ប្រទេសជប៉ុន

ក្រុមហ៊ុនជប៉ុន Bridgestone គ្រោងកែច្នៃសំបកកង់យានយន្ដសម្រាប់ប្រើប្រាស់ឡើងវិញជាមួយបច្ចេកវិទ្យាថ្មីនៅត្រឹមឆ្នាំ២០៣០


ក្រុមហ៊ុនជប៉ុន Bridgestone មានផែនការបញ្ចប់ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីមួយដើម្បីធ្វើការកែច្នៃសំបកកង់យានយន្តឡើងវិញនៅត្រឹមដើមឆ្នាំ២០៣០ ដើម្បីកាត់បន្ថយការបញ្ចេញជាតិកាបូននៅក្នុងខែចង្វាក់ផ្គត់ផ្គង់យានយន្ដ ខណៈគម្រោងស្រាវជ្រាវនេះ ត្រូវចំណាយដល់ជាង ១៣៤លានដុល្លារ។ ហើយនេះគឺជាការព្យាយាមស្វែងរកបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាននៅក្នុងឧស្សហកម្មយានយន្ត បន្ទាប់ពីការជំរុញការផលិតរថយន្តអគ្គិសនី នៅទូទាំងពិភពលោក។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។
Bridgestone នឹងប្រើបចេ្ចកវិទ្យាថ្មីកែច្នៃសំបកកង់ឡើងវិញនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុនផលិតសំបកកង់ Bridgestone នឹងប្រើប្រាស់នូវការដំណើរការកែច្នៃបែបគីមី បំបែកសារធាតុសំបកកង់ ទៅជាកម្រិតម៉ូលេគុលសម្រាប់ប្រើប្រាស់ឡើងវិញ។

ក្រុមហ៊ុន Bridgestone ជឿជាក់ថា ដំណើរការនេះនឹងអាចកែច្នៃសំបកកង់ឡើងវិញបានប្រមាណ ១០ម៉ឺនតោនក្នុងមួយឆ្នាំ ឬស្មើនឹង ១០% នៃសំបកកង់ ដែលត្រូវបានបោះបង់ចោលក្នុងមួយឆ្នាំនៅប្រទេសជប៉ុន។

សូមជម្រាបថា កម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍នេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនប្រេងជប៉ុន Eneos Holdings។ ចំពោះគម្រោងស្រាវជ្រាវនេះដែរ ក្រុមហ៊ុន Bridgestone នឹងត្រូវចំណាយប្រហែល ១៣៤លានដុល្លារ រហូតដល់ឆ្នាំ២០៣០។

នៅឆ្នាំ២០២៤ ក្រុមហ៊ុននឹងចាប់ផ្តើមសាកល្បងកែច្នៃសំបកកង់ឡើងវិញ ប្រមាណ ២ ទៅ ៣ម៉ឺនតោន ដើម្បីកំណត់រកវិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុត ដើម្បីឈានដល់ការកែច្នៃឡើងវិញពេញលេញឱ្យបាននៅត្រឹមឆ្នាំ២០៣០។

យ៉ាងណាមិញ សំបកកង់ដែលកែច្នៃឡើងវិញនេះ នឹងមានតម្លៃថ្លៃជាងសំបកកង់ដែលផលិតថ្មីទៅទៀត ដោយសារក្រុមហ៊ុនត្រូវចំណាយបន្ថែមថ្លៃដើមនៃការកែច្នៃឡើងវិញ ដើម្បីបង្កើនអាយុកាល និងគុណភាពរបស់សំបកកង់។

យោងតាមសមាគមអ្នកផលិតសំបកកង់យានយន្តជប៉ុន ឱ្យដឹងថា សំបកកង់ដែលប្រើប្រាស់រួច ភាគច្រើនបំផុត គឺត្រូវបានដុតកម្ទេចចោល។ គេប៉ាន់ស្មានថា គ្រាន់តែសំបកកង់ធម្មតាមួយ គឺបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ប្រមាណ ៣០០គីឡូក្រាមទៅក្នុងបរិយាកាស។ កាលពីឆ្នាំ ២០២១ ជប៉ុនបានប្រមូលយកចេញនូវសំបកកង់ចំនួន ៩១លានសំបកកង់ ពីរថយន្តដែលបានផ្លាស់ប្តូរសំបកកង់ថ្មី និងរថយន្តខូចៗ។ ក្នុងនោះមានតែ ១លានសំបកកង់ប៉ុណ្ណោះដែលយកទៅកែច្នៃឡើងវិញ។

តម្រូវការប្រើប្រាស់សំបកកង់ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងទៀត ដោយទីផ្សារសំបកកង់សកល នឹងឈានដល់ចំនួន ២២០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០ កើនឡើង ៥០% ពីឆ្នាំ២០២១។ នេះបើរបាយការណ៍របស់ក្រុមហ៊ុនអាមេរិក Report Ocean៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្ស Apple ផ្អាកផែនការប្រើប្រាស់ឈីបរបស់ក្រុមហ៊ុនចិន សម្រាប់បំពាក់លើ iPhone ក្រោយរងសម្ពាធពីអាមេរិក

ព័ត៌មាន
: ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានផ្អាកផែនការប្រើប្រាស់ឈីបអង្គចងចាំ ពីក្រុមហ៊ុនចិនដ៏ធំបំផុតមួយ ដើម្បីបំពាក់លើផលិតផលរបស់ខ្លួន …

ពលរដ្ឋបារាំងប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាកណ្ដាលទីក្រុងប៉ារីស ប្រឆាំងនឹងរដ្ឋាភិបាលដែលបណ្ដោយឲ្យទំនិញឡើងថ្លៃឥតឈប់ឈរ

ព័ត៌មាន
មនុស្សរាប់ពាន់នាក់បានចេញដើរតាមផ្លូវក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ១៦ ខែតុលា ដើម្បីតវ៉ាប្រឆាំងនឹងការឡើងថ្លៃទំនិញជាបន្តបន្ទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ