Advertisement
ពាណិជ្ជករ​ជោគជ័យ

មហាសេដ្ឋី ពុង ឃាវសែ តារាជំនួញ«អាត់កឺ»​នៅកម្ពុជា?


«ធ្វើ​ជា​អ្នក​មាន​មិន​មែន​ស្រួល​ដូច​ការ​គិត​នោះ​ទេ។ ធ្វើការ​គ្មាន​ពេល​សម្រាក​ទេ កុំ​ថា​ឡើយ ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ​នោះ មិន​ថា​យប់ មិន​ថា​ថ្ងៃ…។ ខ្ញុំ​មិន​អាច​ដាក់​អំរែក​ការងារ​ខ្ញុំ​ដើម្បី​ឈប់​សម្រាក ឬ ចូល​និវត្តន៍​ពី​​មុខជំនួញ​ខ្ញុំ​ឡើយ!»
អ្នក​ឧកញ៉ា​ ពុង ឃាវសែ ប្រធាន​ក្រុម​ប្រឹក្សាភិបាល ធនាគារ កាណាឌីយ៉ា។
ដោយ
Advertisement

«ខ្ញុំ​​មាន​​អំរែក​​ធ្ងន់​​ណាស់​​សម្រាប់​បុគ្គលិក​របស់​ខ្ញុំ​ប្រមាណ​ជាង ១​ម៉ឺន ៤​​ពាន់​នាក់ និង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​ខ្ញុំ។ ដូច្នេះ ខ្ញុំ​មិន​អាច​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​ប្អូន (ខេមបូណូមីស) ថា ខ្ញុំ​ចូល​និវត្តន៍​ពី​ការងារ​មុខ​ជំនួញ​របស់​ខ្ញុំ​នៅ​ពេល​ណា​នោះ​ឡើយ»។

ពាក្យ​ពេចន៍​ខាង​​លើ​នេះ គឺ​ជា​ប្រសាសន៍​លើក​ឡើង​ដោយ​ភាព​ម៉ឺងម៉ាត់​ដាច់​ខាត លាយ​ឡំ​នឹង​ស្នាម​ញញឹម​របស់​អ្នក​ឧកញ៉ា ពុង ឃាវសែ ដែល​​ជា​វិនិយោគិន​និង​ពាណិជ្ជករ​ដ៏​ល្បី​ល្បាញ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា ដែល​​សារព័ត៌មាន ​អេឡិចត្រូនិក ខេមបូណូមីស បាន​ជួប​សម្ភាសន៍​ផ្តាច់​មុខ​មួយ កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក​ឧកញ៉ា ពុង ឃាវ​សែ បាន​មាន​ប្រសាសន៍​បន្ត​យ៉ាង​ដូច្នេះ​ថា ៖ «សព្វថ្ងៃ ខ្ញុំ​ប្រឹង​ណាស់ ហត់​នឿយ​ណាស់ ប៉ុន្តែ កូន​​ខ្ញុំ​គេ​មិន​សរសើរ​ទេ ព្រោះ​ឪ​វា​ធ្វើការ​នឿយ​ពេក (សើច…) ធ្វើ​ជា​ថៅ​កែ​គេ មេ​ដឹកនាំ​គេ ត្រូវ​តែ​ធ្វើ​ជា​គំរូ​ល្អ​ដល់​ពួក​គេ ខ្ញុំ​គ្មាន​ពេល​ទំនេរ​វាយ​កូលហ្គោល​ដូច​អ្នក​មាន​ដទៃ​ទេ សម្ពាយ​របស់​ខ្ញុំ​ធ្ងន់​ណាស់ សម្រាប់​ចិញ្ចឹម​បុគ្គលិក​ខ្ញុំ ជាង ១៤.០០០​នាក់ និង​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​ខ្ញុំ​ឲ្យ​ជឿន​លឿន​ដូច​គេ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ប្រឹង…»។

អ្នក​ឧកញ៉ា ពុង ឃាវសែ (រូបខាងស្ដាំ) ថតរូប​អនុស្សាវរីយ៍​ជាមួយ​លោក ជា ចាន់តូ អគ្គទេសាភិបាល​ ធនាគារ​ជាតិ​នៃ​កម្ពុជា។
Advertisement

ដោយសារ​តែ​ហេតុផល​ទាំង​អស់​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ឧកញ៉ា ពុង ឃាវ​សែ ហាក់​បី​ដូចជា​មិន​ស្រុត​ចុះ​សោះ ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កាន់​តែ​ល្បី​រន្ទឺ​ឡើងៗ ដោយ​លោក​ទទួល​បាន​នូវ​ភាព​ជោគជ័យ​នៅ​ក្នុង​គម្រោង​វិនិយោគ​ធំៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​ក្រៅ​ប្រទេស​មួយ​ចំនួន​ នៅក្នុង​តំបន់​អាស៊ី ពិសេស ជាមួយ​ដៃគូ​វិនិយោគ​ដ៏​ស្អិត​ល្មួត​របស់កម្ពុជា​ គឺ ចិន។

ជាអ្នក​វិនិយោគ​ដ៏​មាន​ឥទ្ធិពល​និង​រឹង​មាំ​បំផុត​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្ស​នៅ​ក្នុង​ពិភព​ជំនួញ​នៅ​កម្ពុជា​ក៏​ដូចជា​ក្រៅ​ប្រទេស ដែល​មហាជន​ដាក់​រហស្សនាម​ក្រៅ​ផ្លូវការ​ឲ្យ​លោក​ឧកញ៉ា ពុង ឃាវ​សែ ថា ជា​​តារា​​ជំនួញ​អាត់កឺ ដែល​ជា​អ្នក​ជំនួញ​​លេច​​ធ្លោ​​ជាង​​គេ​​ក្នុងចំណោម​ឧកញ៉ា​ទាំង​អស់​នៅ​កម្ពុជា។  

តារា​ជំនួញ​លេច​ធ្លោ​ជាង​គេ ឬ​រហស្សនាម​អ្នក​ជំនួញ «អាត់កឺ»​នេះ មិន​មាន​អ្វី​វាស់​ស្ទង់ និង​វាយ​តម្លៃ​ឲ្យ​បាន​ជាក់​ច្បាស់​ពី​ស្ថាប័ន​ណា​នោះ​ឡើយ។ ទាំង​អស់​នេះ គឺ​លើក​ឡើង​របស់​មតិ​សាធារណជន​ទូទៅ​ដែល​បាន​វាយ​តម្លៃ និង​តែងតែ​និយាយ​ក្រៅ​ផ្លូវ​ការ​តែ​ប៉ុណ្ណោះ។ 

ហើយ​មែន​ទែន​ទៅ សារព័ត៌មាន​អេឡិចត្រូនិច ខេមបូណូមីស ក៏មិនមានទិន្នន័យ​ច្បាស់​​លាស់​ណា​មួយ​បញ្ជាក់​ថា អ្នក​ឧកញ៉ា ពុង ឃាវសែ មាន​ទ្រព្យ​សម្បត្តិ​ច្រើនជាង​គេ​បំផុត​នៅ​កម្ពុជា​នោះ​ដែរ។ ប៉ុន្តែ អ្វី​ដែល​មហាជន​មើល​ឃើញ គឺ​តាម​រយៈ​សកម្មភាព ការ​វិនិយោគ​ដ៏​មហិមា​របស់​លោក​ទៅ​លើ​គម្រោង​ធំៗ​ជា​ច្រើន ដែល​គម្រោង​នីមួយៗ សុទ្ធ​តែ​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Advertisement

តើ​មហា​សេដ្ឋី​អាត់កឺ ពុង ឃាវ​សែ បាន​វិនិយោគ​ទៅ​លើ​អ្វី​ខ្លះ?

បច្ចុប្បន្ន អ្នក​ឧកញ៉ា ពុង ឃាវសែ មាន​តួនាទី​សំខាន់ៗ​ជា​ច្រើន ដូចជា ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ធនាគារ កាណាឌីយ៉ា អគ្គនាយក​ក្រុមហ៊ុន​វិនិយោគទុន​អាណិក​ជន​កម្ពុជា (OCIC) ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា ប្រធាន​សមាគម​ធនាគារ​កម្ពុជា ប្រធាន​សមាគម ខែ្មរ-ចិន និង​តួនាទី​ជា​ច្រើន​ទៀត។

លោក​ឧកញ៉ា ពុង ឃាវសែ បាន​វិនិយោគ​ស្ទើរ​តែ​គ្រប់​វិស័យ​ទាំង​អស់​នៅ​កម្ពុជា ប៉ុន្តែ អ្វី​ដែល​លេច​ធ្លោ​ជាង​គេ​ ជា​មុខ​ជំនួញ​ធំៗ​ល្បីៗ​ជាង​គេ​ចំនួន​ពីរ គឺ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​ធនាគារ ហិរញ្ញវត្ថុ និង សំណង់​​អចលន​ទ្រព្យ។ 

នៅ​ក្នុង​មុខ​ជំនួញ​ធនាគារ​និង​ហិរញ្ញវត្ថុ មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​ប្រាកដ​ជា​បាន​ដឹង​ហើយ គឺ​​ធនាគារ​កាណាឌីយ៉ា ដែល​ជា​មុខ​ជំនួញ​ដំបូង​របស់​លោក​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​រហូត​ដល់​ទៅ ៥៦ សាខា​ទូទាំង​​ប្រទេស និង ១សាខា នៅ​ប្រទេស​ឡាវ។ លោក​ក៏​មាន​ធនាគារ ប្រៃសណីយ៍​កម្ពុជា ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណភូមិ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ Cambodia-​Vietnam Insurance Plc. ជា​បន្ត​បន្ទាប់។ លោក​បាន​វិនិយោគ​ទៅ​លើ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ដែល​មាន​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ប្រមាណ​ជិត ៥០​រោងចក្រ បូករួម​ជាមួយ​នឹង​ផ្សារ ឃ្លាំង​ស្តុក​ទំនិញ ជា​ច្រើន​ទៀត ។

អ្នក​ឧកញ៉ា ពុង ឃាវសែ ក៏ត្រូវ​បាន​គេ​ចាត់ទុក​ជា​វិនិយោគិន​ដ៏​ធំ​មួយ​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ​ដែរ។ (រូបភាព៖ ហេង ភារម្យ)
Advertisement

រឹត​តែ​ល្បី​ល្បាញ​ជាង​នេះ​ទៅ​ទៀត អ្នក​ឧកញ៉ា ពុង ឃាវសែ បាន​បោះទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ចំនួន​ពីរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ទី១ ទីក្រុង​រណប​កោះពេជ្រ ដែល​បច្ចុប្បន្ន​កំពុង​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម ទេសចរណ៍ ដ៏​ទាក់​ទាញ​បំផុត​សម្រាប់​រាជ​ធានី​ភ្នំពេញ ជា​ទីកន្លែង​បណ្តុំ​ទៅ​ដោយ​អគារ​ពាណិជ្ជកម្ម​ធំៗ ខ្ពស់ៗ ដូចជា អគារ​ស្នាក់​នៅ​រួម ខុនដូ ផ្សារ​ទំនើប សណ្ឋាគារ ដែល​ភាគ​ច្រើន​វិនិយោគ​ដោយ​ចិន ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។

ទី២ គឺ​ទីក្រុង​រណប​ជ្រោយ​ចង្វារ ទីក្រុង​នៃ​អនាគត ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិក​ជន​កម្ពុជា OCIC ក្រោម​ទុន​វិនិយោគ​ចំនួន ១៦០០​លាន​ដុល្លារ​អាមេរិក​នោះ កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន ក្នុង​គម្រោង​ប្លង់​មេ និង​មាន​ការ​សាង​សង់​អគារ​ពាណិជ្ជកម្ម​ធំៗ ផ្សារ​ទំនើប លំនៅ​ដ្ឋាន​ប្រណីតៗ អគារ​ស្នាក់​នៅ​រួម និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ទៀត។

មិន​ទាន់​អស់​ត្រឹម​នេះ​ទេ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​អ្នក​ឧកញ៉ា ពុង ឃាវសែ បាន​បោះ​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ទៅ​លើ​គម្រោង​បុរី​លំនៅ​ដ្ឋាន និង​អគារ​ពាណិជ្ជកម្ម​ធំៗ ជា​ច្រើន​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដូចជា បុរី​ទន្លេ​បាសាក់ បុរី​ចម្ការមន បុរី​វរជន អូឡាំព្យាស៊ីធី នៅ​ជុំវិញ​ស្តាត​អូឡាំពិក សាន់វ៉េ ស៊ីធី ទួលគោក លំនៅឋាន​ជា​ច្រើន​នៅ​ជុំវិញ​ផ្សារ​ទំនើប​រតនា​ផ្លាហ្សា និង​​ទល់​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ អគារ​ផ្សារ​ទំនើប​សូរិយា សុវណ្ណា អគារខុនដូរ… និង​បុរី​លំនៅឋាន នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា សៀមរាប បាត់ដំបង និងខេត្ត​ព្រះសីហនុ ។ល។ និង ។ល។ 

Advertisement

តើ​អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រកាន់​គោលការណ៍​អ្វី​ខ្លះ​​ជោគជ័យ?

អ្នក​ឧកញ៉ា ពុង ឃាវសែ បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​គោលការណ៍​បី​ចំណុច​ដែល​ធ្វើ​ឲ្យ​មុខ​ជំនួញ​របស់​លោក​តែង​តែ​ទទួល​បាន​ជោគជ័យ។ គោលការណ៍​បី​ចំណុច​នោះ ហាក់​បី​ដូចជា​ធម្មតា មិន​មាន​អ្វី​ប្លែក​ទេ ដែល​ឧកញ៉ា​តែងតែ​គោរព​ប្រតិបត្តិ​ជាប់​ជានិច្ច៖ 

  1. ភាព​ស្មោះត្រង់​ជាមួយ​នឹង​អតិថិជន ជាមួយ​​ដៃគូ​វិនិយោគ​ធ្វើ​ឲ្យ​គេ​ជឿ​ជាក់​លើ​យើង មិន​បោក​ប្រាស់​គេ 
  2. ភាព​អំណត់​ឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ និង 
  3. ត្រូវ​ចេះ​ច្នៃ​ប្រឌិត​ចាប់​យក​ឱកាស​ល្អៗ​ដើម្បី​វិនិយោគ។ 

Advertisement

នរណាខ្លះ​ជាដៃគូ​វិនិយោគ​ជាមួយ​លោក​ឧកញ៉ា ពុង ឃាវសែ? 

លោក​ឧកញ៉ា​បាន​មាន​ប្រសាសន៍​ថា លោក​បាន​សហការ​ចាប់ដៃ​គូ​វិនិយោគ​ជាមួយ​ប្រទេស​មួយ​ចំនួន​ដូចជា ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និង​ជាពិសេស ចិន គឺ​ជា​ប្រទេស​ដែល​លោក​ឧកញ៉ា​បាន​វិនិយោគ​ច្រើន​ជាង​គេ និង​ជិតដិត​ជា​ង​គេ​ ដោយសារ​តែ​លោក​ឧកញ៉ា​អាច​និយាយ​ភាសា​ចិន​ដូចគ្នា ចិន​មាន​ទុន​ច្រើន និង​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល។ 

លោក​ឧកញ៉ា​នឹង​ចាប់​យក​ដៃគូ​វិនិយោគ​ជាមួយ​ចិន​ជា​និរន្តន៍។ លោក​ឧកញ៉ា​ថា ការ​ចាប់​ដៃគូ​វិនិយោគ​ជាមួយ​គ្នា ត្រូវ​មើល​ទៅ​លើ​ការងារ​ទិសដៅ​ដូចគ្នា និង​ភាព​ស្មោះត្រង់​ជាមួយ​គ្នា។ ដូច្នេះ តាមរយៈ​ការ​វិនិយោគ​​ជាច្រើន​ខាង​លើ​នេះ លោក​ឧកញ៉ា ពុង  ឃាវសែ បាន​មាន​ប្រសាសន៍​ប្រាប់ ខេមបូណូមីស ថា លោក​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ការងារ ការ​អភិវឌ្ឍ​មុខ​មាត់​រាជ​ធានី​ភ្នំពេញ​ឲ្យ​កាន់​រីក​ចម្រើន​ឲ្យ​កាន់​តែ​មាន​សម្រស់​ទាក់​ទាញ ជាពិសេស ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ផង​ដែរ៕

សារព័ត៌មាន អេឡិចត្រូនិក ខេមបូណូមីស នឹង​លើក​យក​ប្រធាន​បទ​សំខាន់ៗ​ផ្សេងទៀត ដែល​ទាក់ទង​ទៅ​នឹង​ការ​វិនិយោគ​របស់​តារា​ជំនួញ អាត់កឺ អ្នក​ឧកញ៉ា ពុង ឃាវ​សែ មក​សរសេរ​ជូន​មិត្ត​អ្នក​អាន នៅ​ពេល​ក្រោយៗ​បន្ត​ទៀត! សូមអរគុណ!

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្ដូរ​ម៉ោង​ធ្វើការ ម៉ោងរៀន ដើម្បី​ដោះស្រាយ​បញ្ហា​ស្ទះ​ចរាចរណ៍។ ទំនង​ម្យ៉ាងដែរ!

ព័ត៌មាន
ដោយសារតែ​ការ​កក​ស្ទះ​ចរាចណ៍​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ អាជ្ញាធរ​ក្រុង​ហាណូយ​ ប្រទេស​វៀតណាម ក៏កាន់តែ​មាន​គំនិត​ច្នៃ​ប្...

បាយ​​ល្ងាច​មួយ​ពេលជាង ៣ម៉ឺន​ដុល្លារ - ម្ចាស់​ភោជនីយដ្ឋាន​ត្រូវ​ចាប់​ខ្លួន!

ព័ត៌មាន
បើ​លោក​អ្នក​ជា​ម្ចាស់​ភោជនីយដ្ឋាន ករណី​មួយ​នេះ​អាច​ជា​មេរៀន​ដ៏​ល្អ។ នៅវៀតណាម ម្ចាស់​ភោជនីយដ្ឋាន​ម្នាក់​នៅ​ក្នុងទីក្រុង​ហូជីមិញ ត្រូវ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ