យោងតាមទីភ្នាក់ងារព័ត៌មាន Nikkei Asia ចេញផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា សម្ព័ន្ធក្រុមហ៊ុន Aeon Group កំពុងបង្កើនការវិនិយោគយ៉ាងខ្លាំងក្លានៅវៀតណាម ដោយសារសម្លឹងឃើញសក្តានុពលកំណើនដ៏មហិមា នៃវិស័យលក់រាយបែបទំនើប។ ក្រុមហ៊ុនលក់រាយធំបំផុតរបស់ជប៉ុនមួយនេះបានត្រៀមបម្រុងដើមទុនរហូតដល់៦០% សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីចាក់បញ្ចូលទៅក្នុងទីផ្សារវៀតណាម ព្រមទាំងដាក់ចេញផែនការយុទ្ធសាស្ត្រពង្រីកបណ្តាញផ្សារទំនើប និងផ្សារលក់រាយតូចៗ MaxValu ឱ្យបាន៣០០ទីតាំង នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០៣១។
បន្ថែមលើនេះ Aeon បានកំណត់យកវៀតណាម ជាចលករដើរតួសំខាន់ក្នុងផែនការកំណើនអាជីវកម្មរបស់ខ្លួននាពេលអនាគត ដោយរំពឹងប្រមូលប្រាក់ចំណូលប្រតិបត្តិការបានលើស៣០០ពាន់លានយ៉េន ឬប្រមាណ១,៩ពាន់លានដុល្លារនៅឆ្នាំសារពើពន្ធ២០៣០។ តួលេខនេះកើនឡើងរហូតដល់២,៥ដង បើធៀបនឹងកម្រិតព្យាករសម្រាប់ឆ្នាំសារពើពន្ធ២០២៦។
ភាពទាក់ទាញរបស់ទីផ្សារវៀតណាម កើតចេញពីទំហំប្រជាជនដ៏ច្រើន រចនាសម្ព័ន្ធប្រជាជនវ័យក្មេង និងកម្រិតប្រាក់ចំណូលប្រជាជន ដែលកំពុងហក់ឡើងខ្ពស់។ មិនត្រឹមតែវិស័យលក់រាយប៉ុណ្ណោះទេ Aeon ថែមទាំងត្រៀមដាក់ឱ្យដំណើរការសេវាកម្មហិរញ្ញវត្ថុនៅឆ្នាំ២០២៧ ខាងមុខ ដោយកំណត់គោលដៅស្រូបទាញអតិថិជនឱ្យបាន២០លាននាក់ចូលក្នុងប្រព័ន្ធអេកូឡូស៊ីអាជីវកម្មរបស់ខ្លួននៅត្រឹមឆ្នាំសារពើពន្ធ២០៣០។
តាមរយៈយុទ្ធសាស្ត្រវាយលុកជុំទិសនេះ Aeon មិនត្រឹមតែចាត់ទុកវៀតណាម ជាទីផ្សារលក់រាយស្នូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ប្រទេសនេះឱ្យក្លាយជាមជ្ឈមណ្ឌលផលិត និងនាំចេញ ព្រមទាំងជា មជ្ឈមណ្ឌលអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីសេវាកម្ម សម្រាប់សម្ព័ន្ធក្រុមហ៊ុនទាំងមូលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទៀតផង។
យោងតាមទិន្នន័យពីធនាគារពិភពលោក ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗរបស់វៀតណាម បានកើនឡើងដល់៥,០៦៦ដុល្លារកាលពីឆ្នាំមុន ដែលជាកំណើនស្ទុះឡើងជិត៧ដងក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។ ទោះជាយ៉ាងណា អត្រានៃការប្រើប្រាស់សេវាកម្មលក់រាយបែបទំនើបនៅទូទាំងប្រទេសវៀតណាម បច្ចុប្បន្ននៅមានកម្រិតទាបជាង២០% ហើយនៅទីក្រុងធំៗដូចជា ហាណូយ និងហូជីមិញ មានត្រឹមតែប្រហែល៣០%ប៉ុណ្ណោះ ដែលតួលេខនេះនៅទាបជាងឆ្ងាយ បើធៀបនឹងប្រទេសម៉ាឡេស៊ី ដែលមានអត្រាគ្របដណ្តប់រហូតដល់ប្រមាណ៥០%៕
អត្ថបទៈ សួន ឡង់ទី