ជាក់ស្តែង នៅអំឡុងពេលប្រារព្ធពិធីអបអរខួប៣០ឆ្នាំ នៃការបង្កើតធនាគារ អេស៊ីលីដា នៅខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ ធនាគារអេស៊ីលីដា បានរៀបចំកិច្ចប្រជុំមួយស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុជាយុទ្ធសាស្ត្រក្នុងយុគសម័យឌីជីថល» ដើម្បីបង្កើនចំណេះដឹងឌីជីថលដល់នាយក-នាយិការសាខាធនាគារអេស៊ីលីដាឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាបានបញ្ជាក់នៅក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុជាយុទ្ធសាស្ត្រក្នុងយុគសម័យឌីជីថល ថា អេស៊ីលីដា បាន និងកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីពង្រឹង និងពង្រីកទីផ្សារសេវាហិរញ្ញវត្ថុ ឲ្យស្របតាមបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលកំពុងមានការរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន។ លោកបណ្ឌិតអ៊ិន ចាន់នី បានអះអាងថា ជាគោលដៅរបស់អេស៊ីលីដាធ្វើយ៉ាងណាអភិវឌ្ឍន៍ខ្លួនឲ្យឈានមុខគេលើបច្ចេកវិទ្យាឌីជីថលក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុជូនអតិថិជននៅកម្ពុជា។
លោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់បន្ថែមថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការងាកមកផ្តោតខ្លាំងលើវិស័យបច្ចេកវិទ្យារបស់ ធនាគារអេស៊ីលីដា មិនបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារការងាររបស់បុគ្គលិកចាស់ៗនោះទេ។ ផ្ទុយទៅវិញ វាជាឱកាសសម្រាប់បុគ្គលិក ក្នុងការទទួលបានការសិក្សា និងបទពិសោធន៍ថ្មីៗបន្ថែមទៀតសម្រាប់អភិវឌ្ឍន៍សមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថលឲ្យកាន់តែល្អប្រសើរ។
លោក អ៊ាប វិសាល នាយកសាខា«គ» អេស៊ីលីដា ប្រចាំតំបន់មួយក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបងបានអះអាងថា ក្រោយធនាគារអេស៊ីលីដាបានអភិវឌ្ឍន៍មុខងារឌីជីថលកាន់តែសម្បូរបែបចំនួនអតិថិជនប្រើសេវាទូទាត់តាមឌីជីថលនៅតំបន់នោះមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យការងារដែលធ្លាប់តែកកស្ទះប្រព្រឹត្តទៅដោយរលូន។
លោកបណ្ឌិត អ៊ិន ចាន់នី សង្កេតឃើញថា បច្ចុប្បន្ន អេស៊ីលីដា មានអតិថិជនប្រើប្រាស់សេវាទូទាត់ឌីជីថលរហូតដល់៩៤% ខណៈអ្នកប្រើសេវាតាមរយៈទីភ្នាក់ងារ និងបញ្ជរមានតែ៦% តែប៉ុណ្ណោះ។ ជាមួយគ្នានេះ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារអេស៊ីលីដានៅឆ្នាំ២០២១ មានប្រមាណ ៨៥លានប្រតិបត្តិការកើនឡើង៦១% ដែលមានទំហំទឹកប្រាក់ចំនួន ៣៤ពាន់លានដុល្លារអាមេរិកកើនឡើង៩០% បើធៀបនឹងឆ្នាំ២០២០៕