ផ្សារទំនើប អ៊ីអនម៉ល (Aeon Mall) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Aeon គ្រោងនឹងសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូន ទំហំប្រហែល៣ម៉ឺនម៉ែត្រការ៉េ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែ ភាគខាងត្បូងនៃខេត្តព្រះសីហនុ។ មជ្ឈមណ្ឌលនេះ គ្រោងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំសារពើពន្ធ២០២៣ ដោយនឹងផ្តល់ជូននូវទីតាំងស្តុកទំនិញនាំចូល សេវាបង់ប្រាក់គយ ព្រមទាំងជួយគាំទ្រ ដល់ការលក់រាយតាមអ៊ិនធឺណិតឆ្លងព្រំដែនផងដែរ។
បន្ថែមពីលើនេះ កម្ពុជាដែលជាសមាជិកមួយដែរ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ឬហៅកាត់ថា RCEP ក៏កំពុងមានគម្រោងអភិវឌ្ឍន៍ផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចពិសេសនេះ រួមទាំងកំពង់ផែស្វយ័តក្នុងព្រះសីហនុផងដែរ ដើម្បីបម្រើដល់ការធ្វើពាណិជ្ជកម្មដោយសេរី ក្រោមកិច្ចព្រមព្រៀង RCEP ក្រោយបានចូលជាធរមាននៅដើមឆ្នាំនេះ។
គួរជម្រាបថា គម្រោងអភិវឌ្ឍន៍នេះបានទទួលការជួយគាំទ្រពីរដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនហៅកាត់ថា JICA។ ជាក់ស្តែង កាលពាក់កណ្តាលខែធ្នូ ឆ្នា២០២១ កន្លងទៅនេះរដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ហិរញ្ញប្បទាន ឥតសំណងចំនួន ១ ៥០០លានយ៉េន ឬស្មើនឹងប្រមាណ ១៤លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់អនុវត្ត គម្រោងបំពាក់គ្រឿងចក្រ លើកដាក់ទំនិញចល័ត នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។
សូមជម្រាបថា គម្រោងមជ្ឈមណ្ឌលដឹកជញ្ជូននេះផងដែរ ក៏នឹងធ្វើឲ្យកម្ពុជា ក្លាយជាទីតាំងស្តុកទំនិញដ៏សំខាន់ និងដំបូងគេរបស់ Aeon នៅក្នុងតំបន់ ដែលអនុញ្ញាតឲ្យអ្នកនាំចូលពីក្រៅប្រទេស អាចស្តុកទំនិញនៅទីនេះដោយមិនចាំបាច់បង់ថ្លៃកាតព្វកិច្ច មុនពេលឆ្លងកាត់និតិវិធីរបស់អាជ្ញាធរគយ។
ទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬE-Commerce អន្តរជាតិនៅក្នុងតំបន់ក៏កំពុងមានការពង្រីកកាន់តែខ្លាំងឡើងដែរ។ តួយ៉ាង ក្រុមហ៊ុនរកស៊ីក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកយក្សរបស់ចិនគឺ Alibaba Group ក៏បានផ្ដោតការយកចិត្តទុកដាក់មកលើទីផ្សារកម្ពុជាដែរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្រុមហ៊ុនធំៗរបស់ជប៉ុនក៏កំពុងមានផ្ដល់សេវាកម្មជាច្រើននៅកម្ពុជាដែរ។
បន្ទាប់ពីកម្ពុជា ដែលមានមជ្ឈមណ្ឌល និងសេវាកម្មបែបនេះដំបូងរបស់ Aeon នៅក្នុងតំបន់ ក្រុមហ៊ុនជប៉ុននេះ គ្រោងនឹងពង្រីកសេវាកម្មដូចគ្នាទៅកាន់ប្រទេស២ផ្សេងទៀតក្នុងតំបន់អាស៊ាន ដូចជា ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី៕