Advertisement
លំនៅដ្ឋាន​សម្រាប់​អ្នក​ចំណូល​មធ្យម​និង​ទាប

រដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​សង់​លំនៅដ្ឋាន​សម្រាប់​អ្នក​ចំណូល​មធ្យម​និង​ទាប


ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​សាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​កាន់​តែ​ច្រើន ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​និង​មធ្យម ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ផ្តួច​ផ្ដើម​បើក​កិច្ចប្រជុំ​លើ​សេចក្ដី​ព្រាង​ឯកសារ​គោល​នយោបាយ​ស្ដីពី​ការ​លើក​ទឹក​ចិត្ត​និង​ការ​បង្កើត​កម្មវិធី​ជាតិ​ក្នុង​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​ដែល​មាន​ប្រាក់​​ចំណូល​ទាប​និង​មធ្យម។
ផ្ទះ​គំរូ​នៃ​លំនៅដ្ឋាន​សាធារណៈ​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន WorldBridge Land។
ដោយ
Advertisement

ទោះបី​ជា​ការ​ផ្គត់ផ្គង់​លំនៅដ្ឋាន​របស់​វិស័យ​ឯកជន​កំពុង​កើន​ឡើង​ខ្ពស់​ជាង​តម្រូវការ​ក៏​ដោយ ប៉ុន្ដែ រដ្ឋាភិបាល​សង្កេត​ឃើញ​ថា តម្លៃ​លំនៅដ្ឋាន​កាន់តែ​ឡើង​ខ្ពស់​លើស​ពី​កំណើន​ប្រាក់​ចំណូល​របស់​ប្រជាជន ដែល​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​លំនៅដ្ឋាន​នៅ​ទីប្រជុំជន ជាពិសេស គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​និង​ទាប។

យ៉ាង​ណាក៏​ដោយ តាមរយៈ​គោល​នយោបាយ​ថ្មី​នេះ ត្រូវ​បាន​មើល​ឃើញ​ថា នឹង​ក្លាយ​ជា​ឧបករណ៍​ថ្មី​បន្ថែម​ទៀត​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ជួយ​សម្រួល​និង​លើក​កម្ពស់​ជីវភាព​រស់​នៅ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាជន ​ដែល​មាន​កម្រិត​ចំណូល​ទាប​និង​មធ្យម ខណៈ​ដែល​រដ្ឋាភិបាល​នឹង​ផ្ដល់​នូវ​កញ្ចប់​លើក​ទឹក​ចិត្ត​ដល់​វិស័យ​ឯកជន ដើម្បី​សាងសង់​លំនៅដ្ឋាន​ដែល​មាន​តម្លៃ​សមរម្យ​នេះ។

កញ្ចប់​លើក​ទឹក​ចិត្ត​ដែល​នឹង​ផ្ដល់​ឲ្យ​វិស័យ​ឯកជន​នោះ គឺ​មាន​ភាព​ទន់ភ្លន់​និង​បត់បែន​អាស្រ័យ​ទៅ​តាម​គម្រោង​វិនិយោគ​នីមួយៗ ដូចជា៖

ទី១ រាជ​រដ្ឋាភិបាល​ជួយ​កសាង​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តភ្ជាប់​ឆ្ពោះ​ទៅ​តំបន់​អភិវឌ្ឍន៍​លំនៅដ្ឋាន​សមរម្យ ដូចជា ផ្លូវ ទឹក ភ្លើង សាលារៀន និង​មន្ទីរពេទ្យ​ ជាដើម។ល។ 

ទី២ ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ផ្នែក​សារពើពន្ធ អារក និង​កម្រៃ​ផ្សេងៗ ដូចជា ពន្ធ​ប្រថាប់​ត្រា ពន្ធ​លើ​ប្រាក់​ចំណេញ ពន្ធ​លើ​អចលន​ទ្រព្យ អាករ​លើ​តម្លៃ​បន្ថែម និង​ពន្ធ​កាត់​ទុក​ជាដើម។ 

និង​ទី៣ គឺ​និយ័តកម្ម ដោយ​រដ្ឋាភិបាល​នឹង​សម្រួល​នូវ​នីតិ​វិធី ក្នុង​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​សាងសង់ និង​ការ​សម្រួលនូវនីតិ​វិធី​ទទួល​បាន​អាជ្ញាប័ណ្ណ។ 

Advertisement

យ៉ាងណា​ក៏​ដោយ សេចក្ដី​ព្រាង​​ឯកសារ​គោលនយោបាយ​ស្ដីពី​ការ​លើក​ទឹក​ចិត្ត និង​ការ​បង្កើត​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​តម្លៃ​សមរម្យ​នេះ នឹង​ត្រូវ​បនុ្ត​ធ្វើការ​កែលម្អ​ដោយ​ដាក់​បញ្ចូល​មតិ​យោបល់​របស់​អង្គប្រជុំ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ឯកសារ​នេះ​កាន់​តែ​មាន​លក្ខណៈ​ពេញ​លេញ និង​គ្រប់​ជ្រុង​ជ្រោយ មុន​នឹង​បញ្ជូន​សេចក្ដី​ព្រាង​នេះ​ទៅ​ដាក់​ឆ្លង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

​សូម​បញ្ជាក់​ដែរ​ថា គិត​មក​ទល់​ពេល​នេះ គម្រោង​លំនៅដ្ឋាន​សាធារណៈ​ដែល​មាន​តម្លៃ​សមរម្យ ដែល​មាន​ការ​គាំទ្រ និង​សហប្រតិបត្តិការ​ពី​សំណាក់​រាជ​រាដ្ឋាភិបាល តាមរយៈ​ក្រសួង​រៀបចំ​ដែនដី និង​នគរូបនីយកម្ម ​គឺ​ទើប​តែ​មាន​២​គម្រោង​ប៉ុណ្ណោះ ដែល​ទីមួយ​គឺ​ក្រុមហ៊ុន Worldbridge Land និង​ក្រុមហ៊ុន​ទី​២ ជា​គម្រោង​របស់​ក្រុមហ៊ុន ប៊ុនជេស គ្រុប។

បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ទៅ​ដល់​ឆ្នាំ​២០៣០​ខាង​មុខ កម្ពុជា​នឹង​មាន​តម្រូវការ​លំនៅដ្ឋាន​ថ្មីៗ​ជា​មធ្យម​ មាន​ប្រមាណ​ជាង ៨ម៉ឺន​ខ្នង​បន្ថែម​ទៀត​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​មិន​រាប់​បញ្ចូល​កង្វះ​លំនៅដ្ឋាន​នា​ពេល​បច្ចុប្បន្ន​ផង​ទេ៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា ហ៊ុន ឡាក់៖ មុខ​របរ​របស់​ខ្ញុំ​ដំបូង ជា​អ្នក​ទូល​នំ​លក់​តាម​ផ្ទះ!

ព័ត៌មាន
«កើត​មក​ខ្លួន​ទទេ តែ​កុំ​រស់​ដោយ​ខ្លួន​ទទេ! ចាប់​ផ្ដើម​ពី​បាត​ដៃ​ទទេ ទើប​ដឹង​ថា ការ​តស៊ូ​មាន​អត្ថន័យ​សំខាន់​ប៉ុណ្ណា​សម្រាប់​ជីវិ...

២៤​​ខែ​ទៀត កម្ពុជា​នឹង​ទទួល​បាន​តំណក់​ប្រេង​លើក​ដំបូងហើយ?

ព័ត៌មាន
នៅ​ព្រឹក​ថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០១៧ អាច​ចាត់​ទុក​ថា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​ដែល​ប្រទេស​កម្ពុជា​បាន​រំកិល​ខ្លូន​កាន់​តែ​ជិត​ជាមួយ​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ