ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញនៅក្នុងកម្ពុជា មើលឃើញថា បញ្ហាអសន្តិសុខសកលនេះមិនត្រឹមតែរុញច្រានពិភពលោកឱ្យធ្លាក់ក្នុងហានិភ័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចផ្ដល់ឱកាសឱ្យប្រទេសជិតខាងឆ្លៀតឱកាសបំពានច្បាប់អន្តរជាតិ ដែលអាចធ្វើឱ្យរាំងស្ទះដល់ដំណើរការដោះស្រាយវិវាទព្រំដែនរវាងកម្ពុជា និងថៃ ផងដែរ។
ជុំវិញបញ្ហានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានលើកឡើងថា ការសម្រេចចិត្តវាយប្រហាររួមគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ បានរំលោភបំពានយ៉ាងខ្លាំងច្បាស់ក្រឡេតលើច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ជាពិសេសរំលោភលើកិច្ចចរចាដ៏វែងអន្លាយរវាងអ៊ីរ៉ងជាមួយអាម៉េរិក។ លោកបណ្ឌិត ជ័យ តិច បានសង្កត់ថា ការវាយបកគ្នាទៅវិញទៅមកនេះ អាចនឹងរុញច្រានឲ្យពិភពលោកធ្លាក់ចូលទៅរកសង្គ្រាមលោកលើកទី៣ ខណៈនៅតំបន់អឺរ៉ុប និងអាស៊ី ក៏កំពុងមានភាពតានតឹងខ្លាំងដូចគ្នាដែរ។ ស្ថិតក្នុងបរិបទដ៏គ្រោះថ្នាក់នេះ អ្នកតាមដានស្ថានការណ៍ភូមិសាស្ត្រនយោបាយរូបនេះយល់ថា កម្ពុជា ត្រូវត្រៀមលក្ខណៈលើគោលជំហរសំខាន់ៗចំនួន៣ រួមមានរក្សាយន្តការចរចាទ្វេភាគីជាមួយថៃ ឱ្យមានស្ថិរភាព, ធានាស្ថិរភាពពាណិជ្ជកម្ម ដើម្បីទប់ទល់នឹងវិបត្តិសកល និងស្តុកទុកប្រេងឥន្ធនៈ ដើម្បីរក្សាលំនឹងតម្លៃ និងតម្រូវការក្នុងស្រុកជាដើម។
ជាមួយគ្នានេះ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច ក៏បានបង្ហាញក្តីកង្វល់ស្រដៀងគ្នានេះដែរថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា នឹងធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ភ្លាមៗ ព្រោះតំបន់នោះ គឺជាប្រភពផ្គត់ផ្គង់ថាមពលដ៏សំខាន់។ លោកស្រីបានសង្កត់ធ្ងន់ថា កម្ពុជា ត្រូវតែបង្កើនការផលិតស្បៀងអាហារឱ្យបានជាអតិបរមា ដើម្បីត្រៀមបម្រុងក្នុងករណីមានអាសន្ន ឬរងឥទ្ធិពលដោយប្រយោលពីសង្គ្រាមលោក។
គួរបញ្ជាក់ថា ក្រៅពីជម្លោះរវាងអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ពិភពលោក ក៏កំពុងប្រឈមមុខនឹងចំណុចក្ដៅជាច្រើនទៀតដូចជា វិវាទឥណ្ឌា-ប៉ាគីស្ថាន, បញ្ហាចិន-តៃវ៉ាន់-ជប៉ុន និងជម្លោះសមុទ្រចិនខាងត្បូងរវាងចិន និងហ្វីលីពីន។ ភាពរកាំរកូសទាំងអស់នេះ ត្រូវបានអ្នកជំនាញព្រមានថា ជាសញ្ញាណដ៏គ្រោះថ្នាក់ ដែលអាចនាំទៅរកមហាសង្គ្រាម ហើយកម្ពុជា ចាំបាច់ត្រូវតែពង្រឹងសន្តិសុខស្បៀង និងសន្តិសុខជាតិ ឱ្យបានរឹងមាំ៕
អត្ថបទ៖ ជា ម៉ារ៉ា