ទោះបីសេដ្ឋកិច្ចបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ និងរងឥទ្ធិពលពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកលយ៉ាងណាក្តី តែធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្តរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យនៅក្នុងកម្រិត៥,៨%ដដែលសម្រាប់ឆ្នាំ២០២៤នេះ និង៦%សម្រាប់ឆ្នាំ២០២៥។
បើតាមការអះអាងរបស់លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ការរក្សាការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាឱ្យនៅដដែលនេះ គឺផ្អែកលើការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គួបផ្សំវិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្តហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេសកំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។ សម្រាប់លោកស្រី ភាពល្អប្រសើររបស់វិស័យដែលជាចលករជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់នេះ កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋានសម្រាប់កំណើនរឹងមាំនៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀតផងដែរ។
ទន្ទឹមនឹងរក្សាការព្យាករកំណើនសេដ្ឋកិច្ច ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ទាបការព្យាករអត្រាអតិផរណារបស់កម្ពុជាពី២% ដែលបានព្យាករពីមុនមកនៅត្រឹម០,៥% នៅក្នុងឆ្នាំ២០២៤ នេះ ក្រោយការធ្លាក់ចុះថ្លៃប្រេង និងការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារនៅក្នុងឆមាសទី១ឆ្នាំនេះ។ ADB បានគូសបញ្ជាក់ថា ការបន្ទាបការព្យាករអត្រាអតិផរណានេះ វាបានឆ្លុះបញ្ចាំងពីការថយចុះថ្លៃទំនិញ និងសេវាទាក់ទឹននឹងប្រេងឥន្ធនៈរួមជាមួយនឹងការថយចុះនៃថ្លៃជី ដែលបានគាំទ្រដល់ផលិតកម្មកសិកម្ម ការណ៍នេះនឹងជួយសម្រាលបន្ទុកចំណាយចាំបាច់របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមអ្នកដែលងាយរងគ្រោះបំផុត ដែលបានប្រឈមមុខនឹងបញ្ហានានាក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។
បើតាមធនាគារ ADB កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ បានងើបឡើងវិញប្រមាណជិត១៧%នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ បន្ទាប់ពីបានធ្លាក់ចុះជាង១៨% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ កំណើនការនាំចេញផលិតផលកមន្តសាលដ៏ទៃទៀតបានថយមកត្រឹម១,៣% នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ពីជាង២១% ដែលសម្រេចបានក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ ការនាំចូលសម្ភារៈ និងឧបករណ៍សំណង់បានកើនឡើងជាង២៣% ក្នុងឆមាសទី១ឆ្នាំ២០២៤ ក្រោយមានការជំរុញពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
ទន្ទឹមនឹងនេះ ADB បានព្យាករថា វិស័យកសិកម្មនឹងសម្រេចបានកំណើនក្នុងរង្វង់១,២% នៅឆ្នាំ២០២៤ និង១,៣%នៅឆ្នាំ២០២៥។ វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងកើនឡើង៥,៤%នៅឆ្នាំ២០២៤ មុនថយចុះមកនៅត្រឹម៥,២% នៅឆ្នាំ២០២៥។ ការព្យាករនេះត្រូវបានគាំទ្រដោយការកើនឡើងជាង២២% នៃការមកដល់របស់ភ្ញៀវទេសចរក្នុងឆមាសទី១ ឆ្នាំ២០២៤ ដោយចំនួនភ្ញៀវអន្តរជាតិសរុបបានកើនដល់ជាង៩៤% នៃកម្រិតមុនមានជំងឺរាតត្បាតក្នុងឆមាសទី១ ឆ្នាំ២០១៩។
ធនាគារ ADB បានបន្ថែមថា លំហូរវិនិយោគផ្ទាល់ពីបរទេសបានបន្តកើតមាន បើទោះជាបានថយបន្តិចមកត្រឹម២ពាន់លានដុល្លារក្នុងឆមាសទី១ឆ្នាំ២០២៤ ពី២,១ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លំហូរវិនិយោគនេះ ត្រូវបានគាំទ្រដោយកំណើនទុនទៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ ខណៈដែលលំហូរវិនិយោគទៅក្នុងវិស័យហិរញ្ញវត្ថុ មានការថយចុះគួរឱ្យកត់សម្គាល់ ទំនងជាដោយសារប្រាក់ចំណេញទាបនៃវិស័យធនាគារ។
យ៉ាងណាក៏ដោយ ធនាគារអភិវឌ្ឍន៍អាស៊ី បានសង្កត់ធ្ងន់ថា ការឈានទៅសម្រេចបានកំណើនសេដ្ឋកិច្ចដូចការព្យាកររបស់កម្ពុជាអាចជួបបញ្ហាមួយចំនួនរួមមានកំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកក្នុងប្រទេសធំៗដូចជាចិន អឺរ៉ុប និងសហរដ្ឋអាម៉េរិក បំណុលឯកជនកើនឡើងខ្ពស់ ការប្រែប្រួលថ្លៃប្រេងឥន្ធនៈសកល និងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារអាកាសធាតុ។
គួរជម្រាបថា កាលពីពេលថ្មីៗនេះ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើន ៥,៦% នៅឆ្នាំនេះ ហើយនឹងបន្តកើនឡើងដល់៥,៩%នៅឆ្នាំ២០២៥៕