ធនាគារ ABA លក់មូលបត្រ​បំណុល

ធនាគារ ABA ទទួលបានកាអនុម័តឲ្យបោះផ្សាយមូលបត្របំណុលតម្លៃជាង ៣២លានដុល្លារ


ធនាគារវឌ្ឍនៈ អាស៊ី ចំាកាត់ ហៅកាត់ថា ABA ទទួលបានការអនុម័តលើ សំណើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈហើយ ពីគណៈកម្មការមូលបត្រកម្ពុជា។ មូលបត្របំណុល ដែលធនាគារ ABA គ្រោងនឹងបោះផ្សាយនោះ គឺមានទំហំទឹកប្រាក់សរុប ១២៨ ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣២លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសរបស់ គណៈកម្មការមូលបត្រកម្ពុជា។
ធនាគារ ABA ប្រកាសបោះផ្សាយលក់មូលបត្របំណុល ទំហំ ២៥ លានដុល្លារអាមេរិក (រូបភាព ពីគេហទំព័រ ABA Bank))
ដោយ

មូលបត្របំណុល​របស់​ធនាគារ ABA ជាប្រភេទ​សញ្ញា​បណ្ណ​ធម្មតា​គ្មានវត្ថុ​ធានា ដែលមាន​អត្រាគូប៉ុង​ ឬហៅថាការប្រាក់​ប្រចាំឆ្នាំ ចន្លោះពី ៧% ទៅ ៧.៧៥% ក្នុងមួយឆ្នាំ ហើយមូលបត្រ​នេះ មានតម្លៃ​ចារឹក​ក្នុងមួយ​ឯកតា ១សែនរៀល និងមាន​រយៈពេល ៣ឆ្នាំ។ នេះបើតាម​ការ​បញ្ជាក់​ពីគណៈកម្មការ​មូលបត្រ​កម្ពុជា។

អ្នកនាង គឹម សុផានីតា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ​ទីផ្សារនៃ ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា បានឲ្យដឹង​ថា ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា មិនទាន់ទទួល​បានការ​ជូនដំណឹង​ពីធនាគារ​ ABA​ អំពីកាល​បរិច្ឆេទ​ចុះបញ្ជីជា​ផ្លូវការ នៅឡើយទេ។ ប៉ុន្តែបើតាម​ពិនិត្យ​មើលទៅ បន្ទាប់ពីទទួល​បានការ​អនុម័តពី គណៈកម្មការ​មូលបត្រ​កម្ពុជា ធនាគារនេះ គួរតែ​អាចរៀប​ចំនីតិ​វិធីអនុញ្ញាត ឲ្យ​ចុះឈ្មោះទិញ​មូលបត្រ​បំណុល ក្នុងពេល​ឆាប់ៗ។ ក្រោយ​ពេលនីតិវិធី​ចុះឈ្មោះ​ទិញរួចរាល់ ការចុះបញ្ជី​មូលបត្រ​ជាផ្លូវការ​នៅ ផ្សារមូលបត្រ​កម្ពុជា នឹងអាច​ធ្វើបាន​ក្នុងរយៈពេល ​១សប្តាហ៍។

អ្នកនាង បញ្ជាក់ថា ការឈាន​ជើងចូលផ្សារ​ហ៊ុន​របស់ ABA នេះ គឺជារបត់​ដ៏សំខាន់​នៃ ការវិវត្ត​នៃទីផ្សារ​មូលធន​នៅកម្ពុជា ព្រោះនេះគឺជា វត្តមាន​លើកដំបូង​នៃធនាគារ​ពាណិជ្ជ ហើយក៏ជា​ធនាគារ​លំដាប់ធំ​បំផុត​មួយ នៅប្រទេស​កម្ពុជា ដែលជ្រើសរើស​ការប្រមូល​ដើមទុន​ជាសាធារណៈ តាមរយៈ​ទីផ្សារមូលបត្រ​នៅកម្ពុជា។

អ្នកនាង បន្តថា ការបោះផ្សាយមូលបត្រ​បំណុល​របស់ស្ថាប័ន​មកពី វិស័យ​ហិរញ្ញវត្ថុ នឹងផ្តល់នូវ​ជម្រើស​ផលិតផល​វិនិយោគថ្មី​មួយ​បន្ថែមទៀត ដល់ប្រជាពលរដ្ឋ​កម្ពុជា រីឯចំពោះ​អត្ថប្រយោជន៍​របស់ ស្ថាប័នហិរញ្ញ​វត្ថុផ្ទាល់ គឺមាន​ជម្រើស​បន្ថែម​ក្នុងការ​ទទួល​បានដើមទុន ដើម្បីពង្រីក​អាជីវកម្ម បន្ថែម​ពីលើការ​ទទួល​ប្រាក់​បញ្ញើពី​អតិថិជន និងកម្ចី​ពីធនាគារ​បរទេស ដែលនេះអាច​ជាជម្រើស​យុទ្ធសាស្រ្តមួយ ក្នុងការ​ប្រមូលទុន ដោយមិន​បាត់បង់​ចំណែក​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន។

គួរជម្រាបដែរថា ធនាគារ​ ABA នឹងក្លាយ​ជាស្ថាប័ន​ហិរញ្ញវត្ថុទី ៣ ហើយ ដែលមាន​បោះផ្សាយ​លក់មូលបត្រ​បំណុល នៅលើ ផ្សារមូល​បត្រកម្ពុជា បន្ទាប់ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថាកសិករ បានប្រកាស​បោះផ្សាយ​លក់មូលបត្រ​បំណុល​ប្រមាណ ៣០ លានដុល្លារ​អាមេរិក និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ LOLC បានបោះផ្សាយ​លក់មូលបត្រ​បំណុល​ប្រមាណ ២០ លានដុល្លារ​អាមេរិក។

បើតាមការបញ្ជាក់ ពីធនាគារ ABA ​ទឹកប្រាក់ ដែលបាន​មកពីការ​បោះផ្សាយ​លក់មូលបត្រ​បំណុលនេះ នឹងត្រូវយក​ទៅប្រើសម្រាប់​ការ​ចំណាយ​លើប្រតិបត្តិការ ក៏ដូចជា ​ការបង្កើន​ចំនួន​ប្រាក់កម្ចី សម្រាប់​អាជីវកម្ម ដែលនឹង​គាំទ្រ ដល់អាជីវកម្ម​ខ្នាតតូច​បំផុត សហគ្រាស​ធុនតូច និងមធ្យម ដែលរួម​មានសហគ្រិន​ស្ត្រីនៅ​កម្ពុជាផងដែរ។

ជាមួយនេះ ក្រុមហ៊ុន SBI Royal Securities ​ត្រូវបាន​ធនាគារ ABA  ជ្រើសយក​ជាទីប្រឹក្សា​ហិរញ្ញវត្ថុ និងក្រុមហ៊ុន​ធានាទិញ​មូលបត្រ​តែមួយគត់​សម្រាប់ការ​បោះផ្សាយនេះ។

សូមបញ្ជាក់ថា គិតត្រឹម​ដំណាច់​ខែឧសភា ឆ្នាំ ២០១៩នេះ ទ្រព្យ​សកម្ម​របស់ធនាគារ​ ABA មាន​ចំនួនជាង ៣.៣០០ លាន​ដុល្លារអាមេរិក ដែលធ្វើឲ្យ​ធនាគារ​មួយនេះ ក្លាយជា​ធនាគារ​ធំទី ៣ នៅក្នុង​ប្រទេស​កម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូលពន្ធគយ និងពន្ធដារ សម្រេចបានប្រមាណ ៣ពាន់លានដុល្លារ នៅពាក់កណ្ដាលឆ្នាំ ២០១៩

ព័ត៌មាន
ចំណូលពន្ធ​ប្រមាណ ៣ពាន់លានដុល្លារអាមេរិក ត្រូវបានស្ថាប័នប្រមូលចំណូលជាតិចំនួន គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន…

ទីបំផុត Huawei សម្រេចចិត្តទាំងលំបាកបំផុត ដើម្បីកាត់បន្ថយបុគ្គលិក ៦០០នាក់ ធ្វើការនៅអាមេរិក

ព័ត៌មាន
ក្រុមហ៊ុន Huawei បានសម្រេចកាត់បន្ថយ បុគ្គលិកចំនួន ៦០០នាក់ ដែលកំពុងធ្វើការនៅក្នុង សហរដ្ឋអាមេរិក ដែលស្មើនឹង ២ភាគ៣ ទៅហើយ នៃចំនួនបុគ្គលិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ