ជាក់ស្តែងកាលពីថ្ងៃទី១៧ តុលា និយ័តករមូលបត្រកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពីការរៀបចំខ្លួនសម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុននេះផងដែរ។
លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេខ្យូខេសិនគ្រុបបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ក្រុមហ៊ុនវេសឡាញនឹងឈានជើងចូលប្រឡូកក្នុងវិស័យភាគហ៊ុនក្នុងរយៈពេលពី៣ទៅ៥ឆ្នាំខាងមុខ តាមរយៈការចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅក្នុងផ្សារមូលបត្រកម្ពុជា។ ថ្នាក់ដឹកនាំរូបនេះអះអាងថា កត្តាដែលជំរុញក្រុមហ៊ុនវេសឡាញចង់ចូលប្រឡូកក្នុងវិស័យភាគហ៊ុន គឺបន្ទាប់ពីក្រុមហ៊ុនមើលឃើញពីកំណើនក្រុមហ៊ុន និងវិនិយោគិនចង់ចូលរួមវិនិយោគជាមួយក្រុមហ៊ុនមានការកើនឡើង គួបផ្សំភាពរីកចម្រើនរបស់វិស័យមូលបត្រនៅមួយរយៈចុងក្រោយ។
សហគ្រិនក្នុងវិស័យអប់រំរូបនេះ ជឿជាក់ថា ទីផ្សារភាគហ៊ុននឹងក្លាយជាប្រភពហិរញ្ញវត្ថុដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន វេសឡាញក្នុងការកៀរគរទុន ដើម្បីវិនិយោគលើការពង្រីកសាខាគ្រឹះស្ថាន និងមជ្ឈមណ្ឌលអប់រំវេសឡាញឲ្យបានដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋគ្រប់២៥រាជធានីខេត្ត។ ជាមហិច្ឆតារបស់ក្រុមហ៊ុន វេសឡាញ ក្រៅពីការវិនិយោគក្នុងនៅស្រុក ក្រុមហ៊ុនក៏មានគម្រោងក្នុងការពង្រីកការវិនិយោគនៅតាមប្រទេសមួយចំនួនក្នុងតំបន់ផងដែរ។
ជុំវិញការចង់ឈានជើងចូលផ្សារមូលបត្ររបស់ក្រុមហ៊ុនវេសឡាញនេះដែរ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាយល់ឃើញថា ការចូលរួមប្រឡូកក្នុងទីផ្សារមូលបត្ររបស់ក្រុមហ៊ុន វេសឡាញ អេខ្យូខេសិន វាជាការបើកឱកាសដ៏ទូលំទូលាយមួយសសម្រាប់សាធារណជនក្នុងការចូលរួមវិនិយោគជាមួយក្រុមហ៊ុន។ ម្យ៉ាងទៀត វាបានបង្ហាញឲ្យវិនិយោគិនជាតិ និងអន្តរជាតិឃើញពីភាពរីកចម្រើនរបស់ក្រុមហ៊ុននេះលើការវិនិយោគក្នុងវិស័យអប់រំនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តល់ទំនុកចិត្តដល់សាធារណៈជន និងទាក់ទាញការវិនិយោគបន្ថែមផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១៦ក្រុមហ៊ុន។ ក្នុងនោះ ៩ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង៧ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ យ៉ាងណាមិញ នៅឆ្នាំ២០២២នេះ ទើបមានក្រុមហ៊ុនថ្មីចំនួន ១ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានស្នើសុំចុះបញ្ជី ខណៈកន្លងម ផ្សារមូលបត្រកម្ពុជា មានក្ដីរំពឹងថា នៅឆ្នាំ២០២២នេះ នឹងមានក្រុមហ៊ុនថ្មី ចំនួន៤ បន្ថែមទៀត មកស្នើចុះបញ្ជី។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា៕