កសិកម្ម-ស្វាយចន្ទី

លោក យ៉ង សាំងកុមារ អំពាវនាវកសិករកុំសម្រុកលក់គ្រាប់ស្វាយចន្ទី ប្រយ័ត្នឈ្មួញបន្ថោកតម្លៃ


ក្នុងរដូវប្រមូលផលស្វាយចន្ទីខាងមុខនេះ គេរំពឹងថា តម្លៃគ្រាប់ស្វាយចន្ទី អាចនឹងហក់ឡើងខ្ពស់ ពីព្រោះ អ្នកបញ្ជាទិញនៅខាង​សហគមន៍​អឺរ៉ុប មានតម្រូវគ្រាប់ស្វាយចន្ទីច្រើន។ ទន្ទឹមគ្នានេះ លោក យ៉ង សាំងកុមារ បណ្ឌិតកសិកម្មដ៏ល្បីឈ្មោះមួយរូប បានអំពាវដល់កសិករដែលដាំស្វាយចន្ទី កុំបង្ខំសម្រុកលក់ស្វាយចន្ទីនៅក្នុងរដូវប្រមូលផល ពីព្រោះ មានឈ្មួញខ្លះ នឹងឆ្លៀតឱកាសបន្ថោកតម្លៃ។
លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម​(រូបថត៖ ហ្វេសប៊ុក Yang Saing Koma)
ដោយ

លោកប្រាប់សារព័ត៌មានខេមបូណូមីសយ៉ាងដូច្នេះថា៖ «ស្ថានភាពតម្លៃស្វាយចន្ទីពីរបីឆ្នាំនេះ គឺល្អប្រសើរ ព្រោះ តម្រូវការស្វាយចន្ទីកើនឡើងខ្ពស់ ជាពិសេស នៅអឺរ៉ុប និងអាមេរិក។ ប្រជាជននៃបណ្តាប្រទេសទាំងនោះ មានការយល់ដឹងច្រើនពីផលប្រយោជន៍ស្វាយចន្ទីដែលជួយដល់សុខភាព។ ប៉ុន្តែ កន្លងមក ពលរដ្ឋយើងងាកទៅដាំម្រេច កៅស៊ូ ទើបធ្វើឲ្យការផ្គត់ផ្គង់ស្វាយចន្ទីខ្វះខាត»។

លោកបន្តថា៖«តម្លៃគ្រាប់ស្វាយចន្ទីមួយគីឡូក្រាម មានតម្លៃជិត២ដុល្លារ តែពេលកន្លងមក មានតម្លៃត្រឹមលើស១ដុល្លារតិចតួចប៉ុណ្ណោះ។ យ៉ាងណា ឲ្យតែរដូវប្រមូលផល អាចធ្លាក់តម្លៃមកវិញ ព្រោះប្រមូលផលច្រើន។ ខ្ញុំសូវអំពាវនាវឲ្យកសិករអ្នកដាំស្វាយចន្ទី ពេលរដូវប្រមូលផល យកល្អកុំនាំគ្នាសម្រុកលក់ គួរប្រមូលទុកសិនទៅ ហើយលក់តិចៗ ដើម្បីកុំឲ្យខូតតម្លៃ ព្រោះគ្រាប់ស្វាយចន្ទី ហាលថ្ងៃរួចទុកបានយូរ»។    

បើតាមអ្នកជំនាញកសិកម្មរូបនេះ ស្វាយចន្ទីដែលជាដំណាំឧស្សាកម្មទីពីរបន្ទាប់ពីកៅស៊ូ ទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា គឺវៀតណាម ពីព្រោះ វៀតណាមមានរោងចក្រដែលមានសមត្ថភាពកែច្នៃរាប់លានតោន ខណៈកម្ពុជាមិនមានរោងចក្រកែច្នៃស្វាយចន្ទីនោះឡើយ ដោយរង់ចាំតែលក់គ្រាប់ស្វាយចន្ទីឆៅឲ្យបរទេស។ លោកបន្ថែមថា ក្រៅពីកម្ពុជា វៀតណាម ក៏នាំចូលគ្រាប់ស្វាយចន្ទីពីប្រទេសឥណ្ឌា និងអាហ្វ្រិច ដើម្បីធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីទៅលក់នៅទីផ្សារអឺរ៉ុប និងអាមេរិក។

ទាក់ទងនឹងតម្លៃស្វាយចន្ទីឡើងថ្លៃនេះដែរ កាលពីពេលកន្លងមក សមាគមគ្រាប់ស្វាយចន្ទីវៀតណាម បានសម្រេចផ្ដល់ទឹកប្រាក់ប្រមាណ ១,៥​​​​​​ពាន់​​​លានដុង ឬស្មើនឹងប្រមាណ ៦៦,០០០ដុល្លារអាមេរិក មកឲ្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទកម្ពុជា ដើម្បីបង្កើនការដាំដុះដំណាំស្វាយ​​​​ចន្ទី ឲ្យបាន១លានដើម នៅលើផ្ទៃដីប្រមាណ៥០ម៉ឺនហិកតា ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២២ខាងមុខ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Vietnam News កាលពីពេលថ្មីៗនេះ។

ជុំវិញដំណាំស្វាយចន្ទីនេះ ឯកឧត្តម ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញថា ដោយសារតែការប្រែប្រួលនៃតម្លៃផ្សារ​​​ និង កម្សោយនៃការគ្រប់គ្រងរបស់កសិករ បានធ្វើឲ្យផ្ទៃដីដាំដុះស្វាយចន្ទីនៅពីរបីឆ្នាំចុងក្រោយនេះ បានថយចុះ ពី ៣០ម៉ឺនហិកតា ក្នុងឆ្នាំ​២០១៤​​ មកនៅត្រឹមតែ ១០ម៉ឺនហិកតាប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៧នេះ កម្ពុជាបានប្រមូលផលគ្រាប់ស្វាយចន្ទីបានប្រមាណជាង ១០ម៉ឺនតោនដែលភាគច្រើនវៀតណាមជាទីផ្សារធំបំផុតរបស់កម្ពុជា ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីដែលមិនទាន់កែច្នៃ។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម ដែលបង្ហាញថា ខេត្តចំនួន២២ ដែលបានដាំដុះដំណាំស្វាយចន្ទី រួមមាន៖ ខេត្តកំពង់ធំជាប់លេខមួយក្នុងការដាំដុះដំណាំស្វាយចន្ទីដោយបានប្រមូលផលបាន ៣០២៦៦,៥តោន ខណៈខេត្តសម្បូរចម្ការស្វាយចន្ទីបន្ទាប់ទៀត គឺខេត្តកំពង់ចាម ដែលទទួលផល ១៩១៥០,៨តោន រីឯខេត្តរតនគិរី ទទួលបានទិន្នផល ១៧ ៤០៩ តោន និងមានខេត្តត្បូងឃ្មុំ សៀមរាប និងខេត្តបន្តបន្ទាប់ទៀត៕    

None



អត្ថបទបន្ទាប់


ម្ចាស់​ចម្ការ​ស្វាយ​ចន្ទី​មាន​ទឹក​មាត់​លេប​វិញ​ហើយ! ខណៈ​ដែល​ទីផ្សារ​នៅ​ឆ្នាំ​នេះ​ហាក់​មាន​ពន្លឺ​ប្រសើរ​ជាង​មុន

ការ​ប្រមូល​ផល​គ្រាប់​ស្វាយចន្ទី នៅ​ឆ្នាំ​នេះ កាន់តែ​កៀក​ខិត​ចូល​មក​ដល់​ហើយ ពោលគឺ​នៅ​ចន្លោះ​ខែ​ធ្នូ​ដល់​ខែ​មេសា ស្រប​គ្នា​នេះ​ដែរ ទីផ្ស…

ឧកញ៉ា កែវ មុំ សហការជាមួយវិនិយោគិនជប៉ុន ពង្រីករោងចក្រនំស្រួយលីលី

ឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុន លីលី ផលិតនំស្រួយ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមហ៊ុនរបស់ខ្លួន កំពុងសហការជាមួយ វិនិយោគិនជប៉ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ