វិនិយោគិន

សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកវត្តមានរបស់សម្តេចនៅអឺរ៉ុប គឺដើម្បីគោះទ្វារអ្នកធុរកិច្ចឲ្យមកវិនិយោគនៅកម្ពុជា


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកវត្តមានរបស់សម្តេចទៅកាន់ទ្វីបអឺរ៉ុបយៈពេល៦ថ្ងៃ ជាពិសេសក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក គឺជាពេលដែលសម្ដេចត្រូវដើរគោះទ្វារអ្នកធុរកិច្ច ដើម្បីឲ្យមកវិនិយោគនៅកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា រាល់ពេលសម្ដេចធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់បណ្ដាប្រទេសផ្សេងៗ សម្ដេចតែងតែដើរគោះទ្វារអ្នកធុរកិច្ចនៅទីនោះ ក្នុងគោលបំណងបង្កើនទំនាក់ទំនង ជំរុញឱកាសវិនិយោគ-ពាណិជ្ជកម្ម និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
វិនិយោគិន
ដោយ

ថ្លែងនាពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជាង ២ពាន់៥រយនាក់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកវត្តមានរបស់សម្តេចនៅទ្វីបអឺរ៉ុប គឺជាភារកិច្ចមួយក្នុងការគោះទ្វារ ចាប់ដៃ និងដើរទាក់ម៉ូយ ដើម្បីបង្ហាញសក្ដានុពលរបស់កម្ពុជា ដល់ពិភពលោក បណ្ដាថ្នាក់ដឹកនាំ និងអ្នកធុរកិច្ចឲ្យចាប់អារម្មណ៍និងស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ជាក់ស្តែងនៅថ្ងៃទី១៥ មករា សម្តេចធិបតី បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគជាច្រើនដូចជាក្រុមហ៊ុនបារាំង VINCI, Sofitel, និងក្រុមហ៊ុន ACCOR Group ជាដើម។

សម្រាប់សម្តេចធិបតី គោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានដាក់ចេញដើម្បីធ្វើយ៉ាងណាជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានកំណើន៧%ក្នុងមួយឆ្នាំ និងប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ កត្តានេះហើយ ទើបរាល់ពេលមានដំណើរបំពេញទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសម្ដងៗ សម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតែកៀគរវិនិយោគិនឲ្យមកវិនិយោគនៅកម្ពុជា ខណៈនៅប៉ុន្មានខែកន្លងមកនេះកម្ពុជាទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់។

ក្រៅពីអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី៥៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្ដេច ធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្ដីរំពឹងចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសបារាំង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ផងដែរ។ សម្រាប់សម្តេច ហ៊ុន ម៉ាណែត ទស្សនកិច្ចផ្លូវការរបស់សម្ដេចទៅកាន់ប្រទេសបារាំង គឺជាទស្សនកិច្ចដ៏ពិសេស ដោយសារលោក អេម៉ានុយអែល ម៉ាក្រុង ដែលជាប្រធានាធិបតីបារាំង ជាអ្នកចេញលិខិតអញ្ញើញសម្ដេចដោយផ្ទាល់ ដែលកត្តានេះនឹងជួយធ្វើឲ្យទំនាក់ទំនងទ្វេរភាគីកម្ពុជា-បារាំង កាន់តែប្រសើរថែមមួយកម្រិតទៀត។

គួរបញ្ជាក់ថា ដំណើរបំពេញបេសកកម្មនៅតំបន់អឺរ៉ុប របស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានរយៈពេល៦ថ្ងៃ ពោលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ នៅក្នុងបេសកកម្មមូយសប្តាហ៍នៅតំបន់អឺរ៉ុបនេះ សម្តេចធិបតី នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ«ការកសាងឡើង វិញនូវទំនុកចិត្ត» នៅទីក្រុងដាវ៉ូស ប្រទេសស្វីស និងបំពេញទស្សនកិច្ចនៅប្រទេសបារាំងតបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ប្រកាសបន្ថែមរង្វាន់ឡានខ្លាញ់គោ១គ្រឿងទៀតហើយ ខណៈទើបប្រគល់រង្វាន់ឡាន១គ្រឿងដល់អ្នកឈ្នះរង្វាន់

ព័ត៌មាន
ប្រូម៉ូសិន Mega 1 Year Anniversary ទើបតែបញ្ចប់ ឯម្ចាស់រង្វាន់រថយន្ត Mitsubishi Expander ដ៏ថ្មីស្រឡាងក៏បានរកឃើញ តែមិនទាន់ចប់នោះទេ ក…

រាជរដ្ឋាភិបាលដាក់ឲ្យដំណើរការមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន សហគ្រាស លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមឌីជីថល

ព័ត៌មាន
រាជរដ្ឋាភិបាល បានប្រកាសដាក់ឲ្យដំណើរការមុខងារ ចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន សហគ្រាស ចំនួន៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមរយៈថ្នាលបច្ចេកវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ