នៅក្នុងជំនួបសម្តែងការគួរសម ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោកស្រី (ម៉ូដ បេលី) Maud BAILLY នាយកប្រតិបត្តិ Sofitel, MGallery និង Emblems តំណាងឱ្យ ACCOR Group បានគូសបញ្ជាក់អំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ACCOR Group នៅក្នុងប្រទេសកម្ពុជា និងស្ថានភាពកាន់តែល្អប្រសើរ និងដំណើរវិវឌ្ឍន៍នៃវិស័យទេសចរណ៍នៅកម្ពុជា។ លោកស្រី Maud BAILY មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នៅកម្ពុជានៅឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរបន្ថែមទៀតផងដែរ។
បើតាម លោកស្រី Maud BAILLY ក្រុមហ៊ុន ACCOR Group បាននិងកំពុងវិនិយោគក្នុងវិស័យសណ្ឋាគារ ដែលមានសណ្ឋាគារបែបទំនើប និងមធ្យម និងបែប សណ្ឋាគារប៊ូទិក (Boutique Hotel) ផ្សេងៗទៀត ដែលជាការលើកស្ទួយនៃរូបភាពនិងកិត្យានុភាពនៃប្រទេសកម្ពុជា។ លោកស្រី បានលើកឡើងថា តាមរយៈសណ្ឋាគារសូហ្វីតែល ដែលមានប្រតិបត្តិការអាជីវកម្មនៅជុំវិញពិភពលោក បានចូលរួមផ្សព្វផ្សាយនូវវប្បធម៌ និងភាពល្អឥតខ្ចោះនៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីជំរុញឱ្យអ្នកទេសចរណ៍ មកទស្សនាខេត្តសៀមរាប នៅឆ្នាំ២០២៤ ឱ្យកាន់តែច្រើនថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុបានអរគុណដល់លោកស្រី Maud BAILLY ព្រមទាំងសហការី ចំពោះការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជានាពេលកន្លងមក។ ជាមួយគ្នានេះ សម្ដេចធិបតី លើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀត ក្នុងពេលដែលស្ថានភាពនៃវិស័យទេសចរណ៍បន្តងើបឡើងវិញ ស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ដែលនឹងជួយលើកស្ទួយវិស័យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញ និងវិវត្តទៅរកស្ថានភាពមុនវិបត្តិកូវីដ-១៩ និងបានបង្កើតការងារដល់ប្រជាពលរដ្ឋ និងជាការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕