ការទម្លាយព័ត៌មានជុំវិញការបិទគណនីធនាគារនេះ គឺជាលើកដំបូងហើយ ដែលស្ថាប័នហិរញ្ញវត្ថុមួយបានបង្ហាញពីកង្វល់ទាក់ទិននឹងការលាងលុយកខ្វក់លើអាជីវកម្មគ្រួសាររបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី២ ខែសីហា ថា ធនាគារដ៏ធំមួយរបស់អាម៉េរិក Capital One Financial កំពុងស្នើឱ្យតុលាការច្រានចោលពាក្យបណ្ដឹងរបស់កូនប្រុសលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការបិទគណនីរបស់ក្រុមហ៊ុន Trump Organization កាលពីឆ្នាំ២០២១ ដោយបានចោទប្រកាន់ថា ខ្លួនបានបដិសេធផ្តល់សេវាកម្មដោយខុសច្បាប់ ឬដោយសារតែហេតុផលសាសនា និងនយោបាយប្រឆាំងនឹងក្រុមហ៊ុន Trump Organization។
ទោះបីជា Capital One មិនដែលចោទប្រកាន់ Trump Organization ដោយផ្ទាល់ពីបទលាងលុយកខ្វក់ក៏ដោយ ប៉ុន្តែនៅក្នុងឯកសារដាក់ជូនតុលាការកាលពីថ្ងៃទី៣១ ខែកក្កដា ធនាគារនេះបានបញ្ជាក់យ៉ាងច្បាស់ថា ការបិទគណនីរបស់ដើមបណ្តឹង គឺធ្វើឡើងក្រោមហេតុផលប្រឆាំងការលាងលុយកខ្វក់។ ធនាគារបានគូសបញ្ជាក់ថា ការបិទគណនីទាំងនោះ គឺជាលទ្ធផលនៃការវិភាគយ៉ាងលម្អិតអស់ជាច្រើនខែ និងការពិនិត្យឡើងវិញយ៉ាងប្រុងប្រយ័ត្នដោយក្រុមការងារប្រឆាំងការលាងលុយកខ្វក់របស់ Capital One ស្របតាមគោលការណ៍ធនាគារ និងការណែនាំរបស់ស្ថាប័នបទប្បញ្ញត្តិ។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២១ ធនាគារ Capital One បានជូនដំណឹងពីផែនការបិទគណនីធនាគារជាង៣០០ គណនី ដែលពាក់ព័ន្ធនឹងលោក ត្រាំ។ រហូតមកដល់ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន Trump Organization និងលោក Eric Trump កូនប្រុសរបស់លោក ត្រាំ បានដាក់ពាក្យប្ដឹងនៅតុលាការសហព័ន្ធរដ្ឋ Florida ដោយចោទប្រកាន់ថា គណនីទាំងនោះត្រូវបានបិទដោយសារតែភាពភ័យខ្លាចរបស់ Capital One និងបំណងចង់ទាញយកផលប្រយោជន៍នយោបាយ បន្ទាប់ពីមានហេតុការណ៍កុបកម្មនៅសេតវិមានកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
រហូតមកទល់ពេលនេះចៅក្រមសហព័ន្ធរដ្ឋ Florida បានច្រានចោលពាក្យបណ្ដឹងរបស់លោក Eric Trump និង Trump Organization ចំនួន២លើករួចមកហើយ ប៉ុន្តែបានអនុញ្ញាតឱ្យដើមបណ្ដឹងកែសម្រួលពាក្យប្ដឹងឡើងវិញ។ ហើយកាលពីខែកក្កដា កន្លងទៅ កូនប្រុសរបស់លោក ត្រាំ បានដាក់ពាក្យបណ្ដឹងកែសម្រួលជាលើកទី៣។ ជាការឆ្លើយតបនៅដើមខែសីហា នេះ ធនាគារ Capital One បានដាក់លិខិតផ្លូវច្បាប់ស្នើសុំឱ្យតុលាការបដិសេធចោលពាក្យប្ដឹងលើកទី៣នេះបន្ថែមទៀត ដោយអះអាងថា ពាក្យបណ្ដឹងថ្មីនេះនៅតែមានកំហុសឆ្គងដដែលៗ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស