ការណ៍នេះនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងផលិតផលខ្មែរទៅកាន់ពិភពលោក ខណៈក្រសួងទេសចរណ៍រំពឹងថា កម្មវិធីនេះនឹងអាចទាក់ទាញអ្នកទេសចរមកលេងកម្សាន្តក្នុងខេត្តសៀមរាបប្រមាណ១លាននាក់។
ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ពិធីបុណ្យទន្លេលើកទី៨ ក្នុងខេត្តសៀមរាប ឆ្នាំនេះនឹងមានការចូលរួមបើកកម្មវិធីពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
ភ្ជាប់ជាមួយពិធីបុណ្យទន្លេលើកទី៨នេះ កម្ពុជាក៏នឹងរៀបចំពិធីប្រកាសអបអរសាទរឆ្នាំទស្សនាខេត្តសៀមរាប ដោយបង្កើតព្រឹត្តិការណ៍កម្សាន្តជាច្រើន និងការតាំងពិព័រណ៍ផលិតផលខ្មែរទូទៅប្រមាណ៥០០ស្តង់ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងលើកស្ទួយផលិតផលក្នុងស្រុក។
បើតាមមន្រ្តីជាន់ខ្ពស់រូបនេះពិធីបុណ្យទន្លេឆ្នាំនេះ ត្រូវបានរៀបចំឡើងលក្ខណៈអន្តរជាតិ ដោយសហការជាមួយបណ្ដាប្រទេសជាប់ដងទន្លេមេគង្គ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បណ្ដាប្រទេសតាមដងទន្លេមេគង្គក្នុងគោលបំណងជំរុញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។
ពិធីបុណ្យទន្លេលើកទី៨ និងពិធីប្រកាសឆ្នាំទស្សនាសៀមរាបនេះ ត្រូវបានក្រសួងទេសចរណ៍ រំពឹងថា អាចនឹងទាក់ទាញភ្ញៀវទេសចរមកចូលរួមកម្សាន្តប្រមាណ១លាននាក់ ក្នុងនោះបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារនានាអាចនឹងត្រូវកក់អស់។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម សូ ម៉ារ៉ា។
សូមរំលឹកថា ពិធីបុណ្យទន្លេត្រូវបានរៀបចំធ្វើមុនគេនៅខេត្តក្រចេះកាលពីឆ្នាំ២០១៥ បន្ទាប់មករៀបចំនៅខេត្តកំពង់ចាម ស្ទឹងត្រែង កណ្ដាល កំពង់ឆ្នាំង បាត់ដំបង និងខេត្តកំពង់ធំ៕
អត្ថបទ៖ បូ ដូឡា