
នៅត្រីមាសទី១ ឆ្នាំ២០១៩ខាងមុខនេះ គម្រោងលំនៅដ្ឋានតម្លៃសមរម្យ នៅក្នុងគម្រោងទីក្រុងរណបសិរីមង្គលរបស់ក្រុមហ៊ុន WorldBridge Home សម្រាប់លក់ជូនប្រជាពលរដ្ឋចំណូលទាប និងមធ្យម ពិសេសគឺមន្ត្រីរាជការ នឹងត្រូវសាងសង់រួចរាល់ប្រមាណ ៣០០ ទៅ៤០០ខ្នង នៅដំណាក់កាលដំបូងនេះ សម្រាប់ប្រគល់ជូនអតិថិជនរបស់ខ្លួន។

បើតាមការអះអាងពី លោក យក់ សុធីរិទ្ធ ប្រធានគ្រប់គ្រងទូទៅគម្រោងលំនៅឋានតម្លៃសមរម្យ របស់ក្រុមហ៊ុន WorldBridge Home បានឲ្យ ដឹងថា បច្ចុប្បន្នគម្រោងនេះ កំពុងមានការសាងសង់ជាប់ជានិច្ច និងមិនមានការប្រែប្រួលអ្វីនោះទេ។ បើតាមការកំណត់គោលដៅ របស់ក្រុមហ៊ុន នៅត្រឹមដើមឆ្នាំ ២០២០ ក្រុមហ៊ុននឹងបញ្ចប់ការសាងសង់លំនៅដ្ឋានតម្លៃសមរម្យនេះ ឲ្យបានចប់រួចរាល់ទាំងស្រុងតែម្ដង។
លោក សុធីរិទ្ធ បានបញ្ជាក់ដែរថា បច្ចុប្បន្នគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យនេះ រួចរាល់បានមួយដំណាក់កាលហើយ ទាក់ទងនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវ លូទឹកស្អាត និងកំពុងចាប់ផ្ដើមបុកគ្រឹះសាងសង់ផ្ទះជាបណ្ដើរៗផងដែរ។
នាយកគ្រប់គ្រងគម្រោងរូបនេះ បានឲ្យដឹងទៀតថា គម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះ ត្រូវបានសាងសង់ឡើងដោយមានការយកចិត្តទុកដាក់តាមស្ដង់ដារបច្ចេកទេស និងមានការអភិវឌ្ឍដូចជា សាលារៀន មន្ទីរពេទ្យ និងផ្សារនៅទីនោះផងដែរ។

គម្រោងផ្ទះតម្លៃសមរម្យមួយនេះ បាននិងកំពុងអភិវឌ្ឍនៅលើផ្ទៃដីជាង ២០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ប្រមាណ ៨គីឡូម៉ែត្រ ពីទីក្រុងតាខ្មៅ។
បើតាម ការគូសបញ្ជាក់ពី នាយកគ្រប់គ្រងគម្រោងលំនៅដ្ឋានតម្លៃសមរម្យ លោក យក់ សុធីរិទ្ធ បានឲ្យដឹងថា អ្វីដែលជាលក្ខណៈពិសេសរបស់គម្រោងនេះ គឺវាស្ថិតនៅក្នុងគម្រោងទីក្រុងរណបសិរីមង្គលរបស់ក្រុមហ៊ុន WorldBridge ហើយនៅក្បែរតំបន់នេះ ក៏មានបង្កើតជាកន្លែងបណ្ដុំសហគ្រាសធុនតូច និងមធ្យមមួយនៅទីនោះផងដែរ ដែលវានឹងជួយឲ្យពលរដ្ឋដែលរស់នៅទីនេះ អាចស្វែងរកឱកាសការងារកាន់តែងាយស្រួល។
ពិសេសជាងនេះទៀតនោះ
គឺតំបន់នេះ មានផ្លូវក្រវាត់ក្រុងទី៣ នៅក្បែរនោះ ហើយទីស្នាក់ការខេត្ត
ក៏គ្រោងនឹងរើទីតាំងមកនៅក្បែរតំបន់ទីក្រុងរណបសិរីមង្គលនេះផងដែរ។ ដូច្នេះ
អ្នករស់នៅតំបន់នោះ នឹងចំណេញទាំងផ្នែកសេដ្ឋកិច្ច និងរចនាសម្ព័ន្ធទូទៅគឺមានសព្វគ្រប់ទាំងអស់។
នេះបើតាមការបង្ហើបឲ្យដឹងពី លោក យក់ សុធីរិទ្ធ។


តាមប្រសាសន៍របស់ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់ធ្លាប់បានឲ្យដឹងថា ក្រៅពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងទីក្រុងរណប
ក្រសួងរៀបចំដែនដី ក៏បានគិតគូរអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប
និងមធ្យមបានចំនួនបីទីតាំងបន្ថែមទៀត ស្មើនឹង ៨ពាន់លំនៅដ្ឋាន ហើយតាមការគិតគូរជំរឿនប្រជាសាស្រ្ត
នៅឆ្នាំ ២០៣០ខាងមុខប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៨ លាននាក់នឹងមានតម្រូវការលំនៅដ្ឋានថ្មី
ប្រមាណ ១,១ លានខ្នងបន្ថែមទៀត ខណៈនៅរាជធានីភ្នំពេញ និងទីប្រជុំជនផ្សេងៗ មានតម្រូវការលំនៅដ្ឋាន
៥ម៉ឺនខ្នងក្នុងមួយឆ្នាំ៕
សាកសួរពត័មានបន្ថែមទាក់ទងនឹងគម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះសូមទាក់ទង :
ការិយាល័យលក់ និងផ្ទះគម្រូពិត ៖ Unit Nº- 644B ផ្លូវជាតិលេខ2, ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ070 905 333/ 070 906 333/ 070 907 333/ 089 913 168/ 089 906 168/ 099 999 752/748/751