ការកើនឡើងតម្រូវការអគ្គិសនី ស្របពេលតំបន់ទាំងមូលកំពុងប្រឈមមុខនឹងវិបត្តិសន្តិសុខថាមពល និងការប្តេជ្ញាចិត្តកាត់បន្ថយការប្រែប្រួលអាកាសធាតុ បានជំរុញឱ្យផែនការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែ ដែលត្រូវបានបង្កកជាយូរមកហើយនោះហាក់ចាប់ផ្តើមកម្រើកឡើងវិញ។ រដ្ឋាភិបាលនានានៅតំបន់អាស៊ីអាគ្នេយ៍ កំពុងតម្រង់ទិសដៅឡើងវិញលើថាមពលនុយក្លេអ៊ែ ស្របពេលមានការកើនឡើងនូវការប្រើប្រាស់អគ្គិសនី ដែលបណ្តាលមកពីកំណើនរោងចក្រឧស្សាហកម្ម ការហក់ឡើងនៃយានយន្តអគ្គិសនី (EV) និងការសម្រុកបង្កើតមជ្ឈមណ្ឌលទិន្នន័យ ខណៈប្រទេសទាំងនោះត្រូវសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូនិកនៅក្នុងបរិយាកាស។
ទោះបីជាបច្ចុប្បន្នគ្មានប្រទេសណាមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ មានរោងចក្រនុយក្លេអ៊ែដំណើរការក្នុងលក្ខណៈពាណិជ្ជកម្មនៅឡើយក្តី ប៉ុន្តែរដ្ឋជាសមាជិកមួយចំនួនកំពុងប្រឹងប្រែងពន្លឿនការអភិវឌ្ឍគម្រោងដែលធ្លាប់តែបោះបង់ចោលឡើងវិញ។ ជាក់ស្តែង វៀតណាម បន្ទាប់ពីបានលុបចោលគម្រោងសាងសង់រោងចក្រអគ្គិសនីនុយក្លេអ៊ែចំនួន២ទីតាំងកម្លាំង៤,០០០មេហ្គាវ៉ាត់ កាលពីឆ្នាំ២០១៦ តែកាលពីថ្ងៃទី៨ ខែកញ្ញា កន្លងទៅ ក្រុមហ៊ុនរដ្ឋ Petrovietnam និងក្រុមហ៊ុន KEPCO របស់កូរ៉េខាងត្បូងបានព្រមព្រៀងគ្នាស្តារ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលនុយក្លេអ៊ែនេះឡើងវិញ។
ជាមួយគ្នានេះ រដ្ឋាភិបាលសិង្ហបុរី កំពុងបង្កើនការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅលើបច្ចេកវិទ្យារ៉េអាក់ទ័រម៉ូឌុលខ្នាតតូច ដើម្បីធានាការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាព។ ចំណែកប្រទេសឥណ្ឌូណេស៊ីឯណោះវិញបានដាក់ចេញផែនការបង្កើតរោងចក្រផលិតថាមពលនុយក្លេអ៊ែជំហានដំបូងចំនួន៥០០មេហ្គាវ៉ាត់ ដោយកំណត់គោលដៅដាក់ឱ្យដំណើរការនៅឆ្នាំ២០៣២។ យ៉ាងណាមិញហ្វីលីពីនកំពុងរុញច្រានយ៉ាងសកម្មនូវផែនការបង្កើតរោងចក្រផលិតថាមពលនុយក្លេអ៊ែដំបូងគេកម្លាំងរហូតដល់១,២០០មេហ្គាវ៉ាត់។
ការងាកមកផ្តោតលើថាមពលដើរដោយនុយក្លេអ៊ែសាជាថ្មីនេះ សបញ្ជាក់ឱ្យឃើញថា ថាមពលនុយក្លេអ៊ែកំពុងក្លាយជាសសរទ្រូងយុទ្ធសាស្ត្រថ្មីមួយក្នុងការធានាស្ថិរភាពសេដ្ឋកិច្ច និងថាមពលសម្រាប់អាស៊ីអាគ្នេយ៍នាពេលអនាគត៕
ដោយៈ សរ សុជាតិ