ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា រំពឹងថា ក្រោយការបែងចែកភាគលាភជូនភាគហ៊ុនិក វានឹងជួយឲ្យភាគហ៊ុនអេស៊ីលីដាទទួលបានការគាំទ្រកាន់តែច្រើន និងមានការជួញដូរកាន់តែសកម្មមួយកម្រិតថែមទៀតនៅក្នុងទីផ្សារមូលបត្រកម្ពុជា ខណៈបច្ចុប្បន្នភាគហ៊ុនរបស់អេស៊ីលីដាមានតម្លៃជួញដូរប្រមាណ៨០%នៃទំហំតម្លៃជួញដូរសរុបនៅផ្សារមូលបត្រកម្ពុជា។
លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការបែងចែកភាគលាភជូនភាគហ៊ុនិក ក្នុងការធ្វើឲ្យប្រសើរឡើងនូវការជួញដូរភាគហ៊ុនរបស់អេស៊ីលីដា នៅលើទីផ្សារមូលបត្រកម្ពុជា។ លោកស្រីជឿជាក់ថា ក្រោយអេស៊ីលីដាបែងចែងភាគលាភជូនភាគហ៊ុនិកសម្រាប់ប្រាក់ចំណេញឆ្នាំ២០២១ រួចរាល់ វានឹងផ្តល់សន្ទនីយភាពបន្ថែមដល់ភាគហ៊ុននិក ដែលជំរុញឲ្យការជួញដូរភាគហ៊ុននៅផ្សារមូលបត្រកម្ពុជាកាន់តែសកម្មមួយកម្រិតទៀត។ លើសពីនេះវានឹងផ្តល់ឱកាសកាន់តែប្រសើរដល់ភាគហ៊ុនិកក្នុងការទិញភាគហ៊ុនបន្ថែម ដើម្បីទទួលបានភាគលាភដែលមានកំណើនជារៀងរាល់ឆ្នាំ ជាមួយការរីកចម្រើននៃអាជីវកម្មរបស់អេស៊ីលីដាប្រកបដោយចីរភាព។
បើតាមការអះអាងរបស់លោកស្រី ម៉ារ អមរា ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ីបាននិងកំពុងជួញដូរយ៉ាងសកម្មនៅលើផ្សារមូលបត្រកម្ពុជា ដែលមានតម្លៃជួញដូរប្រមាណ៨០% នៃតម្លៃជួញដូរសរុប។ ទន្ទឹមនឹងនេះ អេស៊ីលីដាក៏កំពុងខិតខំប្រឹងប្រែងលើដំណើរការបែងចែកភាគលាភដល់ភាគហ៊ុនិករបស់ខ្លួនស្របតាមបទប្បញ្ញត្តិប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារ អេស៊ីលីដា ធនាគារនេះនឹងបែងចែកភាគលាភជូនភាគហ៊ុនិកសម្រាប់ប្រាក់ចំណេញឆ្នាំ២០២១ជាមួយទំហំទឹកប្រាក់ជាង២៣៧ពាន់លានរៀល ឬប្រមាណជាង៥៨លានដុល្លារអាមេរិក។ ការទូទាត់ភាគលាភនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៧ ខែមិថុនា ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ។
ធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ភាគហ៊ុនិកដែលមានសិទ្ធិទទួលបានភាគលាភរួមមានភាគហ៊ុនិកដែលមានឈ្មោះនៅក្នុងបញ្ជីភាគហ៊ុនិកកាលពីថ្ងៃទី៦ ឧសភា និងភាគហ៊ុនិកដែលលក់មូលបត្រកម្មសិទ្ធិរបស់ខ្លួនកាលពីថ្ងៃទី៥ ឧសភា ឆ្នាំ២០២២។ ប៉ុន្តែភាគហ៊ុនិកដែលទិញមូលបត្រកម្មសិទ្ធិកាលពីថ្ងៃទី៥ ឧសភា មិនមានសិទ្ធិទទួលភាគលាភនោះទេ៕