កំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះ ហាក់ដើរផ្ទុយពីកំណើនរបស់តំបន់អាស៊ី ដែលត្រូវបានបន្ថយការព្យាករកំណើន០,២% ពោលគឺមានមកនៅត្រឹមតែ៥,២% ប៉ុណ្ណោះ នៅឆ្នាំនេះ ដោយសារតែភាពតានតឹងពាណិជ្ជកម្មជាប់រហូត និងកាចុះខ្សោយនៃការវិនិយោគក្នុងស្រុក។
ធនាគារ ADB បានគូសបញ្ជាក់ទៀតថា វៀតណាមសម្រេចបានសន្ទុះកំណើនខ្ពស់លើសការរំពឹងទុកខ្លាំង នៅត្រីមាសទី៣ ឆ្នាំនេះ ដែលអាចនឹងបន្តរហូតដល់ត្រីមាសទី៤ ផងដែរ។
កំណើនសេដ្ឋកិច្ចវៀតណាម បានកើនឡើងដល់ទៅ៧,៣% នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ដែលជាអត្រាមួយខ្ពស់បំផុតមិនធ្លាប់មាននៅរយៈពេល៩ឆ្នាំចុងក្រោយនេះ។
កំណើនដ៏រឹងមាំរបស់សេដ្ឋកិច្ចវៀតណាម
គឺត្រូវបានជំរុញពីក្រោយដោយវិស័យឧស្សាហកម្ម ដែល
វាអាចជួយកាត់បន្ថយការធ្លាក់ចុះ
នៃវិស័យកសិកម្មបាន។ បន្ថែមពីនេះ វិស័យរ៉ែ
ពិសេសគឺធ្យូងថ្ម ក៏មានកំណើនខ្ពស់ផងដែរ។ នេះបើតាមការអះអាងរបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច
និងគោលនយោបាយ។
ត្រូវបានស្រង់សម្ដី ដោយសារព័ត៌មាន Vietnam Express លោក ផាម ដឹ អាញ់ ប្រធានសេដ្ឋវិទូនៃ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ បានឲ្យដឹងថា ចាប់តាំងពី កំណើនឆ្នាំនេះ ពឹងផ្អែកខ្លាំងលើការធ្វើអាជីវកម្មធនធានធម្មជាតិ គេសង្កេតឃើញថា គុណភាពនៃកំណើនបានធ្លាក់ចុះ ហើយវៀតណាមកំពុងប្រឈមមុខនឹងផលប៉ះពាល់បរិស្ថាន ដូចជាការកើនឡើងនៃការបំពុលបរិយាកាសទីក្រុងជាដើម។
អ្នកជំនាញក៏បានព្រមានផងដែរថា ការនាំចេញយឺតអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះផងដែរ។ បើតាមការគូសបញ្ជាក់ ពីអ្នកជំនាញ ការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្ម និងការការពារនិយម បានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញវៀតណាម។ លើសពីនេះទៀត វៀតណាមអាចនឹងថយចុះគោលដៅកំណើនសម្រាប់ឆ្នាំក្រោយដែលអាចរក្សាបាននៅត្រឹមតែប្រមាណ ៦,៥% ទៅ៦,៧% ប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ប្រទេសវៀតណាមនៅឆ្នាំនេះ មានគោលដៅកំណើនសេដ្ឋកិច្ចពី៦,៦% ទៅ៦,៨% បន្ទាប់ពីកាលពីឆ្នាំ ២០១៨មុននេះ វៀតណាមមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ដែលមាន ៧,០៨%៕