ទីផ្សារម្រេច

ក្រុមហ៊ុនអាល្លឺម៉ង់មួយនឹងប្រមូលទិញម្រេចខ្មៅរបស់កម្ពុជា ចំនួន១០០តោន ដើម្បីនាំចេញ


មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្រុមហ៊ុន FUCHS Cambodia ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងទេសរបស់អាល្លឺម៉ង់ បានចុះកិច្ចសន្យាទិញម្រេចខ្មៅចំនួន១០០តោនពីសហគមន៍កសិកម្មទំនើបម្រេចមេមត់ ត្បូងឃ្មុំ ក្នុងតម្លៃថេរ៧ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់ម្រេចស្តង់ដាសុវត្ថិភាព។ ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានចាត់ទុកការចុះកិច្ចសន្យាទិញលក់ម្រេចនេះជាសញ្ញាល្អមួយក្នុងការជួយជំរុញការដាំដុះ និងលើកកម្ពស់ទីផ្សារម្រេចនៅកម្ពុជា។
ទីផ្សារម្រេច
ដោយ

លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានសាទរចំពោះការចុះកិច្ចសន្យាទិញលក់ម្រេចខ្មៅរបស់សហគមន៍កសិកម្មទំនើបម្រេចមេមត់ ត្បូងឃ្មុំ ជាមួយក្រុមហ៊ុនអាល្លឺម៉ង់ ដ្បិតថា វាជារឿងល្អសម្រាប់ប្រជាកសិករ ដោយសារពួកគេមានទីផ្សារប្រមូលទិញទិន្នផលម្រេចស្រាប់។ បើតាមប្រធានសហព័ន្ធម្រេចរូបនេះ បច្ចុប្បន្នតម្លៃម្រេចទូទៅអាចលក់ចេញបានក្នុងរង្វង់២ម៉ឺន៥ពាន់រៀល ទៅ២ម៉ឺន៦ពាន់រៀល ក្នុង១គីឡូក្រាម ដែលជាតម្លៃមួយល្អប្រសើរ បើធៀបនឹងឆ្នាំមុន ដោយសារតែម្រេចមានតម្រូវការខ្ពស់ ក្រោយទិន្នផលម្រេចនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះ។

ជាមួយគ្នានេះ លោក វន ដេវីត កសិករដាំម្រេចនៅខេត្តត្បូងឃ្មុំ​ បានគូសបញ្ជាក់ថា តម្លៃម្រេចដែលកសិករនៅក្នុងសហគមន៍កសិកម្មទំនើបម្រេចមេមត់ ត្បូងឃ្មុំ បានចុះកិច្ចសន្យាទិញលក់ជាមួយក្រុមហ៊ុនខាងលើនេះ គឺជាតម្លៃមួយសមរម្យដែលកសិករអាចទទួលយកបាន។ តែយ៉ាងណា កសិកររូបនេះវាយតម្លៃថា តម្លៃម្រេចអាចនឹងមានការកើនឡើងជាងនេះទៀតនាពេលខាងមុខ ខណៈចាប់តាំងពីឆ្នាំ២០២៤ មក តម្លៃម្រេចរបស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីបានធ្លាក់ចុះខ្លាំងមកនៅប្រមាណ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាមតាំងពីឆ្នាំ២០១៦មក។

​​បើតាមការបញ្ជាក់របស់លោក ម៉ាក់ នី នៅក្នុងឆ្នាំ២០២៥នេះ ការដាំដុះម្រេចថ្មីរបស់ប្រជាកសិករហាក់មានចំនួនតិចតួចប៉ុណ្ណោះ តែយ៉ាងណា លោក​វាយតម្លៃថា ទិន្នផលម្រេចរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ នឹងមានការកើនឡើងជាងឆ្នាំមុន។ លោក ម៉ាក់ នី យល់ឃើញថា ជីថ្នាំមានតម្លៃថ្លៃ ចំណេះដឹងក្នុងការដាំដុះ និងថែទាំម្រេចនៅមានកម្រិត អគ្គិសនីនិងប្រេងថ្លៃ ក្រុមហ៊ុននាំចេញមានចំនួនតិច គឺនៅតែជាកត្តាប្រឈមសម្រាប់វិស័យម្រេចនៅកម្ពុជា។

គួរបញ្ជាក់ថា ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ម្រេចខ្មៅរវាងសហគមន៍កសិកម្មទំនើបម្រេចមេមត់ ត្បូងឃ្មុំ និងក្រុមហ៊ុន FUCHS Cambodia ក្នុងបរិមាណ១០០តោន ជាមួយតម្លៃថេរ៧ដុល្លារក្នុង១គីឡូក្រាម សម្រាប់ម្រេចស្តង់ដាសុវត្ថិភាព។ បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ តម្លៃក្នុងកិច្ចសន្យាទិញលក់នេះ ជាតម្លៃល្អលើសពីតម្លៃមធ្យមនៅលើទីផ្សារប្រមាណ១០%៕




អត្ថបទបន្ទាប់


តម្លៃស៊ុតមាន់ និងមាន់សាច់បានឡើងថ្លៃបន្តិច តែហាក់មិនទាន់អាចផ្ដល់ប្រាក់ចំណេញដល់កសិករ

តម្លៃស៊ុតមាន់ និងសាច់មាន់ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ក្នុងនោះស៊ុតមាន់ បានធ្លាក់ចុះរហូតជាង២០០រៀល ក្នុង១គ្រាប់ ខណៈ…

បច្ចេកវិទ្យា AI កំពុងដាក់សម្ពាធលើការជ្រើសរើសជំនាញសិក្សារបស់និស្សិតវៀតណាម

ភាពរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងដាក់សម្ពាធដល់សិស្ស និងនិស្សិតនៅវៀតណាម ក្នុងការជ្រើសរើសមុខជំនាញសម្រាប់រៀនបន្តនៅសកលវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ