តាមការលើកឡើងពីប្រធាននាយកប្រតិបត្តិក្រុមហ៊ុន CP All នៅក្នុងគេហទំព័របាងកកប៉ុស្ដិ៍ បានឲ្យដឹងថា ការពង្រីកខ្លួនរបស់ហាង 7-Eleven នេះ នឹងក្លាយជាស្នាមជើងជោគជ័យថ្មីរបស់ក្រុមហ៊ុននេះ នៅក្នុងទីផ្សារថ្នាក់តំបន់ បន្ថែមពីលើទីផ្សារនៅប្រទេសថៃ ដែលកំពុងរីកដុះដូចផ្សិតនាពេលបច្ចុប្បន្ន។
ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន CP All Plc ដែលជាក្រុមហ៊ុនមេទទួលបានសិទ្ធិប្រតិបត្តិហាង 7-Eleven នៅប្រទេសថៃ លោក Suphachai Chearavanont បានលើកឡើងថា ការវិនិយោគលើសាខាបន្ថែមរបស់ហាង 7-Eleven មិនគួរត្រូវបានកំណត់យកតែនៅប្រទេសថៃនោះទេ ប៉ុន្ដែ ត្រូវតែមានការវិនិយោគទៅកាន់ទីផ្សារដែលមានសក្ដានុពលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកបន្ថែមថា ក្រុមហ៊ុន CP ALL Plc ដែលកំពុងគ្រប់គ្រងហាង 7-Eleven នៅប្រទេសថៃ នឹងធ្វើការពិភាក្សាអំពីផែនការយុទ្ធសាស្ត្របន្ថែមទៀត ជាមួយនឹងក្រុមហ៊ុន Seven & I Holdings Co Ltd ដែលជាក្រុមហ៊ុនជប៉ុន និងជាក្រុមហ៊ុនមេរបស់ 7-Eleven ផងដែរ។
ទោះយ៉ាងណា លោក Suphachai មិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់ ចំពោះការពង្រីកខ្លួននេះនៅឡើយទេ។ ប៉ុន្ដែ កន្លងមក ក្រុមហ៊ុន CP ALL តាមរយៈក្រុមហ៊ុន Siam Makro ក៏បានពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្រៅប្រទេសផងដែរ ដូចជា នៅប្រទេសកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌា ជាដើម។ ដូច្នេះ ប្រទេសទាំងអស់នេះ អាចនឹងក្លាយជាមុខព្រួញទីផ្សារដ៏សំខាន់មួយសម្រាប់ការពង្រីកខ្លួនបន្ថែមនៅក្នុងតំបន់របស់ 7-Eleven។
សូមជម្រាបថា 7-Eleven មានមូលដ្ឋានដើមនៅសហរដ្ឋអាមេរិក និងមានសាខារបស់ខ្លួនសរុបជាង ៦ម៉ឺនកន្លែងនៅទូទាំងពិភពលោក។ ក្នុងនោះហាង 7-Eleven បានចូលមកក្នុងប្រទេសថៃ តាំងពីឆ្នាំ ១៩៨៩ មកម្ល៉េះ ខណៈដែលបច្ចុប្បន្ន មានសាខាសរុបប្រមាណជាង ១ម៉ឺនកន្លែង និង ៥០% មានទីតាំងនៅក្នុងទីក្រុងបាងកក។ យ៉ាងណាមិញ នៅឆ្នាំ២០១៨ ក្រុមហ៊ុន CP All គ្រោងនឹងពង្រីកសាខាហាង 7-Eleven ឲ្យបាន ៧១០សាខាបន្ថែមទៀត។
ទោះយ៉ាងណា ហាងលក់ទំនិញដ៏ល្បីឈ្មោះមួយនេះ នៅមិនទាន់មានវត្តមាននៅកម្ពុជាយើងនៅឡើយទេ ខណៈដែលកាលពីជាច្រើនឆ្នាំមុន ធ្លាប់មានដំណឹងលេចឮថា ហាង 7-Eleven នេះ មានបំណងមកបើកក្នុងទីផ្សារកម្ពុជាដែរ។ យ៉ាងណាក៏ដោយចុះ ថ្មីៗនេះហាងលក់ទំនិញម៉ាក Franchise ដែលមានលក្ខណៈស្រដៀងនឹង 7-Eleven ដែរនោះ គឺហាង Circle K ក៏បានចូលមកកាន់ទីផ្សារកម្ពុជារួចទៅហើយ ខណៈដែលបច្ចុប្បន្ន បាននិងកំពុងពង្រីកខ្លួនជាច្រើនសាខាផងដែរ៕