សមាជិកព្រឹទ្ធសភាអាម៉េរិកមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណៈរដ្ឋមួយចំនួនបានរិះគន់កិច្ចព្រមព្រៀងលក់ភាគហ៊ុនក្រុមហ៊ុនដែក U.S. Steel នៅសប្តាហ៍នេះទៅឱ្យក្រុមហ៊ុនដែលរបស់ជប៉ុន Nippon Steel ដោយលើកឡើងពីក្តីកង្វល់សន្តិសុខជាតិ និងចោទជាសំណួរអំពីមូលហេតុ ដែលក្រុមហ៊ុនទាំងពីរមិនពិគ្រោះជាមួយសហជីពសំខាន់របស់ក្រុមហ៊ុន US Steel នៅមុនការប្រកាសលក់។ ជុំវិញបញ្ហានេះ លោក Brian Deese ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមានក្រោមរដ្ឋបាលលោក ចូ បៃដិន ក៏បានលើកឡើងពីការព្រួយបារម្ភស្រដៀងគ្នានេះដែរ។
លោក Brian Deese បាននិយាយនៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនលោក បៃដិន សម្រាប់ឆ្នាំក្រោយកាលពីថ្ងៃពុធថា វាគឺជាការព្រួយបារម្ភ ហើយការប្រកាស ក៏បានចោទជាបញ្ហា ដែលរដ្ឋបាលអាម៉េរិកគួរតែពិនិត្យឲ្យបានដិតដល់។ លោកថា ការប្រកាសលក់នេះពិតជាបំផុសឱ្យមានការព្រួយបារម្ភជាក់ស្តែង និងផ្លូវច្បាប់។
គួរជម្រាបថា ក្រុមហ៊ុនដែក Nippon បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងទិញក្រុមហ៊ុនដែកថែបអាម៉េរិក US Steel ដែលមានមូលដ្ឋាននៅទីក្រុង Pittsburgh ក្នុងតម្លៃជិត១៥ពាន់លានដុល្លារ ដោយយកឈ្នះលើការដេញថ្លៃជាមួយគូប្រជែងផ្សេងទៀត ដូចជា Cleveland-Cliffs ArcelorMittal និងក្រុមហ៊ុន Nucor។
ក្រោយការប្រកាសនេះ សេតវិមានមិនបាននិយាយអ្វីទាំងអស់អំពីកិច្ចព្រមព្រៀងនេះ ដោយគ្រាន់តែនិយាយថា អាចមានការត្រួតពិនិត្យបទប្បញ្ញត្តិដោយគណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាម៉េរិក (CFIUS) និងអាចជាអាជ្ញាធរប្រឆាំងការទុកចិត្តជាដើម។ ខណៈដែលសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Sherrod Brown ដែលជាប្រធានគណៈកម្មាធិការធនាគារព្រឹទ្ធសភាកាលពីថ្ងៃពុធ បានជំរុញឱ្យលោក បៃដិន ស្វែងរកជម្រើសទាំងអស់ ដើម្បីពិនិត្យមើលកិច្ចព្រមព្រៀងទិញលក់របស់ក្រុមហ៊ុនដែកទាំងពីរនោះឡើងវិញ។
ដោយឡែក សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋចំនួនបីរូប កាលពីថ្ងៃអង្គារ ក៏បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី Janet Yellen រារាំងកិច្ចព្រមព្រៀងនេះដែរ ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ។ លោកស្រី យេលែន គឺជាប្រធានគណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាម៉េរិក (CFIUS) ដែលជាភ្នាក់ងារក៏សំខាន់មួយពិនិត្យលើកិច្ចព្រមព្រៀងវិនិយោគបរទេស ដែលអាចមានហានិភ័យលើសន្តិសុខជាតិរបស់អាម៉េរិក។
យ៉ាងណាមិញ យោងតាមលោក Philip Bell ដែលជាប្រធានសមាគមក្រុមហ៊ុនផលិតដែកថែបអាម៉េរិកបាននិយាយថា ជប៉ុនគឺជាសម្ព័ន្ធមិត្តដ៏គួរឱ្យទុកចិត្តរបស់សហរដ្ឋអាម៉េរិក ហើយកិច្ចព្រមព្រៀងនេះហាក់ដូចជាមិនរួមបញ្ចូលគ្នានូវការគ្រប់គ្រងការជីកយករ៉ែដែក ឬការផលិតដែកថែបរថយន្តក្រោមក្រុមហ៊ុនតែមួយនោះទេ ខណៈក្រុមហ៊ុនដែករបស់អាម៉េរិក Cleveland-Cliffs បានស្នើទិញភាគហ៊ុនរបស់ក្រុមហ៊ុនដែក US Steel មួយផ្នែកដែរកាលពីដើមឆ្នាំនេះ៕