យ៉ាងណាមិញអ្នកជំនាញស្នើឱ្យអាជ្ញាធរចុះត្រួតពិនិត្យ និងបង្កើនការបង្ក្រាបលើក្រុមហ៊ុនបើកកន្លែងចាក់ភ្នាល់ល្បែងតាមអនឡាញខុសច្បាប់ទូទាំងប្រទេស ដ្បិតបញ្ហានេះអាចបង្កផលប៉ះពាល់ដល់សង្គម ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។លោក
បណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ការជួលតារា និងបុគ្គលល្បីៗនៅតាមបណ្ដាញសង្គមឱ្យជួយផ្សព្វផ្សាយពីល្បែងស៊ីសង វាជាការអូសទាញមួយដ៏មានប្រសិទ្ធភាព ដែលអាចជំរុញឱ្យពលរដ្ឋ ជាពិសេសយុវជនឱ្យចូលរួមលេងល្បែងកាន់តែច្រើន។ សម្រាប់អ្នកជំនាញរូបនេះ ការរីកដុះដាលល្បែងស៊ីសងខុសច្បាប់មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងអាចបង្កឱ្យមានភាពចលាចល និងអសកម្មនៅក្នុងសង្គម ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយរាជរដ្ឋាភិបាល។ យ៉ាងណាមិញអ្នកជំនាញរូបនេះស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការចុះត្រួតពិនិត្យ និងចាត់វិធានការច្បាប់លើក្រុមហ៊ុនរកស៊ីបើកកន្លែងចាក់ភ្នាល់ល្បែងអនឡាញខុសច្បាប់ទាំងនោះឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា រាល់ល្បែងស៊ីសងតាមអនឡាញទាំងអស់សុទ្ធតែជាល្បែងខុសច្បាប់ ដ្បិតច្បាប់កម្ពុជាមិនអនុញ្ញាតឱ្យផ្តល់អាជ្ញាបណ្ណឱ្យល្បែងប្រភេទនេះនោះទេ។
បើតាមមន្រ្តីជំនាញរូបនេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នឹងជំរុញដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីជួយរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីការបង្រ្កាបល្បែងស៊ីសងឡើងវិញ ដោយសារច្បាប់ដែលរាជរដ្ឋាភិបាលបានអនុម័តកន្លងមក មានកំណត់ទោសទណ្ឌ ឬពិន័យជាប្រាក់តិចពេក ហើយបង្កជាបញ្ហាសតិអារម្មណ៍ដល់អាជីវកម្មល្បែងពាណិជ្ជកម្ម ដែលទទួលបានសិទ្ធិអនុញ្ញាតស្របច្បាប់ពីរដ្ឋាភិបាល។
យោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃ នៅក្នុងខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានចុះប្រតិបត្តិការលើទីតាំងលេងល្បែងភ្នាល់តាមអនឡាញជាច្រើនកន្លែង និងបានឃាត់ខ្លួនអ្នកពាក់ព័ន្ធរាប់សិបនាក់បញ្ជូនទៅតុលាការ។
សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទរាប់ចាប់តាំងពីឡូតូ និងកន្ទុយលេខ និងព្រមានដកតំណែងអភិបាលរាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក ផងដែរ៕
អត្ថបទ៖ បូ ដូឡា