
បច្ចុប្បន្ន ទីក្រុងរណបទាំងអស់នោះស្ថិតក្នុងដំណាក់កាលកំពុងសាងសង់និងកំពុងតែរៀបចំការសាងសង់។
គម្រោងអភិវឌ្ឍន៍ទាំងនោះ នឹងរួមបញ្ចូលគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននិងតំបន់ពាណិជ្ជកម្ម អគាររដ្ឋបាល មជ្ឈមណ្ឌលផ្សារទំនើប ក្លឹបហាត់បា្រណ ព្រមទាំងសួនឧស្សាហកម្ម សាលារៀន មន្ទីរពេទ្យ និងសេវាសាធារណៈផ្សេងទៀត ដែលមន្ត្រីសាធារណៈកម្ពុជាមើលឃើញថាជាចម្លើយមួយឆ្លើយតបចំពោះភាពណែនតាន់តាប់ និងការកកស្ទះចរាចរណ៍និងជាមធ្យោបាយមួយ ដើម្បីបង្កើនការអភិវឌ្ឍពាណិជ្ជកម្មក្រៅពីតំបន់ទីប្រជុំជន។
គម្រោងទីក្រុងរណបធំៗទាំង៧ អនុម័តដោយរាជរដ្ឋាភិបាលកម្ពុជាកំពុងដំណើរការរួមមាន៖

១. ទីក្រុងរណបកាំកូស៊ីធី
ម្ចាស់គម្រោង៖ ក្រុមហ៊ុន វើល ស៊ីធី របស់កូរ៉េខាងត្បូងដែលតម្លៃគម្រោងចុះបញ្ជីទុនវិនិយោគប្រមាណ ២ពាន់លានដុល្លារអាមេរិក មានផ្ទៃក្រឡាសាងសង់ ១១៩ហិកតា ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ បឹងពោងពាយ ខណ្ឌឫស្សីកែវ ខាងជើងរាជធានីភ្នំពេញ។
ទីក្រុងរណបកាំកូស៊ីធី បានធ្វើការអភិវឌ្ឍសាងសង់រួចរាល់មួយចំនួន ដូចជា អគារខុនដូរ ផ្ទះវីឡា ផ្សារ សាលរៀន។ បច្ចុប្បន្ន កំពុងដំណើរការអភិវឌ្ឍសាងសង់បន្តទៀត។ មិនដឹងពីកាលបរិច្ឆេទបញ្ចប់គម្រោងសាងសង់ច្បាស់លាស់នោះទេ។

២. ទីក្រុងរណបហ្គ្រេនភ្នំពេញ អ៊ិនធើណេសិនណល់ ស៊ីធី
ម្ចាស់គម្រោង គឺឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេមបូឌា វ៉ាយ អ៊ិន ភី សហការជាមួយនឹងក្រុមហ៊ុនឥណ្ឌូនេស៊ី ស៊ីពូត្រា គ្រុប។ តម្លៃគម្រោងចុះបញ្ជីទុនវិនិយោគដំបូង ៦០០លានដុល្លារអាមេរិក ដែលមានផ្ទៃក្រឡាសាងសង់ចំនួន ២៦០ហិកតា ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌឫស្សីកែវ ខាងជើងរាជធានីភ្នំពេញ។
រហូតមកដល់ពេលនេះ ទីក្រុងរណបហ្គ្រេនភ្នំពេញ បានអភិវឌ្ឍសាងសង់ជាច្រើនដូចជា លំនៅដ្ឋាន វីឡា ផ្ទះល្វែង សួនទឹក ទីលានវាយកូនហ្គោល ដែលគម្រោងនីមួយៗ ចំណាយទឹកប្រាក់រាប់រយលានដុល្លារអាមេរិក។ បច្ចុប្បន្ន ទីក្រុងរណបនេះកំពុងដំណើរការអភិវឌ្ឍសាងសង់បន្តទៀត។ មិនដឹងពីកាលបរិច្ឆេទបញ្ចប់គម្រោងសាងសង់ច្បាស់លាស់នោះទេ។

៣. ទីក្រុងរណបកោះពេជ្រ ស៊ីធី
មា្ចស់គម្រោង គឺអ្នកឧកញ៉ា ពុង ឃាវសែ នៃប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបណ្តាក់ទុនវិនិយោគកម្ពុជាក្រៅប្រទេស តម្លៃគម្រោងចុះបញ្ជីទុនវិនិយោគ ១ពាន់លានដុល្លារអាមេរិក ផ្ទៃក្រឡាសាងសង់៖១០០ហិកតា ស្ថិតនៅតាមបណ្តោយទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
រហូតមកដល់ពេលនេះ ទីក្រុងរណបកោះពេជ្រមានសកម្មភាពលេចធ្លោជាងគេ ដែលបានកៀងគរអ្នកវិនិយោគបរទេសជាច្រើន ឲ្យមកបណ្តាក់ទុនសាងសង់អគារពាណិជ្ជកម្ម អគារលំនៅដ្ឋានដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ន កំពុងដំណើរការអភិវឌ្ឍសាងសង់បន្តទៀត។ មិនដឹងពីកាលបរិច្ឆេទបញ្ចប់គម្រោងសាងសង់ច្បាស់លាស់នោះទេ។

៤. ទីក្រុងរណបអភិវឌ្ឍន៍បឹងកក់
ម្ចាស់គម្រោងសាងសង់ ឯកឧត្តម ឧកញ៉ា ឡៅ ម៉េងឃិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ស៊ូកាគូអ៊ីន តម្លៃគម្រោងចុះបញ្ជីទុនវិនិយោគចំនួន ១ពាន់ ៥០០លានដុល្លារអាមេរិក ដែលមានផ្ទៃក្រឡាសាងសង់ប្រមាណ ១១៤ហិកតា។
បច្ចុប្បន្ន កំពុងតែដំណើរការសាងសង់សំណង់លំនៅដ្ឋាន ខុនដូ ផ្ទះល្វែង វីឡា និងមជ្ឈមណ្ឌលកម្សាន្តផ្សេងៗជាច្រើនទៀត ដែលបានចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។ ក្នុងគម្រោងប្លង់មេ នឹងមានការសាងសង់អគារពាណិជ្ជកម្មធំៗ ផ្សារទំនើប លំនៅដ្ឋានប្រណីតៗ អគារស្នាក់នៅរួម និងកន្លែងកម្សាន្តផ្សេងៗទៀត។
បច្ចុប្បន្ន កំពុងដំណើរការអភិវឌ្ឍសាងសង់បន្តទៀត។ មិនដឹងពីកាលបរិច្ឆេទបញ្ចប់គម្រោងសាងសង់ច្បាស់លាស់នោះទេ។

៥. ទីក្រុងរណបជ្រោយចង្វារ «ទីក្រុងនៃអនាគត»
មា្ចស់គម្រោង គឺអ្នកឧកញ៉ា ពុង ឃាវសែ នៃប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនបណ្តាក់ទុនវិនិយោគកម្ពុជាក្រៅប្រទេស។ តម្លៃគម្រោងចុះបញ្ជីទុនវិនិយោគ ១៦០០លានដុល្លារអាមេរិក ផ្ទៃក្រឡាសាងសង់មានទំហំ ៣៨៧ហិកតាស្ថិតនៅសង្កាត់ទន្លេជ្រោយចង្វារ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្ន គម្រោងទីក្រុងរណបមួយនេះកំពុងមានសកម្មភាពយ៉ាងខ្លាំងជាមួយនឹងការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវតភ្ជាប់ខ្វាត់ខ្វែង និងសាងសង់ផ្ទះល្វែងមួយចំនួនផងដែរ។
តាមផែនការ ទីក្រុងរណបនេះកំពុងដំណើរការទៅមុខយ៉ាងរលូនក្នុងគម្រោងប្លង់មេ និងមានការសាងសង់អគារពាណិជ្ជកម្មធំៗ ផ្សារទំនើប លំនៅដ្ឋានប្រណីតៗ អគារស្នាក់នៅរួម និង កន្លែងកំសាន្តផ្សេងៗទៀត។ តាមការប៉ាន់ស្មាន នឹងបពា្ចប់គម្រោងសាងសង់ក្នុងឆ្នាំ២០២៦។

៦. ទីក្រុងរណប លី យ៉ុងផាត់
ម្ចាស់គម្រោង គឺអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប តម្លៃគម្រោងចុះបញ្ជីទុនវិនិយោគ ១៥០០លានដុល្លារអាមេរិកផ្ទៃក្រឡាសាងសង់ប្រមាណ ជាង១០០០ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រុមហ៊ុន YLP Group កំពុងអភិវឌ្ឍតំបន់នេះឲ្យក្លាយទៅជាទីក្រុងរណបថ្មីមួយប្រកបដោយការទាក់ទាញអ្នកវិនិយោគ អ្នកធុរកិច្ច ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលកំសាន្តទេសចរណ៍ដោយមានទីលានវាយកូនហ្គោល សួនសត្វ សួនទឹកកំសាន្ត ពហុកីឡដ្ឋាន មរតកតេជោ និងសណ្ឋាគារផ្កាយប្រាំជាដើម។ បច្ចុប្បន្នកំពុងដំណើរការអភិវឌ្ឍសាងសង់បន្តទៀត។ មិនដឹងពីកាលបរិច្ឆេទបញ្ចប់គម្រោងសាងសង់ច្បាស់លាស់នោះទេ។

៧. ទីក្រុងរណប អ៊ឹង ស៊ីធី (ING City)
ម្ចាស់គម្រោង ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ING HOLDINGS តម្លៃគម្រោងចុះបញ្ជីទុនវិនិយោគ ២ពាន់លានដុល្លារអាមេរិកផ្ទៃក្រឡាសាងសង់ ២៥៧២ហិកតា ស្ថិតនៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ និងក្រុងតាខ្មៅ ដែលអភិវឌ្ឍស្ថិតក្នុងបឹងធម្មជាតិចំនួនពីរ គឺបឹងទំពុន និងបឹងជើងឯក ក្នុងរាជធានីភ្នំពេញ។
ក្រុមហ៊ុនបានសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្រវាត់ទីក្រុងរណបនេះ ដូចជា ផ្លូវ៦០ម៉ែត្រ សម្តេចតេជោ ហ៊ុន សែន សាលារៀនអន្តរជាតិភ្នំពេញ អគារតាំងបង្ហាញរថយន្ត Mercedes ផ្ទះល្វែង និង មានក្រុមហ៊ុនបុរី ប៉េងហួត បានទៅបោះទីតាំងអភិវឌ្ឍន៍លំនៅដ្ឋាននៅក្នុងទីក្រុងរណបនោះដែរ។
ក្រុមហ៊ុន ING HOLDINGS កំពុងអភិវឌ្ឍតំបន់នេះឲ្យក្លាយទៅជាទីក្រុងរណបថ្មីមួយប្រកបដោយការទាក់ទាញអ្នកវិនិយោគ មជ្ឈមណ្ឌលអគារពាណិជ្ជកម្ម អគារលំនៅដ្ឋាន ព្រលានយន្តហោះ សាលារៀន សណ្ឋាគារផ្កាយប្រាំ ជាដើម។ បច្ចុប្បន្ន កំពុងដំណើរការអភិវឌ្ឍសាងសង់បន្តទៀត។ មិនដឹងពីកាលបរិច្ឆេទបញ្ចប់គម្រោងសាងសង់ច្បាស់លាស់នោះទេ។
អ្នកជំនាញនិងអ្នកវិនិយោគបញ្ចេញគំនិតជុំវិញការបង្កើតទីក្រុងរណបថ្មី
លោកឧកញ៉ា សៀ ឫទី្ធ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលប្រ៊ីដ គ្រុប ជាវិនិយោគិនខ្មែរដ៏ល្បីល្បាញមួយរូប ដែលបានបោះទុនរាប់ពាន់លានដុល្លារអាមេរិកទៅលើអគារខ្ពស់ៗជាងគេនៅកម្ពុជា និង តំបន់សេដ្ឋកិច្ចពិសេស បានមានប្រសាសន៍បា្រប់ ខេមបូណូមីស ថា ការដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តបង្កើតឲ្យមានការអភិវឌ្ឍទីក្រុងរណបនៅជុំវិញរាជធានីភ្នំពេញនេះឡើង គឺជាជំនួយដ៏ល្អប្រសើរបំផុត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅកណ្តាលរាជធានីភ្នំពេញ។
លោកឧកញ៉ាបន្តថា សព្វថ្ងៃនេះ រាជធានីភ្នំពេញកំពុងតែក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹក។ ហើយវាត្រឹមត្រូវណាស់ដែលរដ្ឋាភិបាលសម្រេចចិត្តបង្កើតទីក្រុងថ្មីយ៉ាងដូច្នេះ។ ទីក្រុងទាំងអស់នេះ នឹងផ្តល់ឲ្យប្រជាជនកម្ពុជានូវជីវិតដ៏ប្រសើរនាពេលអនាគត ជាមួយនឹងការបង្កើតមុខរបរការងារជាច្រើនដល់ប្រជាជន។

លោកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់អះអាងថា រាជរដ្ឋាភិបាលកម្ពុជាសុទ្ធតែបានកំណត់ទីតាំងគម្រោងប្លង់មេច្បាស់លាស់រួចហើយ ថា តំបន់ណាត្រូវធ្វើអ្វីខ្លះដើម្បីជៀសវាងការកើតមានបញ្ហាផ្សេងៗ ទៅថ្ងៃក្រោយ។
ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍទីក្រុងរណបនេះដែរ យោងតាមមន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ ខេមបូណូមីស ថា រហូតមកដល់ពេលនេះ គម្រោងទីក្រុងរណបទាំងអស់នេះ នៅស្ថិតក្នុងដំណាក់កាលសាងសង់ ហើយអ្វីៗដំណើរការទៅយ៉ាងរលូនទៅតាមផែនការគម្រោងប្លង់មេរបស់ក្រុងភ្នំពេញ។ យើងមិនឃើញមានបញ្ហាអ្វីកើតឡើងនោះទេ។ ហើយការអភិវឌ្ឍទីក្រុងរណបមួយ មិនមែនចំណាយពេលបញ្ចប់ការសាងសង់ត្រឹមតែពីរ ឬបីឆ្នាំនោះទេ ហើយទាមទារឲ្យមានកិច្ចប្រជុំជាច្រើន ដើម្បីពិនិត្យវាយតម្លៃជំហានផែនការអភិវឌ្ឍន៍នីមួយៗ។

ជុំវិញទៅនឹងការបង្កើតទីក្រុងរណបនេះ លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលនទ្រព្យកម្ពុជា និងជាអគ្គនាយក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល បានលើកឡើងថា វាជាប្រការល្អក្នុងការបង្កើតឲ្យមានទីក្រុងរណបទាំងអស់នោះដូចការជួយសម្រួលចរាចរណ៍ ប៉ុន្តែ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងទីក្រុងរណបទាំងអស់នោះ ត្រូវតែសិក្សាឲ្យបានល្អិតល្អន់ទៅលើគម្រោងផែនការ ប្លង់មេរបស់ទីក្រុង បើមិនដូច្នេះទេ គម្រោងទាំងនេះនឹងបង្កឲ្យមានបញ្ហាស្មុគស្មាញច្រើន។

ជាមួយគ្នានេះដែរ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានធ្វើការអះអាងថា ប្រហាក់ប្រហែលគ្នាថា វាជារឿងល្អណាស់ដែលតម្រូវឲ្យមានទីក្រុងរណបដើម្បីរំដោះចរាចរណ៍ដែលកំពុងកកស្ទះរាល់ថ្ងៃ។
ឧកញ៉ា នួន រិទ្ធី បញ្ជាក់ថា រាជធានីភ្នំពេញជាទីក្រុងដ៏គួរឲ្យទាក់ទាញមួយ ដែលត្រូវបានរៀបចំផែនការទីក្រុងរណបនេះឡើង។ លោកថា លក្ខណៈសណ្ឋានដីនិងកម្ពស់វាលទំនាបរបស់រាជធានីនេះ មានលក្ខណៈប្រហាក់ប្រហែលទៅនឹងទីក្រុងបាងកក។ មានហេដ្ឋារចនាសម្ព័ន្ធល្អ ហើយលោកចង់ឲ្យមានការអភិវឌ្ឍទីក្រុងរណបនៅតំបន់ជាយក្រុង ដោយគោរពទៅតាមលក្ខណៈរចនាសម្ព័ន្ធ និងផែនការប្លង់មេទីក្រុង៕