បន្ទាប់ពីបានរស់នៅកម្ពុជា និងជួយយុវជនកម្ពុជាជាង ២ទសវត្សរ៍ បព្វជិត​ម្នាក់ប្រាប់ពីបំណងប្រាថ្នាតែមួយគឺ «ចង់បានសញ្ជាតិខ្មែរ»


លោក Albeiro Rodas ដែលមានឈ្មោះខ្មែរហៅថា លី សំណាង បានចូលមករស់នៅក្នុងទឹកដីកម្ពុជាជាង ២០ឆ្នាំមកហើយ។ ក្នុងជីវិតជាបព្វជិតក្នុងសាសនាកាតូលិក (គ្រីស្ទេន) លោក លី សំណាង បានជួយដល់យុវជនខ្មែររាប់ម៉ឺននាក់ តាមរយៈការអប់រំទាំងសីលធម៌ ការរស់នៅ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ពួកគេ។
បន្ទាប់ពីបានរស់នៅកម្ពុជា និងជួយយុវជនកម្ពុជាជាង ២ទសវត្សរ៍, បព្វជិតម្នាក់ប្រាប់ពីបំណងប្រាថ្នាតែមួយគឺ «ចង់បានសញ្ជាតិខ្មែរ»
ដោយ

ជាអធិការសាលាបច្ចេកទេស​​ ដុនបូស្កូ ខេត្ត​កែបផង និងជា​លោកឪពុកនៅ​ក្នុងសាសនា​កាតូលិកផង លោក សំណាង បាន​ធ្វើការងារ​ជាច្រើន ក្នុង​ទិសដៅ​​អប់រំ​យុវជន​កម្ពុជាឲ្យមានជំនាញ​ច្បាស់លាស់​មួយ​នៅក្នុង​ជីវិត ដើម្បីទទួលបាន​​ការងារល្អ អនាគតល្អ និងជាពលរដ្ឋល្អ​ក្នុងសង្គម។

បុរសជនជាតិ​កូឡុំប៊ីរូបនេះ បានចូលមករស់នៅ និងបំពេញ​ការងារ​ក្នុង​សាសនាកាតូលិក​នៅ​កម្ពុជា​តាំងពីចុងឆ្នាំ១៩៩៩​មកម្ល៉េះ ហើយកន្លងមកនេះ តាមរយៈសាលា​បច្ចេកទេស​ដុនបូស្កូ លោកបាន​ផ្ដល់ឱកាស​អប់រំ​ដល់​យុវជន​កម្ពុជារាប់ម៉ឺននាក់ ទាំងការអប់រំអំពី​សីលធម៌ ការរស់នៅ និង​ជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែល​ការបង្រៀនទាំងអស់នេះ ត្រូវបាន​ចាត់ទុកថា គឺជាស្ពាន​ចម្លង​ដ៏រឹងមាំមួយ ជួយឲ្យយុវជនកម្ពុជា ពិសេស​អ្នកមាន​ជីវភាព​ក្រីក្រ មានការងារធ្វើ​ និងប្រើជីវិត​រស់នៅល្អ​នៅក្នុងសង្គម។ 

លោក Albero Rodas ដែលមានឈ្មោះខ្មែរហៅថា លី សំណាង

ព្រោះតែ​ស្រលាញ់ប្រទេស​កម្ពុជា វប្បធម៌ខ្មែរ និងជាពិសេស ស្រឡាញ់ការអប់រំ​សម្រាប់​​យុវជនកម្ពុជា បើទោះបីជា​លោក លី សំណាង បាន​ចូលមករស់រស់​នៅកម្ពុជាជាង​ ២០ឆ្នាំមកហើយក្ដី ប៉ុន្ដែ លោកថា ​មិនដែល​មាន​ចិត្ត​ជិន​ណាយ​សូម្បី​តែបន្ដិចចំពោះការរស់នៅទីនេះ ព្រោះលោក​បានចាត់ទុក​កម្ពុជា​ជាផ្ទះ​របស់លោក និងចាត់ទុក​​យុវជន​ជាកូនៗ​របស់​លោក​រួចទៅហើយ។ ទោះជាយ៉ាងនេះក្ដី លោក សំណាង បញ្ជាក់ថា លោក​នៅ​មិនទាន់មាន​សញ្ជាតិខ្មែរនៅឡើយទេ ហើយនេះ ក៏ជា​បំណង​ប្រាថ្នាតែមួយ របស់លោក ដោយលោក​តែង​តែ​សង្ឃឹមថា នឹង​ទទួលបាន​សញ្ជាតិកម្ពុជា នៅថ្ងៃណាមួយជាក់ជា​មិនខានឡើយ។

លោកសំណាង គូសបញ្ជាក់ទៀតថា លោក​ពិតជាចង់បាន​សញ្ជាតិខ្មែរ ដើម្បីមាន​សិទ្ធិពេញ​លេញ​ដូចពលរដ្ឋខ្មែរគ្រប់រូប ព្រោះតែ​លោក​ស្រឡាញ់​ពេញចិត្ត​ប្រជាជនកម្ពុជាដែលពោរពេញដោយ​ស្នាម​ញញឹម និងវប្បធម៌​ដ៏អស្ចារ្យ​ ពិសេស គឺប្រាង្គប្រាសាទអង្គរវត្ត ដែលលោកតែងតែ​នាំមិត្តភក្ដិ​ពីបរទេស​ឲ្យមកលេង​កម្សាន្ដ​នៅទីនោះ។ មួយវិញទៀត កត្តាដែលធ្វើឲ្យលោក​មិនអាច​កាត់ផ្ដាច់​​ក្ដីស្រឡាញ់​ពីកម្ពុជាទៅបាន គឺ​ដោយសារតែ​មនោសញ្ជេតនា​ដ៏ជ្រាលជ្រៅ​ រស់នៅជាមួយយុវជន​កម្ពុជា​ជាង ២ទសវត្សរ៍មកហើយ។ 

លោកAlbeiro Rodas ឬឈ្មោះខ្មែឬ លី សំណាង (រូបស្ដាំ) ជាមួយនឹង​សម្តេចតេជោ ហ៊ុន សែន (រូបឆ្វេង)

កាលពីឆ្នាំ ២០១៦កន្លងទៅនេះ សម្ដេចអគ្គ​មហាសេនាបតី តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា ក៏បានអញ្ជើញ​ជួប​សំណេះសំណាល​​សិស្សានុសិស្ស នៅ​សាលា​បច្ចេកទេស​ដុនបូស្កូ ខេត្តកែប និងបានជួប​ជាមួយលោក លី សំណាងដែរ ។

បើតាម​លោក លី សំណាង បាន​ឲ្យដឹងថា កាលនោះ សម្ដេចតេជោ ហ៊ុន សែន បានសួរទៅ​លោក​ថា «តើលោក​មាន​ប្រពន្ធកូននៅឯណា?» លោកសំណាង បានឆ្លើយតបវិញថា «សិស្សក្នុង​សាលានេះ សុទ្ធតែជា​កូនខ្ញុំ តែខ្ញុំ​មិនមាន​ប្រពន្ធទេ។»

លោក សំណាង មិនមានប្រពន្ធ ព្រោះតែលោក​ជាអ្នកបួស​​ ដែលគេហៅថា លោកឪពុក នៅក្នុង​សាសនាកាតូលិក​ ហើយសិស្សានុសិស្ស​ ដែលរៀន​នៅសាលា​បច្ចេកទេសដុនបូស្កូ​ទាំងអស់ រួមទាំង​លោកគ្រូ​អ្នកគ្រូផង​ ក៏ហៅលោកថា លោកឪពុក គ្រប់ៗគ្នាដែរ។

លោក Albeiro Rodas ឬ លោក លីសំណាង ឈរជាមួយនឹង​ក្រុមយុវជន

លោកឪពុក លី សំណាង ក៏ធ្លាប់បានសរសេរលិខិត និងស្វែងរក​ការអន្តរាគមន៍​ពី​សម្ដេចតេជោ ដើម្បីទទួល​សញ្ជាតិខ្មែរនេះដែរ ដោយក្នុងលិខិតនោះ បានបញ្ជាក់ថា ក្នុងនាម​លោកជា​បព្វជិត​​ក្នុងគ្រឹស្ត​សាសនា លោកមិនមាន​ទ្រព្យសម្បត្តិ ឬលុយកាក់ផ្ទាល់ខ្លួនទេ ប៉ុន្តែលោកបាន​ផ្ដល់អ្វីៗជាច្រើនដល់​កុមារ និងយុវជន​ជាច្រើន​ តាំងពីលោក​បានមកដល់​ប្រទេសកម្ពុជា។ ក្នុងខែតុលា ឆ្នាំ ២០២០នេះ លោកឪពុកសំណាង មាន​អាយុ​ ៥០ឆ្នាំគត់ ហើយលោក​មានអារម្មណ៍ថាកាន់តែស្រលាញ់កម្ពុជា សប្បាយរីករាយ​នឹងរស់នៅក្នុងប្រទេសកម្ពុជា។ 

លោក Albeiro Rodas ឬ លោក លី សំណាង

លោកឪពុកសំណាង បានស្នើសុំសម្ដេច​នាយករដ្ឋមន្ត្រី មេត្តា​សណ្ដោសប្រណី​ផ្ដល់សញ្ជាតិ​ដល់រូប​លោកផង ដើម្បីឲ្យ​លោក​បាន​ក្លាយជា​ពលរដ្ឋ​កម្ពុជា​មួយរូប និងបន្ត​បេសកកម្ម​អប់រំ​យុវជនកម្ពុជា ពិសេស​យុវជនក្រីក្រ ឲ្យមានជំនាញ មានការងារធ្វើ ដើម្បីក្លាយបង្គោលគ្រួសារដ៏ល្អ និងជា​​ពលរដ្ឋល្អ​នៅក្នុងសង្គម៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុត Thai Airways អស់ឋានៈជាសហគ្រាសរដ្ឋហើយ បន្ទាប់ពីលក់ហ៊ុនចេញ ៣,១៧%

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Saksayam Chidchob បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដែលត្រូវបានហ៊ុមព័ទដោយបំណុលជុំជិតនោ...

សំឡេងជួងអេស៊ីលីដានៅក្នុងផ្សារមូលបត្រកម្ពុជា នឹងដាស់គ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀតឲ្យចាប់អារម្មណ៍ទីផ្សារមូលបត្រកាន់តែខ្លាំង

ព័ត៌មាន
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី ២៥ ខែឧសភានេះ ធនាគារអេស៊ីលីដា បានសម្រេចចូលទៅគោះជួងនៅក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីបោះផ្សាយលក់មូលបត្ររបស់...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ