ការផ្គត់ផ្គង់ឧស្ម័ន

ក្រុមហ៊ុន Gazprom ព្រមានប្រាប់អឺរ៉ុបថា ខ្លួននឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្លុកនេះ ដោយសារ «កាលៈទេសៈមិនអំណោយផល»


បើតាមការដកស្រងខ្លឹមសារសំបុត្ររបស់វិមានក្រឹមឡឹ ងដែលបានលើកឡើងពីបញ្ហាសេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសលោកខាងលិចបន្ទាប់ពីមានការលុកលុយលើអ៊ុយក្រែន បានគូសបញ្ចាក់ថា ក្រុមហ៊ុនប្រេង និងហ្កាស Gazprom របស់រុស្ស៊ីបានព្រមានប្រាប់អតិថិជននៅអឺរ៉ុបថា ខ្លួនមិនអាចធានាការផ្គត់ផ្គង់ឧស្ម័នទៅដល់តំបន់អឺរ៉ុបបានទេ ដោយសារតែកាលៈទេសៈ មិនមានភាពអំណោយផល។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
ក្រុមហ៊ុន Gazprom ព្រមានប្រាប់អឺរ៉ុបថា ខ្លួននឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្លុកនេះ ដោយសារ «កាលៈទេសៈមិនអំណោយផល»

ក្រុមហ៊ុនឧស្ម័នរដ្ឋផ្ដាច់មុខរបស់រុស្ស៊ី Gazprom បាននិយាយនៅក្នុងលិខិតមួយចុះថ្ងៃទី ១៤ ខែ កក្កដា ថា ក្រុមហ៊ុនអាចនឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុប នៅពេលវេលាណាមួយ ដែលមិនអាចទាយទុកមុនបាន ចាប់តាំងពីថ្ងៃទី ១៤ ខែមិថុនាមកម្ល៉េះ។ ការប្រកាសនេះ ធ្វើឡើង នៅគ្រាដែល បំពងបង្ហូរប្រេង និងឧស្ម័ន Nord Stream 1 ដែលជាបំពង់បង្ហូរប្រេង និងឧស្ម័នដ៏សំខាន់ ពីរុស្ស៊ីទៅ ប្រទេសអាល្លឺម៉ង់ និងប្រទេសផ្សេងៗទៀត គឺកំពុងស្ថិតនៅក្នុងការជួសជុលរយៈពេល១០ថ្ងៃ នៃការកំណត់ជួសជុលប្រចាំឆ្នាំ ហើយថ្ងៃកំណត់នេះជួសជុលនេះ នឹងត្រូវផុតនៅត្រឹមថ្ងៃទី ២១ កក្កដា។

ការប្រកាសថ្មី របស់ក្រុមហ៊ុន Gazprom នេះ បានធ្វើឲ្យមានក្ដីបារម្ភខ្លាំងនៅក្នុងតំបន់អឺរ៉ុប ដែលថាទីក្រុងម៉ូស្គូ អាចនឹងមិនបន្ដចាប់ផ្ដើមបំពង់បង្ហូរប្រេង និងឧស្ម័នមកកាន់តំបន់អឺរ៉ុបនោះទេ នៅក្រោយថ្ងៃកំណត់ជួសជុលត្រូវបានបញ្ចប់ ដែលទង្វើនេះ ត្រូវបានអឺរ៉ុបចាត់ទុកថា គឺជាការសងសឹករបស់ទីក្រុងម៉ូស្គូ មកលើទណ្ឌកម្មដែលប្លុកនេះបានដាក់ ជុំវិញនឹងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ ប្រការនេះ ក៏បានធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៃវិបត្តិថាមពល ដែលជាហានិភ័យទាញឲ្យពិភពលោកអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។

ទោះយ៉ាងណា សេចក្តីប្រកាសនេះ មិនមានន័យថាក្រុមហ៊ុន Gazprom របស់រុស្ស៊ី នឹងបញ្ឈប់ការដឹកជញ្ជូនឧស្ម័នទៅកាន់ទ្វីបអឺរ៉ុបនោះទេ ខណៈទីក្រុងម៉ូស្គូត្រូវទទួលខុសត្រូវ ប្រសិនបើវាមិនបំពេញតាមលក្ខខណ្ឌនៃកិច្ចសន្យា។

យ៉ាងណាមិញ នៅក្នុងប៉ុន្មានខែកន្លងមកនេះ ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីបាននឹងកំពុងធ្លាក់ចុះនៅតាមផ្នែកនៃការដឹកជញ្ចួនសំខាន់ៗ រួមទាំងតាមរយៈការដឹកជញ្ចួនទៅអ៊ុយក្រែន និង បេឡារុស្ស ក៏ដូចជាតាមរយៈបំពង់បង្ហូរ Nord Stream 1 ។

លោក Hans van Cleef សេដ្ឋវិទូជាន់ខ្ពស់នៃក្រុមហ៊ុន ABN Amro បាននិយាយថា កត្តាទាំងអស់នេះហាក់ដូចជាតម្រុយដំបូងដែលការផ្គត់ផ្គង់ឧស្ម័នតាមរយៈបំពង់បង្ហូរ Nord Stream 1 នឹងមិនដំណើរការឡើងវិញទេ បន្ទាប់ពីការជួសជុលរយៈពេល ១០ ថ្ងៃត្រូវបានបញ្ចប់។ លោកបានបន្ថែមថា ស្ថានភាពនេះវាអាស្រ័យទៅលើកាលៈទេសៈ និង ការពិចារណារបស់រុស្ស៊ី ពីការប្រកាន់គោលជំហរ បច្ចេកទេស ឬ ក៏នយោបាយ ខណៈប្រសិនបើរុស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គងឧស្ម័នទៅកាន់អឺរ៉ុប វានឹងកាន់តែបង្កឱ្យមានភាពតានតឹងរវាងទីក្រុងម៉ូស្គូ និង ប្លុកនេះ ជាពិសេសនោះ ជាមួយប្រទេសអាល្លឺម៉ង់តែម្តង។

គួររំលឹកថា ក្រុមហ៊ុន Gazprom បានកាត់បន្ថយសមត្ថភាពផ្គត់ផ្គងឧស្ម័ននៅបំពង់បង្ហូប្រេង Nord Stream 1 មកត្រឹម ៤០% នៅថ្ងៃទី ១៤ ខែមិថុនា។ ហេតុផលនៃការកាត់បន្ថយនោះ ក្រុមហ៊ុន Gazprom បានស្តីបន្ទោសដោយលើកឡើងពីការពន្យារពេលក្នុងការវិលត្រលប់មកវិញនូវទួរប៊ីនបូមយកឧស្ម័ន ដែលបានយកទៅជួសជុលនៅប្រទេសកាណាដាមានភាពយឺតយ៉ាវ។

ទោះយ៉ាងណា ប្រទេសកាណាដា បានបញ្ជូនទួរប៊ីនសម្រាប់បំពង់បង្ហូរប្រេងទៅកាន់ប្រទេសអាឡឺម៉ង់តាមយន្តហោះកាលពីថ្ងៃទី ១៧ ខែកក្កដា បន្ទាប់ពីការងារជួសជុលត្រូវបានបញ្ចប់ នេះបើតាមកាសែត Kommersant បានរាយការណ៍កាលពីថ្ងៃចន្ទ។ របាយការណ៍បាននិយាយថា វានឹងត្រូវចំណាយពេលពី ៥ ថ្ងៃ ទៅ ៧ ថ្ងៃទៀតសម្រាប់ទួរប៊ីន ដើម្បីទៅដល់ប្រទេសរុស្សី បើសិនបើមិនមានបញ្ហាជាមួយនឹងភស្តុភារ និងគយនោះទេ។ ក្រុមហ៊ុនប្រេង និង ឧស្ម័នអូទ្រីស OMV បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនរំពឹងថា ការដឹកជញ្ជូនឧស្ម័នពីប្រទេសរុស្ស៊ីតាមបំពង់ Nord Stream 1 នឹងបន្តដូចដែលបានគ្រោងទុក ខណៈនៅតំបន់អឺរ៉ុបមានតម្រូវការប្រើប្រាស់ឧស្ម័នជាចាំបាច់។

គួរជម្រាបថា សម្រាប់ទីក្រុងម៉ូស្គូ និង ក្រុមហ៊ុន Gazprom លំហូរថាមពល គឺជាលំហូរនៃប្រាក់ចំណូលដ៏សំខាន់មួយ ខណៈដែលទណ្ឌកម្មរបស់លោកខាងលិច ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលវិមានក្រឹមឡាំងចាត់ទុកថា ជាប្រតិបត្តិការយោធាពិសេស បានធ្វើឱ្យមានភាពតានតឹងផ្នែកហិរញ្ញវត្ថុរបស់រុស្ស៊ីជាខ្លាំង។ យោងតាមក្រសួងហិរញ្ញវត្ថុរុស្ស៊ី ថវិការដ្ឋាភិបាលសហព័ន្ធទទួលបានជាង ១១៤ ពាន់លានដុល្លារ ពីការលក់ប្រេង និង ឧស្ម័នក្នុងឆមាសទីមួយនៃឆ្នាំនេះ ធៀបនឹងផែនការប្រាក់ចំណូលជាង ១៧០ពាន់លានដុល្លារសម្រាប់ពេញ១ឆ្នាំ ២០២២៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនអង់គ្លេសដ៏ធំមួយ ទិញយកប្រតិបត្តិការវេចខ្ចប់ និងចែកចាយដបកូកាកូឡានៅវៀតណាម និងកម្ពុជា ក្នុងតម្លៃ១ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន Swire Pacific ដែលមានប្រភពមកពីចក្រភពអង់គ្លេស និងបានចុះបញ្ជីនៅផ្សារភាគហ៊ុនហុងកុង បានប្រកាសថា ខ្លួនកំពុងចំណាយប្រាក់ចំនួនជាង ១ …

អេសស៊ីជី (SCG) រៀបចំសន្និសីទ ESG ឆ្នាំ២០២២ ជំរុញក្របខណ្ឌ ESG និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចនៅអាស៊ាន

ព័ត៌មាន
ក្រុមហ៊ុន អេសស៊ីជី (SCG) បានរៀបចំសន្និសីទ ESG ឆ្នាំ២០២២ លើកដំបូង នៅក្នុងប្រទេសថៃ ដោយមានការចូលរួមពីវិស័យឯកជន និងរដ្ឋ សាធារណជន និងសម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ