ប្រទេសថៃ

ឧបនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃថ្លែងថា បេក្ខជននាយករដ្ឋមន្ត្រីជាប់ឆ្នោត លោក ពីតា អាចបាត់បង់សិទ្ធិ ដោយសារជាប់បណ្ដឹងមួយ


ឧបនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃ លោក វីស្សានូ ក្រៀង៉ាម (Wissanu Krea-ngam) បានបង្ហើបឱ្យដឹងកាលពីថ្ងៃពុធ ទី៣១ ខែឧសភាថា បេក្ខជននាយករដ្ឋមន្ត្រីជាប់ឆ្នោត លោក ពីតា លីមចារ៉ឺនរ៉ាត (Pita Limjaroenrat) អាចត្រូវបានដកសិទ្ធិពីតំណែងនាយករដ្ឋមន្ត្រី ដោយសារតែពាក្យបណ្តឹងប្រឆាំងនឹងការកាន់កាប់ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA ។
ឧបនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃថ្លែងថា បេក្ខជននាយករដ្ឋមន្ត្រីជាប់ឆ្នោត លោក ពីតា អាចបាត់បង់សិទ្ធិ ដោយសារជាប់បណ្ដឹងមួយ

ឧបនាយយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលចាំផ្ទះថៃ លោក វីស្សានូ ក្រៀង៉ាម ត្រូវបានស្រង់សម្តីដោយកាសែត Bangkok Post ថា ព័ត៌មានលម្អិតនៃពាក្យបណ្តឹងប្រឆាំងនឹងការកាន់កាប់ភាគហ៊ុនរបស់លោក ពីតា លីមចារ៉ឺនរ៉ាត នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc នឹងក្លាយជាកត្តាសំខាន់ដែលកំណត់សិទ្ធិរបស់បេក្ខជននាយករដ្ឋមន្ត្រីជាប់ឆ្នោតចំពោះតំណែងកំពូលនៃប្រទេសនេះ។

ប្រសិនបើពាក្យបណ្តឹងនេះមានគោលដៅប្រឆាំងនឹងសិទ្ធិស្របច្បាប់សម្រាប់ក្លាយជានាយករដ្ឋមន្ត្រី, លោក ពីតា ក្នុងករណីចាញ់ក្ដី នៅតែអាចធ្វើជាសមាជិកសភា (MP) ទោះបីជាមិនអាចធ្វើជានាយកដ្ឋមន្ត្រីក៏ដោយ ប៉ុន្តែប្រសិនបើពាក្យបណ្ដឹងនេះផ្ដោតលើតំណែងទាំង២នេះ នោះតុលាការនឹងធ្វើការសម្រេចលើករណីទាំង២នេះ។ នេះបើតាមការបញ្ជាក់របស់លោក វីស្សានូ។

លោក ពីតា គឺជាមេដឹកនាំ និងជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់នៃគណបក្សឆ្ពោះទៅមុខ (Move Forward) ដែលបានទទួលជ័យជម្នះដ៏មិននឹកស្មានដល់នៅក្នុងការបោះឆ្នោតសកលនៅប្រទេសថៃកាលពីថ្ងៃទី ១៤ ខែឧសភា។

នៅមុនពេលបោះឆ្នោត លោក រួងក្រៃ លីគិតវ៉ាតាណា (Ruangkrai Leekitwattana) បានដាក់ពាក្យ បណ្តឹងទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត ដោយអះអាងថា លោក ពីតា មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះទេ ត្បិតលោកកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ ដែលជាការបំពានរដ្ឋធម្មនុញ្ញ។ លោក រួងក្រៃ គឺជាបេក្ខជនដែលចុះបញ្ជីជាសមាជិកសភារបស់គណបក្ស ផាឡាង ប្រាឆារ៉ាត ដែលមានទំនាក់ទំនងនឹងយោធា។

មាត្រាទី៩៨នៃរដ្ឋធម្មនុញ្ញថៃបានហាមឃាត់បុគ្គលមិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតរើសសមាជិកសភាតំណាងរាស្ត្រទេ ប្រសិនបើពួកគេជាម្ចាស់ភាគហ៊ុននៃសារព័ត៌មាន ឬក៏អាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ។

យោងតាមបាងកកប៉ុស្តិ៍ លោក វីស្សានូ បាននិយាយថា ពាក្យបណ្តឹងមួយក៏ទំនងជាជំទាស់នឹងការយល់ព្រមឱ្យលោក ពីតា មានសមាជិកភាពនៅក្នុងគណបក្សឆ្ពោះទៅមុខដែរ។ លោក វីស្សានូ បានបញ្ជាក់ថា នៅក្នុងករណីនេះ គេនឹងត្រូវរៀបចំការបោះឆ្នោតសកលទូទាំងប្រទេសជាថ្មីម្ដងទៀត។

កាលពីថ្ងៃទី០៩ ខែឧសភា លោក ពីតា បាននិយាយនៅលើប្រព័ន្ធ Twitter ថា លោកមិនព្រួយបារម្ភអំពីករណីនេះទេ ព្រោះភាគហ៊ុននោះជាចំណែកនៃមូលនិធិមរតកគ្រួសាររបស់លោក។ លោក ពីតា បានសរសេរថា ឋានៈរបស់លោកគឺជាអ្នកគ្រប់គ្រងមូលនិធិ ហើយថា លោកបានពិគ្រោះយោបល់ក៏ដូចជាផ្ដល់ព័ត៌មានអំពីរឿងនេះជូនគណៈកម្មាធិការប្រឆាំងអំពើពុករលួយតាំងពីយូរយាមកហើយ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


សេចក្ដីព្រាងច្បាប់ស្ដីពីកម្រិតបំណុលអាមេរិកឆ្លងផុតសភា ដោយមានការគាំទ្រយ៉ាងទូលំទូលាយពីបក្សទាំងពីរ

ព័ត៌មាន
សភាសហរដ្ឋអាមេរិកបានអនុម័តសេចក្ដីព្រាងច្បាប់ព្យួរកម្រិតបំណុលចំនួន ៣១,៤ ទ្រីលានដុល្លារ របស់ប្រទេសនេះហើយកាលពីថ្ងៃទី ៣១ ឧសភា ដោយមានការគាំទ្…

កម្ពុជាកាត់បន្ថយការពឹងផ្អែកថវិកាពីខាងក្រៅស្ទើរតែទាំងស្រុង លើការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ព័ត៌មាន
កម្ពុជា ជាប្រទេសមានការពឹងផ្អែកខ្លាំងទៅលើប្រភពថវិកាពីខាងក្រៅ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូត៨០% ឯណោះ នាពេលកន្លងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ