របាយការណ៍ក្រសួងដដែលបង្ហាញថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៧ ប្រាក់ចំណូលពន្ធពីវិស័យកាស៊ីណូ ប្រមូលបានសរុបជាង ២៤លានដុល្លារអាមេរិក ធ្លាក់ចុះ ៣៤% បើធៀបនឹងរយៈពេល៩ខែដូចគ្នា កាលពីឆ្នាំ២០១៦ ដែលមានចំនួនដល់ទៅ ៣៨លានដុល្លារអាមេរិក។
ឯកឧត្តម រស់ ភីរុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា គិតត្រឹមដាច់ខែកញ្ញា ឆ្នាំ២០១៧ ចំនួនអាជីវកម្មកាស៊ីណូដែលបានចុះបញ្ជីអាជីវកម្មនៅក្រសួងសេដ្ឋកិច្ច មានប្រមាណ ៩៣ ក្រុមហ៊ុន ប៉ុន្តែ ក្រុមហ៊ុនដែលបានដំណើរការអាជីវកម្មនិងអាចប្រមូលប្រាក់ចំណូលពន្ធបាន មានតែ ៧៨ក្រុមហ៊ុនប៉ុណ្ណោះ។
ឯកឧត្តមបញ្ជាក់ថា ការធ្លាក់ចុះប្រាក់ចំណូលពីវិស័យកាស៊ីណូនៅដើមឆ្នាំនេះ បណ្តាលមកពីភាពយឺតយ៉ាវរបស់កាស៊ីណូ ណាហ្គាវើល ដែលជាប្រភពចំណូលដ៏ធំបំផុត មិនទាន់បានបង់ពន្ធអស់នៅឡើយ។ ឯកឧត្ដមសង្ឃឹមថា កាស៊ីណូនេះនឹងបង់ពន្ធជូនរដ្ឋនៅត្រីមាសទី៤នេះ។
ឯកឧត្តមបានឲ្យដឹងទៀតថា ការបង្កើតវិស័យល្បែងនៅកម្ពុជាគឺរដ្ឋាភិបាលមិនបានសំដៅទៅលើប្រាក់ចំណូលជាធំទេ ពោលគឺចង់អភិវឌ្ឍតំបន់ជាប់ព្រំដែនតាមរយៈការបង្កើតអគារដ៏រឹងមាំនៅតាមព្រំដែន និងជួយបង្កើតការងារកាន់តែច្រើនសម្រាប់ពលរដ្ឋកម្ពុជា។
បើតាមការបញ្ជាក់ពីឯកឧត្តម រស់ ភីរុណ ជាទូទៅ ប្រាក់ចំណូលពីវិស័យកាស៊ីណូគឺមានកំណើនល្អជានិច្ច នេះបើបូកចំណូលបន្ថែមបានមកពីកាស៊ីណូ ណាហ្គាវើល ប្រមាណជាង ៣០% ទៀត នោះអាចនឹងច្រើនជាងកាលពីឆ្នាំ២០១៦ដដែល។
សូមជម្រាបថា បច្ចុប្បន្ន កាស៊ីណូ ណាហ្គាវើល និងកាស៊ីណូស្ថិតនៅព្រំដែនថៃមានលក្ខណៈល្អប្រសើរ ជាង កាស៊ីណូខាងព្រំដែនវៀតណាម ខណៈដែលប្រទេសវៀតណាមមានកាស៊ីណូបើកដំណើរការដែរ ដែលជាហេតុធ្វើឲ្យភ្ញៀវខាងព្រំដែនវៀតណាមថយចុះ ប៉ុន្តែ ជំនួសមកវិញនូវកំណើនភ្ញៀវចិនមានការកើនឡើងជាបន្តបន្ទាប់៕