ជុំវិញនឹងបញ្ហាកម្មកររោងចក្រឆ្លងកូវីដប្រមាណជាង ៤០០នាក់នេះដែរ ត្រូវបាន ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ ខេមបូណូមីសនៅថ្ងៃនេះ ថា ករណីនេះ មិនបានក្លាយជាបញ្ហារាំងស្ទះ ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរនោះទេ។
ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់សារព័ត៌មាន ខេមបូណូមីស តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១៤ ខែតុលា នេះថា ក្រោយកម្មករ-កម្មការិនី ដែលបានត្រឡប់មកពីស្រុកកំណើតយ៉ាងហោចណាស់មានកម្មករ ជាង៤០០នាក់ បានឆ្លងកូវីដ-១៩ ក្នុងចំណោមកម្មករ ប្រមាណ ១៧ម៉ឺននាក់ ដែលបានពិនិត្យតាមគោលការស្ម័គ្រចិត្ត ដែលបានដាក់ចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ឯកឧត្តម ហេង សួរ បានចាត់ទុកថា ករណីកម្មកររោងចក្រមានវិជ្ជមានកូវីដ-១៩ នាពេលនេះ មិនមែន ជាបញ្ហាគួរឱ្យព្រួយបារម្ភនោះទេ។ ក្នុងន័យនេះ រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការងារ រូបនេះ បានសង្កត់ធ្ងន់ដូច្នេះ កម្មករ ៤០០នាក់ មិនអាចឱ្យកម្ពុជា ខ្វះកម្លាំងពលកម្មទេ ព្រោះពួកគាត់ឈឺត្រឹមមួយរយៈពេលប៉ុណ្ណោះ ដូច្នេះ លោកមើលមិនឃើញសោះ ថានេះជាជ្រុងនៃបញ្ហា។
ដោយឡែក លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា បានបញ្ជាក់ប្រាប់ខេមបូណូមីស ដែរថា ករណីវិជ្ជមានលើកម្មកររោងចក្រ មិនបានជះឥទ្ធិពលធ្ងន់ធ្ងរក្នុងវិស័យកាត់ដេរនោះទេ ដោយលោកបានចាត់ទុកថា គឺជារឿងធម្មតា ដែលកម្ពុជា កំពុងជួបនូវបញ្ហារោគរាតត្បាតជាសកលនេះ។ មិនមានការបារម្ភពីបញ្ហានេះ ក៏ព្រោះតែ នៅតាមរោងចក្រនីមួយៗ បានអនុវត្តនូវវិធានសុខាភិបាល យ៉ាងខ្ជាប់ខ្ជួន ហើយកម្មករទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គ្រប់ពីរដូស និង បន្តចាក់ដូសទី៣ ជាបណ្ដើរៗ ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក កាំង ម៉ូនីកា។
ជុំវិញស្ថានភាពនៃវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង នាបច្ចុប្បន្ន ត្រូវបានលោក កាំង ម៉ូនីកា នៅតែមើលឃើញថា មានភាពធន់នៅឡើយ បើទោះបី កម្ពុជា ស្ថិតក្នុងបរិបទនៃវិបតិ្តកូវីដ-១៩ ព្រោះនៅតាមបណ្ដារោងចក្រនីមួយៗ ទទួលបានការបញ្ជាទិញគ្រប់គ្រាន់។ ជាក់ស្ដែង រយៈពេល ៨ខែ ក្នុងឆ្នាំ២០២១ កម្ពុជា បានទទួលចំណូលប្រមាណ ៥ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់ កើនឡើង ៣,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលផ្ដល់ឱ្យសារព័ត៌មានខេមបូណូមីស កន្លងមក៕