ប្រជាជនចិន

ហេតុអ្វីបណ្ឌិត្យសភាចិន ព្យាករថា មហាយក្សចិន នឹងបាត់បង់ចំនួនប្រជាជនដល់ទៅ៦០%នៅត្រឹមដំណាច់សតវត្សរ៍នេះ?


បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមក្រុងសៀងហៃ (SASS) នៃប្រទេសចិន បានព្យាករថា មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក និងមានប្រជាជនសរុបរហូតដល់ទៅជាង១ពាន់៤រយលាននាក់ អាចនឹងបាត់បង់ចំនួនប្រជាជនរបស់ខ្លួនរហូតដល់ទៅ៦០%នៅត្រឹមដំណាច់សតវត្សរ៍នេះ។ តើមានកត្តាអ្វីខ្លះបានជាបណ្ឌិត្យសភាចិន ធ្វើការព្យាករដ៏គួរឱ្យភ្ញាក់ផ្អើលបែបនេះ?
ប្រជាជនចិន
ដោយ

បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមក្រុងសៀងហៃ (SASS) នៃប្រទេសចិន បានព្យាករថា នៅត្រឹមឆ្នាំ២១០០ ចំនួនប្រជាជនចិនជាង១ពាន់៤រយលាននាក់ នាពេលបច្ចុប្បន្ន ដែលច្រើនបំផុតទី២ របស់ពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា អាចនឹងធ្លាក់ចុះខ្លាំងដល់ទៅ៦០%មកនៅត្រឹមតែប្រមាណ៥២៥លាននាក់ប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Newsweek។

ការព្យាករនេះធ្វើឡើងដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិចិន ដែលបង្ហាញថា ចំនួនអ្នកស្លាប់មានច្រើនជាងចំនួនអ្នកកើតនៅក្នុងប្រទេសចិន សម្រាប់ឆ្នាំទី២ ជាប់ៗគ្នាក្នុងឆ្នាំ២០២៣ កន្លងទៅ។

ទោះជាយ៉ាងណា ការិយាល័យស្ថិតិរបស់ប្រទេសចិន មិនបានឆ្លើយតបភ្លាមៗទេ នៅពេលសារព័ត៌មាន Newsweek ស្នើសុំឱ្យឆ្លើយបំភ្លឺជុំវិញបញ្ហានេះ។

លោក យី ហ្វូសៀន (Yi Fuxian) អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យវីស្កុនស៊ីន-ម៉ាឌីសុន (University of Wisconsin-Madison) បានប្រាប់សារព័ត៌មាន Newsweek កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅថា ចំនួនប្រជាជនចិន ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅនឹងកើនឡើងពី១៤% ក្នុងឆ្នាំ២០២០ ដល់៣៥% ក្នុងឆ្នាំ២០៥០ ដែលនៅពេលនោះវិបត្តិប្រាក់សោធននិវត្តន៍របស់ប្រទេសចិន នឹងវិវត្តទៅជាមហន្តរាយមនុស្សធម៌។

មិនខុសពីប្រទេសដទៃទៀតនៅអាស៊ីបូព៌ា នោះឡើយ ប្រទេសចិន ប្រឈមមុខនឹងកម្លាំងពលកម្មដែលមានវ័យចាស់យ៉ាងឆាប់រហ័ស ហើយកត្តានេះអាចបណ្ដាលឱ្យខ្វះកម្មករជំនាញ ការធ្លាក់ចុះនូវការផ្គត់ផ្គង់កម្លាំងពលកម្ម និងសម្ពាធកើនឡើងលើប្រព័ន្ធសុខាភិបាល និងសុខុមាលភាពសង្គមរបស់ប្រទេសនេះ។

ទន្ទឹមនេះ អត្រានៃការមានកូនក្នុងប្រទេសចិន ទាបជាងឆ្ងាយនៅឡើយបើធៀបនឹងអត្រាកំណើត២,១ដែលត្រូវបានកំណត់សម្រាប់ស្ត្រីម្នាក់នៅក្នុងប្រទេសនេះ។ ហើយជាវិធានការ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង កាលពីឆ្នាំមុនបានជំរុញឱ្យយុវជនចិន រៀបការ និងបង្កើតកូនព្រមទាំងពង្រឹងការណែនាំជុំវិញទស្សនៈយល់ឃើញរបស់យុវជនលើការរៀបអាពាហ៍ពិពាហ៍ផងដែរ។

ទាំងរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាននៃប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានដាក់ចេញវិធានការនានាដើម្បីទាក់ទាញគូស្វាមីភរិយាឱ្យមានគ្រួសារធំជាងមុន ពោលគឺបង្កើតកូនឱ្យបានច្រើន ហើយវិធានការទាំងនោះរាប់ចាប់ពីការឧបត្ថម្ភជាប្រាក់រហូតដល់ការលុបបំបាត់ចោលនូវគោលនយោបាយកូន១ ដែលប្រទេសចិន បានអនុវត្តជាច្រើនទសវត្សរ៍មកហើយ។ ក្រោយលុបចោលគោលនយោបាយកូន១ រដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យមានកូន២ និងក្រោយមកអនុញ្ញាតឱ្យមានកូន៣ក្នុងមួយគ្រួសារ។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ វិធានការទាំងនេះហាក់មានប្រសិទ្ធភាពតិចតួចណាស់ ខណៈយុវជននៅតាមទីក្រុងមិនសូវចង់រៀបការបង្កើតកូនគួបផ្សំជាមួយនឹងស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងបង្អង់ល្បឿន ហើយថ្លៃចំណាយជីវភាពប្រចាំថ្ងៃនៅតាមទីក្រុងក៏ចេះតែកើនឡើងកាន់តែខ្ពស់។

នៅក្នុងរបាយការណ៍ឆ្នាំ២០២២ របស់ខ្លួន នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (UN) បានព្យាករថា ពិភពលោកនឹងមានប្រជាជនចន្លោះពី៨,៩ពាន់លាននាក់ទៅ១២,៤ពាន់លាននាក់នៅក្នុងឆ្នាំ២១០០ អាស្រ័យទៅលើនិន្នាការសង្គម៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើរដ្ឋាភិបាលចិនអាចសង្រ្គោះវិស័យអចលនទ្រព្យរបស់ខ្លួនបានដែរឫទេ?

ព័ត៌មាន
រដ្ឋាភិបាលចិន នៅពេលនេះកំពុងតែបង្កើននូវយន្តការសង្រ្គោះតាមរយៈបញ្ជី ស ដើម្បីជួយស្តារវិស័យអចលនទ្រព្យដែលកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ ស…

ក្រុមហ៊ុនសេវាកម្មអ៊ីនធឺណិតមួយរបស់ជប៉ុនកំពុងស្វែងរកការបណ្តាក់ទុនរួមគ្នាចំនួន១០០ពាន់លានដុល្លារ

ព័ត៌មាន
ស្ថាបនិកក្រុមហ៊ុន SoftBank Group លោក ម៉ាសាយូស៊ី សុន (Masayoshi Son) កំពុងស្វែងរកប្រាក់ចំនួន១០០ពាន់លានដុល្លារ ដើម្បីបណ្តាក់ទុនរួមគ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ