
ដើម្បីបំពេញនូវតម្រូវការអតិថិជនដែលកំពុងមានការកើនឡើងខ្ពស់ផ្នែកសេវាហិរញ្ញវត្ថុ ធនាគារអេស៊ីលីដា ភីអិលស៊ី បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនទី២៦៤ នៅក្នុងផ្សារទំនើបអ៊ីអន៣។ ធនាគារអេស៊ីលីដា នៅក្នុងផ្សារទំនើបអ៊ីអន៣ នឹងកាន់តែបង្ខិតសេវាហិរញ្ញវត្ថុចូលទៅកាន់តែជិត និងផ្តល់ភាពងាយស្រួលកាន់តែប្រសើរជាងមុន សម្រាប់អតិថិជន ដែលកំពុងមានតម្រូវការខ្ពស់លើសេវាហិរញ្ញវត្ថុ។
មិនត្រឹមតែបង្ខិតសេវាឲ្យកាន់តែជិតអតិថិជន នោះទេ ធនាគារអេស៊ីលីដា ភីអិលស៊ី ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តពង្រីកសក្ដានុពលរបស់ខ្លួននៅតាមគ្រប់បណ្ដាផ្សារទំនើបនានា នៅទូទាំងប្រទេសកម្ពុជា នាពេលអនាគត។
ថ្លែងក្នុងពិធីបើកសម្ពោធសាខាថ្មីទី២៦៤ នៅក្នុងផ្សារទំនើបអ៊ីអន៣ លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារអេស៊ីលីដា បានគូសបញ្ជាក់ថា នាពេលបច្ចុបប្បន្ននេះ តម្រូវការរបស់អតិថិជនកាន់តែបន្តកើនឡើងជាលំដាប់ ដែលទាមទារឲ្យធនាគារអេស៊ីលីដា ពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់។

បើតាមលោកស្រី សុខ សោភា ផ្សារទំនើបអ៊ីអន គឺជាដៃគូយុទ្ធសាស្រ្តរបស់ធនាគារអេស៊ីលីដា ដូច្នេះ នៅពេលដែលផ្សារទំនើបអ៊ីអនមានការពង្រីកខ្លួន ធនាគារ អេស៊ីលីដា ក៏នឹងពង្រីកសាខារបស់ខ្លួន ជាពិសេសធនាគារ អេស៊ីលីដា ក៏មានផែនការ ក្នុងការពង្រីកសាខាបន្ថែមនៅតាមបណ្ដាផ្សារទំនើបនានា នៅទូទាំងប្រទេស នាពេលអនាគត។
លោកស្រីបន្តថា សន្ទុះនៃការគាំទ្រ និងតម្រូវការរបស់អតិថិជនលើសេវារញ្ញវត្ថុ មានការកើនឡើងយ៉ាងខ្លាំងទាំងការធ្វើប្រតិបត្តិការនៅតាមធនាគារផ្ទាល់ និងប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក។

ជាក់ស្ដែង នៅឆ្នាំ២០២២ ការប្រើប្រាស់ឌីជីថលមានការកើនឡើងចំនួន៨០% លើចំនួនទឹកប្រាក់ដែលធ្វើប្រតិបត្តិការឌីជីថល ខណៈចំនួននៃប្រិតិបត្តិការតាមឌីជីថល បានកើនឡើងចំនួន ៧៨%។
លោកស្រី កែប ពិសី នាយិកាសាខាធនាគារអេស៊ីលីដាមានជ៏័យ បានគូសបញ្ជាក់ថា ការពង្រីកសាខាធនាគារអេស៊ីលីដា នៅផ្សារទំនើបអ៊ីអន៣ នឹងកាន់តែបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជន។ លោកស្រីបន្តថា អ្វីដែលជាលក្ខណៈពិសេសរបស់ធនាគារអេស៊ីលីដាមានជ៏័យ ដោយសារតែទីតាំងនេះ ជាកន្លែងមានការប្រមូលផ្ដុំនូវមនុស្សម្នាយ៉ាងច្រើនកុះករ ហើយធនាគារអេស៊ីដាមានជ័យ ត្រៀមខ្លួនជាស្រេច ក្នុងការបំរើនូវសេវាជូនអតិថិជនក្នុងសេវាហិរញ្ញវត្ថុ ឲ្យមានប្រសិទ្ធិភាពខ្ពស់ និងរហ័សទាន់ចិត្ត។

សូមបញ្ជាក់ថា នៅឆ្នាំ២០២២ ធនាគារអេស៊ីលីដា សម្រេចបានផ្លែផ្កាវិជ្ជមានគួរឲ្យកត់សម្គាល់ ដោយមានអតិថិជនចំនួន៤១ម៉ឺននាក់ កំពុងប្រើប្រាស់សេវាឥណទាន ដែលមានទំហំទឹកប្រាក់ជាង៦ពាន់២រយលានដុល្លារអាមេរិកកើនឡើង១៩% បើធៀបនឹងឆ្នាំ២០២១ ដែលមានសមតុល្យជាង៥ពាន់២រយលានដុល្លារ។ គិតត្រឹមដំណាច់ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា កំពុងបម្រើសេវាប្រាក់បញ្ញើជូនអតិថិជនចំនួន ៣លាន៥០ម៉ឺនគណនី ដោយមានទំហំទឹកប្រាក់ជាង៦ពាន់២រយលានដុល្លារ កើនឡើង១២% បើធៀបនឹងដំណាច់ឆ្នាំ២០២១ ដែលមានសមតុល្យជាង៥ពាន់៥រយលានដុល្លារ។ ជាមួយគ្នានេះ ធនាគារ អេស៊ីលីដា នៅតែមានការជឿជាក់លើកំណើនជាវិជ្ជមានចំពោះសមតុល្យឥណទាន និងប្រាក់បញ្ញើ-សន្សំនៅឆ្នាំ២០២៣ ដោយរំពឹងបន្តកើនឡើងច្រើនជាង១០% បើប្រៀបធៀបនឹងលទ្ធផលឆ្នាំ២០២២៕
