ចិនសម្ញែងសាច់ដុំនៃយោធាជើងទឹកនៅច្រកសមុទ្រតៃវ៉ាន់

ចិនសម្ញែងសាច់ដុំនៃកងទ័ពជើងទឹកនៅច្រកសមុទ្រតៃវ៉ាន់ មុនដំណើរទស្សនកិច្ចប្រធានសភាអាមេរិកទៅកាន់កោះតៃវ៉ាន់


យោធាជើងទឹកនៃកងទ័ពរំដោះប្រជាជនចិនបានសម្ញែងកម្លាំង​យោធារបស់ខ្លួន ដោយបានធ្វើសមយុទ្ធរួមទ្រង់ទ្រាយធំមួយនៅក្នុងដែនសមុទ្រនៃខេត្តមួយរបស់ខ្លួនក្បែរកោះតៃវ៉ាន់ ដែលសមយុទ្ធនេះធ្វើឡើងមុនដំណើរទស្សនៈកិច្ចរបស់​​លោកស្រីណេនស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក​​មកកាន់ដែនមួយនេះ។ នេះបើតាម​សេចក្ដីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។​
ចិនសម្ញែងសាច់ដុំនៃកងទ័ពជើងទឹកនៅច្រកសមុទ្រតៃវ៉ាន់ មុនដំណើរទស្សនកិច្ចប្រធានសភាអាមេរិកទៅកាន់កោះតៃវ៉ាន់

ចំពេលដែលទីក្រុងប៉េកាំងព្យាយាមបង្ហាញពីទង្វើមិនប្រក្រតី ដោយធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្បែរច្រកសមុទ្រតៃវ៉ាន់ និងនៅសមុទ្រចិនខាងត្បូងផងនោះ ធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការគិតខុសណាមួយ​នៃយោធា​ចិន និងកងទ័ពអាមេរិក ដែលបាននិងកំពុងឈរជើងនៅតំបន់នោះ អាចបណ្តាលឲ្យមានការប៉ះទង្គិចគ្នា​ផ្នែកយោធា​ដោយជៀសពុំរួច។

មន្រ្តីរដ្ឋបាលនៃដែនសមុទ្រក្នុងខេត្តហ្វូចៀន​ (Fujian) ប្រទេសចិន បាននិយាយថា «សមយុទ្ធ​ក្បែរកោះភីងតាន (Pigtan) នឹងធ្វើឡើងនៅចន្លោះម៉ោង ៨ ព្រឹកដល់ម៉ោង ៩ យប់ ហើយនាវា​ដែលឆ្លងកាត់ទាំងអស់ត្រូវបានហាមឃាត់​មិនឱ្យ​ចូល​ក្នុង​តំបន់នោះទេ។

សូមជម្រាបថា កោះ Pingtan នេះមានចម្ងាយប្រហែល ១២៥ ប៉ុណ្ណោះ ពីឆ្នេរសមុទ្រតៃវ៉ាន់ និងប្រហែល ១៨៥ គីឡូម៉ែត្រពីទីក្រុង Taipei របស់កោះតៃវ៉ាន់។

សមយុទ្ធនេះ​ត្រូវបានប្រកាស​នៅរសៀល​ថ្ងៃព្រហស្បតិ៍ គឺប៉ុន្មានម៉ោងមុន​ពេល​ការសន្ទនាតាមទូរស័ព្ទរវាង​ប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតី​អាមេរិក លោក Joe Biden ដែលជួបពិភាក្សា​គ្នា​ក្នុងគោលបំណងកាត់​បន្ថយ​ភាពតានតឹង​នៅ​កោះតៃវ៉ាន់នេះ។

ក្នុងអំឡុងពេលជំនួបតាមទូរស័ព្ទ​រវាងមេដឹកនាំប្រទេស​មហាអំណាចទាំងពីរនេះដែរ លោក Xi បានប្រាប់លោក Biden ថា សហរដ្ឋអាមេរិកគួរតែជៀស​វាង «កុំប្រែលែងលេងជាមួយភ្លើង»ឲ្យសោះជុំវិញសំណុំរឿងកោះតៃវ៉ាន់។

ក្រៅពីសមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ ទូរទស្សន៍រដ្ឋចិន CCTV បានបញ្ចេញវីដេអូដ៏កម្រមួយនៃការហ្វឹកហាត់បាញ់​គ្រាប់ពិត ដោយនាវាពិឃាត​បំពាក់មីស៊ីល (Type 055 Yanan) របស់ចិននៅ​សមុទ្រចិនខាងត្បូងផងដែរ។

លោកលី ជីនវី (Li Jinwei) ដែលជាប្រធាន​នាវាចម្បាំងបានប្រាប់​ទូរទស្សន៍រដ្ឋចិន CCTV ថា «ការហ្វឹកហ្វឺននេះ គឺផ្តោតលើការអនុវត្តជាក់ស្តែងនៃឧបករណ៍​យោធាថ្មី ដើម្បីបង្កើនប្រសិទ្ធភាព​បញ្ជាការ និងពន្លឿនការបង្កើតសមត្ថភាពប្រយុទ្ធ»។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗ ក្រោយការប្រកាសទាំងមិនច្បាស់លាស់របស់លោកស្រី Pelosi ប្រធានសភាអាមេរិក មកកាន់កោះតៃវ៉ាន់ រួមជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី ទាំងចិន និងអាមេរិកបាននឹងកំពុងបង្កើនកម្លាំងយោធារបស់ពួកគេរៀងៗខ្លួន នៅជុំវិញច្រកសមុទ្រតៃវ៉ាន់។

ជួនជាមួយគ្នានេះដែរ នៅសប្តាហ៍នេះ កងនាវាចរទី ៧ របស់សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងបញ្ជូននាវាផ្ទុកយន្តហោះ (USS Ronald Reagan) ពីកំពង់ផែក្នុងប្រទេសសិង្ហបុរី​ឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូងផងដែរ ដែលមន្ទីរបញ្ចកោណ​អាមេរិកបានបញ្ជាក់ថា ការផ្លាស់ប្តូរទីតាំង​ឈរជើងនេះ គឺជាផ្នែកមួយ​នៃប្រតិបត្តិការ​ដែលបានគ្រោងទុក​តែប៉ុណ្ណោះ។

គួរបន្ថែមថា គម្រោងដំណើរទស្សនៈកិច្ច​របស់លោកស្រី Pelosi នៅតំបន់អាស៊ីក៏ស្របពេលជាមួយ​ខួបនៃការបង្កើតកងទ័ព​រំដោះ​ប្រជាជន​​នៅថ្ងៃចន្ទនេះ​ផងដែរ ដែលជាថ្ងៃរំលឹកដល់តួនាទី​របស់យោធាចិនក្នុងការការពារអធិបតេយ្យភាពជាតិ ឯកភាព និងបូរណភាពទឹកដីនៃប្រទេសចិន៕




អត្ថបទបន្ទាប់


អ៊ុយក្រែនស្នើសុំជំនួយពីអង្គការកាកបាទក្រហម និង UN

ព័ត៌មាន
អ៊ុយក្រែនកាលពីចុងសប្តាហ៍មុននេះបានប្រកាសថា ខ្លួនបានស្នើឱ្យកាកបាទក្រហម និងអង្គការសហប្រជាជាតិ ជួយទាក់ទងទៅកងទ័ពរបស់ខ្លួន ដែលត្រូវបានចាប់ខ្លួ…

យាន្តអាវកាសចិនធ្លាក់ចុះមកផែនដី ប៉ុន្ដែអង្គការណាសាថា ប៉េកាំងលាក់បាំងព័ត៌មាន

ព័ត៌មាន
យាន្តអាវកាសរបស់ចិនបានធ្លាក់ត្រឡប់មកផែនដីវិញកាលពីថ្ងៃសៅរ៍សប្តាហ៍មុន លើមហាសមុទ្រឥណ្ឌា ប៉ុន្តែអង្គការ NASA បាននិយាយថាទីក្រុងប៉េកាំងមិនបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ