
កសិដ្ឋានចិញ្ចឹមត្រីសាលម៉ុនដ៏បំផុតបំផុតនៅជប៉ុន គឺកសិដ្ឋាន Japan Salmon Farm កំពុងស្វែងរកការបង្កើនផលិតកម្មឱ្យបាន៣ដង នៅត្រឹមឆ្នាំ២០៣០។ នៅក្នុងបទសម្ភាសមួយជាមួយសារព័ត៌មាននីកេ លោក កយឈី អូកាមូរ៉ា (Koichi Okamura) ប្រធានកសិដ្ឋានចិញ្ចិមត្រីសាលម៉ុននេះ បាននិយាយថា ក្រុមហ៊ុនលោកចង់បំពេញចន្លោះប្រហោងនៃការផ្គត់ផ្គង់ និងការកើនឡើងកំណើនតម្រូវការម្ហូបស៊ូស៊ីរបស់ជប៉ុន ទូទាំងពិភពលោក។
លោក កយឈី បានលើកឡើងថា ដើម្បីបំពេញកំណើនតម្រូវការនេះ ក្រុមហ៊ុនរបស់លោកនឹងបង្កើនបរិមាណនៃការចិញ្ចឹមត្រីសាលម៉ុន ចាប់ពី៣,៥០០តោន នៅក្នុងឆ្នាំ២០២៥ រហូតដល់១២,០០០តោននៅចុងខែមិថុនា ឆ្នាំ២០៣០។
សមាគមនេសាទបានផ្តល់សិទ្ធិឱ្យកសិដ្ឋានេះអាចធ្វើកសិកម្ម១៥,០០០តោន នៅឆ្នេរសមុទ្រនៅខេត្តអៅម៉ូរី ហើយក្នុងរយៈពេល៦ឆ្នាំខាងមុខទៀត កសិដ្ឋានរបស់លោក កយឈិ នឹងបោះទុនវិនិយោគ១២៩លានដុល្លារ ដើម្បីបង្កើតកសិដ្ឋានកម្រិតមធ្យមបន្ថែមទៀត ដើម្បីចិញ្ចឹមត្រី។
ទន្ទឹមនេះ លោក ជឿជាក់ថា តម្រូវការត្រីសាលម៉ុនសកលនឹងមានការកើនឡើងក្នុងរង្វង់៧% ក្នុងមួយឆ្នាំៗ ឬស្មើនឹងបរិមាណប្រមាណ២០ម៉ឺនតោនក្នុងមួយឆ្នាំ។ ដូច្នេះលោកនឹងពង្រីកការធ្វើកសិកម្មនៅប្រទេសជប៉ុន ដើម្បីបំពេញតម្រូវការសកលនេះ៕
អត្ថបទ៖ សុខ មង្គល