នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន អេកសៀស ដែលចេញផ្សាយកាលពីថ្ងៃទី៣ ខែតុលា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន បានរិះគន់ការព្រមានរបស់ថ្នាក់ដឹកនាំមួយចំនួនក្នុងវិស័យ AI អំពីហានិភ័យធ្ងន់ធ្ងរ ដែលបច្ចេកវិទ្យានេះអាចបង្កដល់មនុស្សជាតិ ដោយចាត់ទុកថា ការព្រមានបែបភ័យខ្លាចដោយគ្មានដំណោះស្រាយ គឺមិនមានប្រយោជន៍ឡើយ។
គួររំឭកថា កាលពីអំឡុងខែកញ្ញា នាយកប្រតិបត្តិក្រុមហ៊ុន Anthropic លោក ដារីអ៊ូ អាម៉ូដេ (Dario Amodei), នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក សេម អាល់មេន (Sam Altman) និងស្ថាបនិកក្រុមហ៊ុន xAI លោក អេឡិន ម៉ាស (Elon Musk) បានអំពាវនាវឱ្យបន្ថយល្បឿន នៃការអភិវឌ្ឍប្រព័ន្ធ AI ជឿនលឿនបំផុត។ ចំណែកឯសហស្ថាបនិកក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេត (Bill Gates) ក៏បានព្រមានអំពីផលវិបាកធ្ងន់ធ្ងរដែលអាចកើតមាន និងជំរុញឱ្យរដ្ឋាភិបាលដាក់ចេញបទប្បញ្ញត្តិគ្រប់គ្រង AI ផងដែរ។
ទោះជាយ៉ាងណាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានច្រានចោលការអំពាវនាវឱ្យមានបទប្បញ្ញត្តិសហព័ន្ធថ្មី ដើម្បីគ្រប់គ្រង AI ដោយលើកឡើងថា អាម៉េរិកត្រូវតែរក្សាភាពនាំមុខរបស់ខ្លួនលើប្រទេសចិន។ លោក ស្កុត បេសសេន ក៏គាំទ្រជំហរនេះដែរ ដោយបញ្ជាក់ថា អាម៉េរិកចង់ជំរុញការអភិវឌ្ឍ AI ឱ្យបន្តទៅមុខប្រកបដោយសុវត្ថិភាព គឺមិនមែនបញ្ឈប់ការរីកចម្រើននោះទេ។
ទន្ទឹមនឹងនេះ លោក ក៏បានលើកឡើងពីផែនការបង្កើតប្រព័ន្ធជូនដំណឹងរវាងអាម៉េរិក និងចិន ដើម្បីចែករំលែកព័ត៌មានអំពីឧប្បត្តិហេតុធ្ងន់ធ្ងរបង្កឡើងដោយ AI និងជួយទប់ស្កាត់ហានិភ័យ មុនពេលបញ្ហារីករាលដាលជាសកល។ តែយ៉ាងណាលោកបានព្រមានថា ឧបករណ៍ AI ដែលមានសមត្ថភាពខ្ពស់ ប៉ុន្តែខ្វះការការពារសុវត្ថិភាពគ្រប់គ្រាន់ អាចនឹងត្រូវបានប្រើប្រាស់ខុសគោលដៅ រួមទាំងការវាយប្រហារតាមអ៊ីនធឺណិត និងការបង្កការគំរាមកំហែងជីវសាស្ត្រផងដែរ។ សម្រាប់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិករូបនេះ បញ្ហាប្រឈម គឺការរក្សាល្បឿននៃការអភិវឌ្ឍ AI ទន្ទឹមនឹងការធានាថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវទទួលខុសត្រូវចំពោះហានិភ័យដែលបច្ចេកវិទ្យានេះអាចបង្កឡើង៕