លោក Amin Nasser បានឱ្យដឹងថា សង្គ្រាមរយៈពេល ៧ខែ រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានធ្វើឱ្យការផ្គត់ផ្គង់ប្រេងពីតំបន់មជ្ឈិមបូព៌ាធ្លាក់ចុះជិត ៣ពាន់លានបារ៉ែល។ បរិមាណនេះស្មើនឹងប្រមាណពាក់កណ្តាលនៃប្រេងឆៅ និងប្រេងចម្រាញ់ ដែលគួរតែត្រូវបានដឹងឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងរយៈពេលដូចគ្នានេះ។
លោកបានបន្ថែមថា ប្រេងជាង ១ពាន់លានបារ៉ែល ត្រូវបានដកចេញពីស្តុក ដើម្បីទប់ស្កាត់ការខ្វះខាតនៃការផ្គត់ផ្គង់។ រដ្ឋាភិបាលនានាបានបញ្ចេញប្រេងជាង ៣០០លានបារ៉ែល ពីស្តុកយុទ្ធសាស្ត្រ ហើយកាលពីថ្ងៃសុក្រទី២ ខែតុលា ក៏បានព្រមព្រៀងគ្នាបញ្ចេញប្រេងបន្ថែមទៀតផងដែរ។
ទោះជាយ៉ាងណា លោក Nasser បាននិយាយថា បរិមាណប្រេងភាគច្រើនដែលត្រូវបានយកមកប្រើប្រាស់នាពេលកន្លងមក គឺដកយកមកពីស្តុករបស់ក្រុមហ៊ុនឯកជន ដែលលោកចាត់ទុកថា ជា «វិធីសាស្ត្រសំខាន់ចុងក្រោយ» សម្រាប់ទប់ទល់នឹងវិបត្តិការផ្គត់ផ្គង់។
ក្នុងសុន្ទរកថាសាធារណៈលើកដំបូងរបស់ខ្លួន ចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើម លោក Nasser បានប៉ាន់ប្រមាណថា បច្ចុប្បន្នស្តុកប្រេងពាណិជ្ជកម្មនៅលើពិភពលោកនៅសល់ តិចជាង ៦ពាន់លានបារ៉ែល ហើយភាគច្រើននៃបរិមាណនេះ មិនអាចយកមកប្រើប្រាស់បានភ្លាមៗនោះទេ។
លោកបានថ្លែងនៅក្នុងសន្និសីទ Energy Intelligence Forum នៅទីក្រុងឡុងដ៍ថ្មីៗនេះថា៖ «ប្រព័ន្ធនេះកំពុងរងសម្ពាធរួចទៅហើយ»។ លោកបន្ថែមថា ដោយសារពិភពលោកមានជម្រើសតិចតួចសម្រាប់ទប់ទល់នឹងការរំខាននៃការផ្គត់ផ្គង់ សមត្ថភាពបម្រុងរបស់ប្រព័ន្ធស្ដុកប្រេងក្នុងការទប់ទល់នឹងវិបត្តិក៏ «កំពុងស្ថិតក្នុងកម្រិតគួរឱ្យព្រួយបារម្ភខ្លាំង»ផងដែរ។
ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អ៊ីរ៉ង់បានវាយប្រហារលើនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈក្រុមប្រដាប់អាវុធដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅអ៊ីរ៉ាក់ និងយេម៉ែន បានវាយប្រហារលើបំពង់បង្ហូរប្រេង រោងចក្រចម្រាញ់ប្រេង និងកំពង់ផែរបស់ Saudi Aramco។
ការព្រមានរបស់នាយកក្រុមហ៊ុន Aramco បង្ហាញពីផលប៉ះពាល់ធ្ងន់ធ្ងរដែលជម្លោះនេះបានបង្កឡើងចំពោះទីផ្សារប្រេងពិភពលោក ទោះបីជាបច្ចុប្បន្នមានប្រព័ន្ធដឹកជញ្ជូនប្រេងដ៏ស្មុគស្មាញតាមច្រក Hormuz ដែលកំពុងជួយស្ដារលំហូរប្រេងឡើងវិញក៏ដោយ។
ទិន្នន័យរបស់ក្រុមហ៊ុន Kpler បង្ហាញថា ការដឹកជញ្ជូនប្រេងចេញពីប្រទេសនៅតំបន់ឈូងសមុទ្រ បានកើនឡើងដល់ ១៥.៥លានបារ៉ែលក្នុងមួយថ្ងៃ កាលពីខែមុន ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើម និងស្មើនឹងជាង ៨០% នៃកម្រិតមុនពេលមានជម្លោះ។
ប៉ុន្តែ ការដឹកជញ្ជូនប្រេងទាំងនេះមាន តម្លៃថ្លៃខ្លាំង ខណៈទីផ្សារប្រេងនៅតែមានការផ្គត់ផ្គង់តឹងតែង។ តម្លៃប្រេងឆៅនៅសមុទ្រខាងជើង (North Sea) ដែលត្រូវដឹកជញ្ជូនក្នុងខែនេះ បានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសាមក។
លោក Nasser ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលនានា ផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើ សន្តិសុខថាមពល និងភាពធន់នៃប្រព័ន្ធផ្គត់ផ្គង់ថាមពល។ សម្រាប់ក្រុមហ៊ុន Saudi Aramco វិញ លោក Nasser បានឱ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សា ផ្លូវថ្មីៗសម្រាប់នាំចេញប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីត ព្រមទាំងស្វែងរកទីតាំងស្តុកប្រេងបន្ថែមនៅក្រៅប្រទេស ដើម្បីជួយការពារអតិថិជនពីការរំខានដល់ការផ្គត់ផ្គង់នៅពេលអនាគត។