វិស័យទេសចរណ៍ថៃ

ថៃរំពឹងកោះភូកេតស្រូបទាញបានភ្ញៀវទេសចរ ៦០ម៉ឺននាក់ និងចំណូលជិត៥០០លានដុល្លារ ក្រោយបើក៣ខែ


បើគ្មានអ្វីប្រែប្រួលទេ ប្រទេសថៃ នឹងចាប់ផ្ដើមបើកដំណើរការខេត្តភូកេត ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់ពីខែ កក្កដាខាងមុខនេះតទៅហើយ ខណៈដែលថៃរំពឹងថា ក្រោយរយៈពេល៣ខែ កោះភូកេតនេះ នឹងទទួលបានទេសចរជាតិ និងអន្តរជាតិជាង៦០ម៉ឺននាក់ និងប្រាក់ចំណូលប្រមាណ១៥ពាន់លានបាត ឬស្មើនឹងជិត ៤៨០លានដុល្លារអាមេរិក។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានបាងកកប៉ុស្ដិ៍។
ស្ត្រីភ្ញៀវទេសចរនៅកោះភូកេតប្រទេសថៃ កាលពីឆ្នាំ២០១៩ រូបភាព៖ The Thaiger
ដោយ

ការ​បើក​ដំណើរការ​កោះ​ភូ​កេ​ត​ឡើង​វិញ​ចាប់ពី​ដើមខែ​ក្រោយ​នេះ គឺ​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​ប្រទេស​ថៃ សម្រេច​បើក​ប្រទេស​ចំនួន ១២០​ថ្ងៃ ពោល​គឺ​ទៅ​រហូត​ដល់​ខែតុលា ដែល​វា​គឺជា​ក្ដី​រំពឹង​មួយ ដែល​នឹង​ជំរុញ​ឲ្យ​មានការ​ធ្វើ​ដំណើរ​ក្នុងស្រុក​ថៃ កាន់តែ​ច្រើន​ឡើង បើ​ទោះបីជា​មេរោគ​ឆ្លង​កូ​វី​ដ​-១៩​នៅ​ក្នុង​ប្រទេស​នេះ នៅ​តែ​មាន​តួលេខ​ឆ្លង​ខ្ពស់​ប្រចាំ​ថ្ងៃ​ក៏​ដោយ​។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ខេត្ត​ភូ​កេ​ត បាន​និយាយ​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ​ថា អាជ្ញាធរ​ទេសចរណ៍​ថៃ បាន​ព្យាករ​ទុក​រួច​ហើយ​ថា នឹង​មាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ជិត​១៣​ម៉ឺន​នាក់ ព្រម​ជាមួយនឹង​ទេសចរ​ជនជាតិ​ថៃ ៥០​ម៉ឺន​នាក់​ទៀត នឹង​ចូល​មក​កម្សាន្ដ​នៅ​កោះ​ភូ​កេ​ត នៅ​ចន្លោះ​ខែកក្កដា ដែល​កញ្ញា​។

តើ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​លេង​កម្សាន្ដ​នៅ​ខេត្ត​ភូ​កេ​ត នឹង​តម្រូវ​គោរព​តាម​លក្ខខណ្ឌ​អ្វីខ្លះ?

ចាប់ពី​ថ្ងៃ​ទី ១ ខែកក្កដា​តទៅ សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស ដែល​ទៅ​លេង​កម្សាន្ដ​នៅ​កោះ​ភូ​កេ​ត មិន​មានការ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ទេ តែ​វា​សម្រាប់​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ដែល​ស្ថិត​ក្រោម​គម្រោង​គំរូ​ទេសចរណ៍​ពិសេស​របស់​ថៃ ដែល​មានឈ្មោះ​ថា «Phuket Tourism Sanbox» តែ​ប៉ុណ្ណោះ​។

គំរូ​ទេសចរ​ពិសេស​មួយ​នេះ ក៏​ត្រូវ​បាន​ប្រទេស​ថៃ​យក​មក​ប្រើប្រាស់​ដំបូង​សម្រាប់​កោះ​ភូ​កេ​ត ហើយ​ក៏​អាច​នឹង​ប្រើប្រាស់​លើ​ខេត្ត​ដទៃ​ទៀត ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ទូ​ទាំង​ប្រទេស​ឡើង​វិញ​ផង​ដែរ បើសិនជា​គំរូ​ទេសចរណ៍​មួយ​នេះ​ទទួល​បាន​ជោគជ័យ​។

បើ​ទោះបីជា ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មក​កម្សាន្ដ​នៅ​ខេត្ត​ភូ​កេ​ត​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​ក៏​ដោយ ប៉ុន្ដែ ភ្ញៀវ​ទេសចរ​ទាំងនោះ ត្រូវ​តែ​ស្នាក់​នៅ និង​កម្សាន្ដ​នៅ​ក្នុង​ខេត្ត​ភូ​កេ​ត​នេះ​រយៈ​បាន​១៤​ថ្ងៃ ទើប​អាច​បន្ដដំណើរ​កម្សាន្ដ​នៅ​ក្នុង​ទិស​ដៅ​ទេសចរណ៍​នៃ​ខេត្ត​ផ្សេង​ៗ​ទៀត​ក្នុង​ប្រទេស​ថៃ​បាន​។

ជាមួយ​គ្នា​នេះ មិនមែន​ភ្ញៀវ​ទេសចរ​បរទេស​គ្រប់​ប្រទេស​សុទ្ធតែ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ភូ​កេ​តរបស់​ថៃ​បាន​នោះ​ទេ ទេសចរ​អន្តរជាតិ​ដែល​អាច​ធ្វើ​ដំណើរ​ទៅ​កម្សាន្ដ​បាន ទាល់តែ​ជា​អ្នក​មក​ពី​ប្រទេស​ដែល​មាន​ស្ថានភាព​កូ​វី​ដ​-១៩​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បាន ឬ​មាន​ចំនួន​ករណី​ឆ្លង​សម​ស្រប ឬ​មាន​ចំនួន​ទាប​ជាដើម​។ បន្ថែម​ពី​នេះ ពួក​គេ​ត្រូវ​តែ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស យ៉ាងតិច ១៤​ថ្ងៃ នៅ​មុន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ថៃ ហើយ​វ៉ាក់សាំង​ដែល​ពួក​គេ​ចាក់​នោះ ត្រូវ​តែ​មានការ​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​។

លើស​ពី​នេះ​ទៀត ភ្ញៀវ​ទេសចរ​បរទេស ក៏​ត្រូវ​មាន​លិខិតបញ្ជាក់​សុខភាព​ថា គ្មាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​រយៈពេល​៧២​ម៉ោង​នៃ​ការ​មក​ដល់​ប្រទេស​ថៃ​ផង​ដែរ​។ ការ​ធ្វើតេស្ដរ​កកូ​វី​ដ​-១៩ ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​រួចរាល់​នៅ​ថ្ងៃ​មក​ដល់​ប្រទេស​ថៃ ហើយ​អាជ្ញាធរ​ថៃ នឹង​ធ្វើតេស្ដ​លើ​ទេសចរ​បរទេស​ទាំងនោះ នៅ​ថ្ងៃ​ទី ៦ និង​ថ្ងៃ​ទី​១២ នៃ​អំឡុង​ពេល​ថ្ងៃ​ស្នាក់​នៅ និង​កម្សាន្ដ​នៅ​ខេត្ត​ភូ​កេ​ត​១៤​ថ្ងៃ​របស់​ពួក​គេ ហើយ​បន្ទាប់​ពី​នោះ ពួក​គេ​អាច​បន្ដ​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​កាន់​ខេត្ត​ផ្សេង​ៗ​ទៀត​បាន ដោយ​គ្រាន់តែ​បង្ហាញ​ពី​លទ្ធផល​តេស្ដ​អវិជ្ជមាន​កូ​វី​ដ​-១៩​របស់​ពួក​គេ​ទៅ​កាន់​អាជ្ញាធរ​។

បើ​តាម​អាជ្ញាធរ​ទេសចរណ៍​ថៃ នឹង​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៥ នឹង​បើក​ជើងហោះហើរ​ទទួលភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​ក្នុង​ប្រទេស​ថៃ​អំឡុង​ពេល​បើក​ខេត្ត​ភូ​កេ​ត​នេះ ដោយ​ភាគច្រើន​គឺ​មក​ពី​អឺរ៉ុប​។

សូម​បញ្ជាក់​ថា អំឡុង​ពេល​បើក​កោះ​ភូ​កេ​ត​សម្រាប់​ភ្ញៀវ​ទេសចរ​នេះ​ដែរ ថៃ​ក៏​បាន​សម្រុក​ចាក់​វ៉ាក់សាំង​សម្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​នេះ​យ៉ាង​សម្បើម​ណាស់​ដែរ ពោល​គឺ​មក​ទល់​ពេល​នេះ ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ភូ​កេ​ត ដែល​ទទួល​បាន​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​ចំនួន​មួយ​ដូ​សមាន​ប្រមាណ ៧៥%​ហើយ នៃ​ចំនួន​ប្រជាជន​សរុប​ជាង​៤៦​ម៉ឺន​នាក់​នៅ​ក្នុង​ខេត្ត​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីប្តឹងចិនទៅ WTO លើករណីដំឡើងពន្ធនាំចូលលើស្រាក្រហមរបស់ខ្លួន

ព័ត៌មាន
រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO ដើម្បីប្រឆាំងនឹងការដំឡើងពន្ធនាំចូលយ៉ាងច្រើនគំហុករបស…

ក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មអ៊ីស្រាអែលសម្លឹងឃើញទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍កាន់តែខ្លាំង

ព័ត៌មាន
ក្រុមហ៊ុនឯកទេសខាងបច្ចេកវិទ្យាកសិកម្មរបស់អ៊ីស្រាអែល កំពុងស្វែងរកទីផ្សារអាជីវកម្មនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្របពេលដែលប្រទេសទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ