បំណុលសាធារណៈ

ក្រុមមេដឹកនាំពិភពលោកត្រូវរែកពន់បន្ទុកដ៏ធ្ងន់នៅឆ្នាំនេះ ខណៈបំណុលសាធារណៈសរុបកើនដល់៨៨ទ្រីលានដុល្លារ


ឆ្នាំថ្មី២០២៤ ជាឆ្នាំនាំមកនូវក្ដីសង្ឃឹមថ្មី ដែលគេរំពឹងថាអ្វីៗនឹងប្រសើរឡើងជាងឆ្នាំចាស់។ ទន្ទឹមនឹងក្ដីរំពឹងនេះ ក្រុមមេដឹកនាំពិភពលោក ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) កំពុងជួបរឿងឈឺក្បាលជាច្រើនដែលត្រូវដោះស្រាយបន្ទាន់ ហើយបញ្ហាបំណុលគឺជាបញ្ហាធំជាងគេ ខណៈបំណុលសាធារណៈសរុបរបស់ពិភពលោកបានកើនឡើងរហូតដល់៨៨ទ្រីលានដុល្លារអាម៉េរិក។
បំណុលសាធារណៈ
ដោយ

ក្រុមមេដឹកនាំពិភពលោកមកពីជាង១០០ប្រទេសបានអញ្ជើញទៅកាន់ទីក្រុង Davos ប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលចាប់ផ្ដើមនៅសប្ដាហ៍នេះចាប់ពីថ្ងៃទី១៥ មករា ដល់ថ្ងៃទី១៩ មករា ដើម្បីជជែករកដំណោះស្រាយលើបញ្ហាបន្ទាន់បំផុតនានា ដែលពិភពលោកកំពុងប្រឈមនាពេលបច្ចុប្បន្ន។

មានចំណុចជាច្រើនដែលក្រុមមេដឹកនាំពិភពលោកត្រូវលើកយកមកជជែក ដើម្បីរិះរកដំណោះស្រាយសម្រាប់បញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ បញ្ហាដឹកជញ្ជូនតាមកប៉ាល់ ជាពិសេសនៅសមុទ្រក្រហម ភាពតានតឹងកើតចេញពីការបោះឆ្នោត ការវាយប្រហារតាមអ៊ីនធឺណិតទៅលើស្ថាប័នរដ្ឋាភិបាល និងទិន្នន័យគួរឱ្យព្រួយបារម្ភបន្ថែមទៀតទាក់ទងនឹងបញ្ហាអាកាសធាតុជាដើម។

ប៉ុន្តែការយកគំនិតយោបល់នានាទៅអនុវត្តឱ្យចេញជាសកម្មភាពជាក់ស្ដែង វាពិតជាពិបាកនឹងសម្រេចបានតាមគោលដៅណាស់ ជាពិសេសបញ្ហាបំណុលតែម្ដង ខណៈបំណុលសាធារណៈសរុបរបស់ពិភពលោកបានកើនឡើងរហូតដល់៨៨,១ទ្រីលានដុល្លារអាម៉េរិក មិនធ្លាប់មាន។

បំណុលសាធារណៈបានកើនឡើងខ្លាំងនៅអំឡុងវិបត្តិកូវីដ-១៩ ហើយការខ្ចីប្រាក់ថ្មីៗនៅឆ្នាំ២០២៤ នេះ ទំនងជានឹងបំបែកកំណត់ត្រាឆ្នាំចាស់នៅក្នុងសេដ្ឋកិច្ចធំៗមួយចំនួន ដែលធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសទាំងនោះខ្វះលទ្ធភាពក្នុងការឆ្លើយតបទៅនឹងព្រឹត្តិការណ៍រំជើបរំជួលដូចជាវិបត្តិហិរញ្ញវត្ថុ ជំងឺរាតត្បាត ឬសង្រ្គាមជាដើម។

បើទោះបីជាគ្មានវិបត្តិថ្មីផ្ទុះឡើងយ៉ាងណាក៏ដោយចុះ ក៏ការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់នឹងរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការថែទាំពលរដ្ឋដែលមានវ័យចំណាស់។ សេវាសាធារណៈនៅក្នុងប្រទេសជាច្រើនកំពុងជួបបញ្ហារអាក់រអួលរួចទៅហើយ បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំងនោះបានកាត់បន្ថយការចំណាយជាបន្តបន្ទាប់។

អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀតនោះ នៅពេលដែលបន្ទុកបំណុលកើនឡើង រដ្ឋាភិបាលនានានឹងគ្មានលទ្ធភាពខ្ចីប្រាក់បន្ថែមទៀត ដើម្បីបំពេញតម្រូវការចំណាយដែលមានស្រាប់ និងការផ្ដល់ហិរញ្ញប្បទានសម្រាប់សេវាមូលដ្ឋាននានាឱ្យបានគ្រប់គ្រាន់។

លោក ម៉ៃឃើល សូនដឺស (Michael Saunders) អតីតសមាជិកនៃគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនៃធនាគារកណ្ដាលអង់គ្លេស បានលើកឡើងថា រដ្ឋាភិបាលមួយដែលខ្វះលទ្ធភាពផ្តល់ហិរញ្ញប្បទានបំណុលរបស់ខ្លួននឹងត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយ ឬ ដំឡើងអត្រាការប្រាក់ភ្លាមៗមួយរំពេចដែលនឹងបង្កផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច និងពលរដ្ឋ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ACCOR Group រំពឹងវិស័យទេសចរណ៍កម្ពុជា នឹងមានភាពល្អប្រសើរនៅឆ្នាំ២០២៤ នេះ

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្…

ចិនបញ្ចេញកម្ចីធនាគារច្រើនបំផុតមិនធ្លាប់មានក្នុងឆ្នាំ២០២៣ ប៉ុន្តែសេដ្ឋកិច្ចនៅតែជួបការលំបាក

ព័ត៌មាន
ការផ្តល់កម្ចីធនាគារថ្មីៗនៅក្នុងប្រទេសចិន បានកើនឡើងតិចជាងការរំពឹងទុករបស់ក្រុមអ្នកជំនាញសេដ្ឋកិច្ចកាលពីខែធ្នូ ប៉ុន្តែទោះជាយ៉ាងណា ការផ្តល់ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ