុបចោល ក្រោយការមកដល់របស់ព្យុះ ណូរុ (Noru) កាលពីព្រឹកព្រលឹមថ្ងៃពុធទី២៨ខែកញ្ញា បានបង្កជាគ្រោះទឹកជំនន់ ខ្យល់ព្យុះ បង្កការខូចខាតជាច្រើន។ អាជ្ញាធរក៏បានព្រមានផងដែរអំពីទឹកជំនន់ ដែលអាចបង្កឡើងដោយព្យុះឈ្មោះដ៏ខ្លាំងក្លាមួយនេះ។
ព្យុះណូរុបោកបក់ខ្លាំង បង្ខំឲ្យវៀតណាមត្រូវបិទសាលារៀន ព្រលានយន្តហោះ និងដាក់បម្រាមគោចរ (រូបភាព៖ ស៊ីអិនអិន)
ដោយ

ទោះយ៉ាងណា ទីក្រុងហាណូយ ក៏បានបន្ថយកម្រិតព្យុះមួយនេះ ពីកម្រិតព្យុះទីហ្វុង ដែលមានសមត្ថភាពបោកបក់ខ្លាំង មកត្រឹមព្យុះត្រូពិកវិញផងដែរ។

ទោះបានទម្លាក់កម្រិតព្យុះក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលវៀតណាមបន្តព្រមាន ពលរដ្ឋឱ្យមាន​ការប្រុង​ប្រយ័ត្ន​ព្រោះ​ហានិភ័យ​ពី​ទឹកជំនន់ និង​ការរអិល​បាក់​ដី ​ដែល​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំងឥតឈប់។

ដោយឡែក ចាប់ពីព្រឹកថ្ងៃពុធសប្តាហ៍នេះ ស្ទើរតែពាក់កណ្តាលនៃអាកាសយានដ្ឋានរបស់ប្រទេសវៀតណាមនៅទូទាំងប្រទេសត្រូវបានបិទ សាលារៀន និងការិយាល័យធ្វើការនៅទូទាំងខេត្តភាគកណ្តាលមួយចំនួន រួមទាំងនៅទីក្រុងដាណាង​ក៏ត្រូវបានបិទ និងផ្អាកដំណើរការផងដែរ។ តំបន់មួយចំនួនដែលរងខ្យល់បោកបក់ខ្លាំង​ត្រូវបានអាជ្ញាធរ​កំណត់​បម្រាមគោចរ មិនឱ្យមានការធ្វើដំណើរផ្តេសផ្តាសឡើយ។

ទីភ្នាក់ងារអាកាសធាតុបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមថា ព្យុះនេះបានផ្តើមបោកបក់ដំបូងជាមួយនឹងកម្លាំងខ្យល់ ១១៧គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងខេត្តខ្វាងណាំ(Quang Nam) ដែលជាទីក្រុងប្រវត្តិសាស្ត្រ ហុយអាន ​ហើយត្រូវបានគេប៉ាន់ស្មានថា ល្បឿនខ្យល់អាចកើនដល់​ជាង១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមឱ្យដឹងទៀតថា ក្រសួងការពារជាតិបានចល័តទាហានប្រហែល ៤ម៉ឺននាក់ និងកម្លាំងអាជ្ញាធរដទៃប្រមាណ ២០ម៉ឺននាក់ទៀត បំពាក់ដោយរថពាសដែក និងទូក ដើម្បីត្រៀមសម្រាប់ប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយ។

បើយោងតាមសារព័ត៌មានវៀតណាម VNA បានឱ្យដឹងថា ពលរដ្ឋជាង១០ម៉ឺនគ្រួសារ ស្មើនឹង មនុស្សជាង៤០ម៉ឺននាក់ត្រូវបានជម្លៀសចេញទៅកាន់កន្លែងមានសុវត្ថិភាព។​

គួរជម្រាបថា ព្យុះណូរុ គឺជាព្យុះដ៏ខ្លាំងបំផុតដែលបានបោកបក់ប្រទេសហ្វីលីពីននៅក្នុងឆ្នាំនេះ បានធ្វើដំណើរចេញពីហ្វីលីពីន ក្រោយបោកបក់នៅទីនោះចាប់ពីចុងសប្តាហ៍មុន និងបានឆក់យកជីវិតមនុស្ស៨នាក់។ ទោះយ៉ាងណា គិតត្រឹមថ្ងៃទី២៨កញ្ញា មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនៅក្នុងប្រទេសវៀតណាមនោះទេ។

ព្យុះនេះនឹងបន្តនាំមកនូវខ្យល់បក់ខ្លាំងនៅតាមខេត្តឆ្នេរសមុទ្រក្បែរទីក្រុងដាណាង ហើយត្រូវបានគេរំពឹងថា នឹងចុះខ្សោយ នៅពេលដែលវាផ្តើមបោកបក់ដល់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ប្រទេសវៀតណាមភាគកណ្តាល ភាគខាងត្បូងប្រទេសឡាវ និងភាគខាងជើងប្រទេសថៃសុទ្ធតែជាតំបន់ ប្រឈមមុខនឹងហានិភ័យនៃទឹកជំនន់ក្នុងរយៈពេល៤៨ម៉ោងបន្ទាប់។

សូមជម្រាបថា វៀតណាមក៏ជាប្រទេសងាយរងគ្រោះដោយសារគ្រោះធម្មជាតិមួយដែរ ពិសេសខ្យល់ព្យុះនិងទឹកជំនន់ ដោយសារតែព្រំប្រទល់ជាប់ឆ្នេរសមុទ្រដ៏វែងរបស់ខ្លួន។ ទិន្នន័យផ្លូវការបានបង្ហាញថា គ្រោះមហន្តរាយធម្មជាតិ ដែលភាគច្រើនជាទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះ បានសម្លាប់មនុស្ស ១៣៩នាក់ និង១៥០នាក់ផ្សេងទៀតរងរបួសនៅក្នុងកាលពីឆ្នាំ២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥឡូវនេះ គណនីវ៉លឡេតលើអេស៊ីលីដាម៉ូបាលអាចទទួលប្រាក់ ឬសន្សំប្រាក់ដុល្លារដល់ ៥ម៉ឺន និងប្រាក់រៀល ២០០លាន

ព័ត៌មាន
អេស៊ីលីដា ជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត កំពុងមានការពង្រីកសេវាកម្មរបស់ខ្លួនកាន់តែខិតទៅរកអតិថិជន តាមរយៈការពង្រីកនូវសេវាធនាគារឌីជី…

អ្នកជំនាញកសិកម្មរំពឹងការនាំចេញផលិតផលកសិកម្មកើនឡើង ខណៈFTAកម្ពុជា-កូរ៉េ ត្រូវបានរដ្ឋសភាកូរ៉េផ្តល់សច្ចាប័ន

ព័ត៌មាន
នៅទីបំផុតរដ្ឋសភាកូរ៉េខាងត្បូងបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជារួចរាល់ហើយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ