នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក Masatsugu Asakawa បាននិយាយយ៉ាងដូច្នេះ ថា "ជំនួយនេះនឹងជួយរដ្ឋាភិបាល[កម្ពុជា] កាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើផ្នែកសុខាភិបាល សង្គម និងសេដ្ឋកិច្ច ដែលបណ្ដាលមកពីជំងឺឆ្លងរាតត្បាត [កូវីដ១៩] ។"
ប្រធាន ADB ដដែល បានបន្ដថា "កម្ពុជាមានប្រវត្តិគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចបានល្អ ប៉ុន្តែ ជំងឺកូវីដ១៩បានគំរាមកំហែងធ្វើឲ្យអន្តរាយដល់វឌ្ឍនភាពក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេស ក្នុងចំណោមក្រុមប្រជាពលរដ្ឋដែលងាយរងគ្រោះ ដូចជា ស្ត្រី និងពលករចំណាកស្រុក ។ កម្ចីនេះ ជាផ្នែកនៃផែនការសហប្រតិបត្តិការយូរអង្វែងរបស់ ADB ដែលផ្ដោតលើការជួយគាំទ្រដល់ការធ្វើឲ្យរើបឡើងវិញផ្នែកសេដ្ឋកិច្ច និងនិរន្តរភាពសារពើពន្ធរបស់កម្ពុជា" ។
ប្រទេសកម្ពុជាមានកម្រិតងាយរងគ្រោះខ្ពស់ ពីផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ១៩ ដោយសារតែសេដ្ឋកិច្ចបើកចំហរបស់ខ្លួន មូលដ្ឋានសេដ្ឋកិច្ចតូចចង្អៀត និងប្រជាជនដែលមានលក្ខណៈចល័តខ្ពស់ ។
នៅឆ្នាំ២០២០នេះ ធនាគារពិភពលោករំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះដល់ដក ៥,៥% ដោយសារតែការធ្លាក់ចុះនៃវិស័យទេសចរណ៍ ការថមថយនៃការនាំចេញសម្លៀកបំពាក់កាត់ដេរ ស្បែកជើង និងទំនិញទេសចរណ៍ ព្រមទាំងការថមថយសន្ទុះនៃសកម្មភាពក្នុងវិស័យសំណង់ ។
ការធ្លាក់ចុះនៃសេដ្ឋកិច្ចនេះ អាចនឹងរុញច្រានប្រជាជន ១,៣លាននាក់បន្ថែមទៀត ឲ្យធ្លាក់ទៅក្នុងភាពក្រីក្រ ។
កាលពីខែមីនា កម្ពុជាបានដាក់ចេញនូវវិធានការឆ្លើយតបជំងឺកូវីដ១៩ ដោយប្រើប្រាស់កញ្ចប់ថវិកាសរុប ជាង ៨០០លានដុល្លារអាមេរិក ឬស្មើនឹង ៣,២% នៃ GDP សរុបដែលរំពឹងទុកនៅឆ្នាំ២០២០ ។ កញ្ចប់ថវិកាទាំងនេះ រួមបញ្ចូលទាំងការគាំទ្រដល់ប្រព័ន្ធសុខាភិបាលដើម្បីត្រៀមលក្ខណៈសម្រាប់ការកើនឡើងនៃករណីឆ្លងកូវីដ១៩ និងការឧបត្ថម្ភទៅដល់កម្មករនិងសហគ្រាសនានា ក្នុងនោះរួមទាំងការចាក់បញ្ចូលដើមទុន ១៥០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្ចីធនាគារដែលផ្ដល់ទៅឲ្យអាជីវកម្មខ្នាតតូចនិងមធ្យម ។
កញ្ចប់ថវិកានេះដែរ ក៏រួមបញ្ចូលនូវថវិកា ៣០០លានដុល្លារអាមេរិក សម្រាប់ការផ្ដល់ជំនួយជាប្រាក់សុទ្ធទៅឲ្យដល់ប្រជាជនក្រីក្រ និងគ្រួសារងាយរងគ្រោះ ដែលមាននៅក្នុងប្រព័ន្ធទិន្នន័យអ្នកក្ររបស់រដ្ឋាភិបាល ។ ប្រព័ន្ធទិន្នន័យរាប់បញ្ចូលចំនួនគ្រួសារក្រីក្រចំនួន ២,៤លានគ្រួសារ ហើយចំនួននេះត្រូវបានពង្រីកបន្ថែម ដើម្បីរាប់បញ្ចូលទាំងគ្រួសារដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ ផងដែរ ៕